ខេត្តមណ្ឌលគិរី៖ នៅថ្ងៃទី២០ ខែសីហាឆ្នាំ២០២៦ក្រោមការបញ្ជាផ្ទាល់របស់លោកសី ទូច អភិបាលស្រុកកោះញែក លោកសាស្លឹម រង អភិបាលរងស្រុកនិងជាប្រធានលេខាធិការដ្ឋាននៃគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក សហការជាមួយខណ្ឌរដ្ឋបាលព្រៃឈើខេត្តដឹកនាំដោយលោក វណ្ណៈ នាយរងខណ្ឌ បានចុះបង្ក្រាបរោងសិប្បកម្មកែច្នៃផល អនុផលព្រៃឈើចំនួន០១ទីតាំងស្ថិតនៅក្នុងភូមិអបួន ឃុំអបួនលើ ស្រុកកោះញែក ខេត្តមណ្ឌលគិរី ដោយចាប់យកវត្ថុតាងល្មើសរួមមានដូចខាងក្រោម៖
១-តាបឈូស ចំនួន០១គ្រឿង
២-ម៉ាស៊ីនគោយន្ត ចំនួន០១គ្រឿង
៣-ឌីណាម៉ូ ចំនួន០១គ្រឿង
៤- ឈើអារប្រភេទលេខ១(សុក្រម)
ចំនួន៣២សន្លឹក(មិនទាន់បានវាស់វែង)។
ក្រុមការងារចុះដល់ទីតាំងរោងសិប្បកម្មទី១ ឃើញមានរោងប្រក់តង់ពណ៌បៃតង កម្ទេចអាចម៍រណារភ្លើងកំពុងឆេះ ក្រៅពីនោះពុំមានឃើញអ្វីនោះទេ។ ក្រុមការងារបានបន្តចុះទៅរោងសិប្បកម្មទី២ឃើញមានរោងប្រក់តង់ឆ្នូតខ្មៅ ស ផ្ទៃមេឃ មានអាចម៍រណារភ្លើងកំពុងឆេះ ក្រៅពីនោះពុំមានឃើញអ្វីនោះទេ។
ផ្អែកតាមនិយាមកាដែលទទួលបានពីសារព័ត៌មាន និងនិយាមកាដែលក្រុមការងារចុះទៅដល់ជាក់ស្តែងគឺពីតជាទីតាំងតែមួយ រូបភាពតែមួយ តែពុំឃើញមានវត្ថុតាងល្មើសច្បាប់ដូចជា តាបឈូសឈើ ឬមាស៊ីន ឬឌីណាម៉ូ ឬឈើសន្លឹកដូចសារព័ត៌មានផ្តល់ជូននោះទេ។
ប្រភពថា យ៉ាងហោចណាស់មានរោងសិប្បកម្មឈើជិត១០កន្លែង នៅក្នុងមូលដ្ឋានស្រុកកោះញែកដែលមានមន្ត្រីរដ្ឋបាលព្រៃឈើម្នាក់ឈ្មោះ ឆន សិរីវុធ នាយសង្កាត់រដ្ឋបាលព្រៃឈើស្រែសង្គម-ណងឃីលី ប្រចាំការនៅទីនោះ ។ ប៉ុន្តែហេតុអ្វីបានជាមន្ត្រីរដ្ឋបាលព្រៃឈើមិនដឹងអំពីបញ្ហាថា មានរោងសិប្បកម្មកែច្នៃឈើយ៉ាងដូច្នេះ? ហេតុអ្វីពេលនេះទើបតែបង្ក្រាប?
ទោះជាយ៉ាងណាក៏ដោយ លោកសី ទូច អភិបាលស្រុកកោះញែកអះអាងថា នឹងបន្តបង្ក្រាបរោងសិប្បកម្មកែច្នៃឈើដែលនៅសេសសល់ផ្សេងទៀតឲ្យអស់ពីក្នុងមូលដ្ឋានដោយមិនលើកលែងឡើយ។
គួរបញ្ជាក់ថា វត្ថុតាងដែលបង្ក្រាបបានដឹកយកទៅរក្សាទុកនៅខណ្ឌរដ្ឋបាលព្រៃឈេីខេត្តមណ្ឌលគិរី៕

ដោយ៖ សុរិយា










