កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកអង្គរជុំបង្ក្រាបក្មេងទំនើងពាក់ព័ន្ធនឹងសកម្មភាពបង្កការរំខាន និងប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ

ចែករំលែក៖

ខេត្តសៀមរាប÷ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកអង្គរជុំ កាលពីយប់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ បានចុះអន្តរាគមន៍ទាន់ពេលវេលាលើករណីក្មេងទំនើង បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ ពាក់ព័ន្ធនឹងសកម្មភាពបង្កការរំខាន និងប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ។

 

ប្រតិបត្តិការនេះធ្វើឡើងនៅចំណុចបន្ទប់ជួលមួយកន្លែង ស្ថិតក្នុងភូមិក្បាលចាម ឃុំចារឈូក ស្រុកអង្គរជុំ។ ជាលទ្ធផល កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនក្មេងទំនើងចំនួន ៤នាក់ និងដកហូតម៉ូតូបានចំនួន ២ គ្រឿង។ ក្រុមនេះបានធ្វើសកម្មភាពក្នុងស្ថានភាពស្រវឹង ដោយបានប្រើហិង្សារុញទ្វាររបងផ្ទះជួលបណ្តាលឱ្យខូចខាត និងបង្កការភ្ញាក់ផ្អើលដល់អ្នកជិតខាង។

 

ជាមួយគ្នានោះសមត្ថកិច្ចដកហូតវត្ថុតាង៖ ម៉ូតូទាំង ២គ្រឿង និងរក្សាទុកជាបណ្តោះអាសន្ននៅមូលដ្ឋានកងរាជអាវុធហត្ថស្រុកអង្គរជុំ។ សមត្ថកិច្ចបាន អប់រំណែនាំ និងធ្វើកិច្ចសន្យា ដោយតម្រូវឱ្យអាណាព្យាបាលមកធានាដើម្បយកទៅអប់រំបន្តនៅផ្ទះ។

 

អាជ្ញាធរមានសមត្ថកិច្ច សូមអំពាវនាវយ៉ាងទទូចដល់យុវជនទាំងអស់ ត្រូវបញ្ឈប់រាល់សកម្មភាពទំនើង និងអំពើប្រព្រឹត្តខុសច្បាប់ផ្សេងៗ ដែលអាចប៉ះពាល់ដល់ការសិក្សា បំផ្លាញទ្រព្យសម្បត្តិ កិត្តិយសគ្រួសារ និងបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ ព្រមទាំងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សន្តិសុខ និងសុវត្ថិភាពក្នុងសង្គម៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print