ខេត្តត្បូងឃ្មុំ÷ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ មានករណីបាក់ច្រាំងទន្លេមេគង្គយ៉ាងធ្ងន់ធ្ងរ ស្ថិតនៅភូមិកោះបីពៃ ឃុំកោះពីរ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ខណៈកម្ពស់ទឹកទន្លេមេគង្គកំពុងហក់ឡើងខ្លាំង។
តាមព័ត៌មានបឋម ការបាក់ច្រាំងនេះមានប្រវែងប្រមាណ ២០០ម៉ែត្រ និងចូលជ្រៅពីច្រាំងប្រមាណ ៥០ម៉ែត្រ ដែលជាស្ថានភាពគួរឱ្យព្រួយបារម្ភ និងត្រូវការប្រុងប្រយ័ត្នខ្ពស់ចំពោះសុវត្ថិភាពប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយមាត់ទន្លេ។
ក្រោយកើតមានការបាក់ច្រាំងដ៏ជ្រៅនេះ ប្រជាពលរដ្ឋដែលរស់នៅក្បែរតំបន់ប្រឈម បានប្រញាប់រុះរើ និងផ្លាស់ទីផ្ទះសម្បែងរបស់ខ្លួនទៅកាន់ទីតាំងមានសុវត្ថិភាព ដោយបារម្ភថា ការបាក់ច្រាំងអាចបន្តរីករាលដាល និងបណ្តាលឱ្យផ្ទះសម្បែងរបស់ពួកគាត់រងគ្រោះ។
ជាមួយគ្នានេះ ដំណាំកសិកម្មរបស់ប្រជាពលរដ្ឋមួយចំនួនក៏ត្រូវបានខូចខាត និងបាត់បង់ដោយសារការបាក់ច្រាំងផងដែរ។
ប្រជាពលរដ្ឋដែលរស់នៅតំបន់ក្បែរមាត់ទន្លេ គួរបង្កើនការប្រុងប្រយ័ត្ន និងត្រៀមផ្លាស់ទីទៅកាន់ទីតាំងមានសុវត្ថិភាព ប្រសិនបើស្ថានភាពបាក់ច្រាំងនៅតែបន្ត៕
ដោយ៖ សុរិយា










