ភ្នំពេញ៖ បុរសម្នាក់បានបើករថយន្តម៉ាក Toyota Prius មួយគ្រឿងបួងចង្កូតបត់មិនប្រយ័ត្នក៏ជ្រុលទៅបុកម៉ូតូមួយគ្រឿងរួចបន្តទៅបុករថយន្តមួយគ្រឿងទៀតបើកទិសដៅបញ្រ្ចាសគ្នាបណ្តាលឲ្យយុវជនម្នាក់រងរបួសធ្ងន់ត្រូវបានរថយន្តសាមុយដឹកបញ្ជូនទៅសង្រ្គោះបន្ទាន់ភ្លាមៗ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរបានកើតឡើងកាលពីវេលាម៉ោង៨:៣០នាទីយប់ថ្ងៃទី២២ខែសីហា ឆ្នាំ២០២៦ ស្ថិតនៅតាមបណ្តោយផ្លូវបុរីសន្តិភាព២ ក្នុងសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តបង្កម៉ាក Toyota Prius មួយគ្រឿងពាក់ផ្លាកលេខ ភ្នំពេញ 2BG-2731បើកបរដោយបុរសម្នាក់ធ្វើដំណើរចេញពីផ្លូវបេតុង ទិសដៅពីកើតទៅលិចរួចបួងចង្កូតបត់ឆ្វេងឆ្ពោះមកផ្លូវបុរីសន្តិភាព២ក្នុងល្បឿនលឿនក៏ជ្រុលទៅបុកម៉ូតូម៉ាកស៊ុយសាគីនិចចំពីមុខពេញទំហឹងរួចបន្តទៅបុករថយន្តម៉ាក Toyota Prius មួយគ្រឿងទៀតបើកទិសដៅបញ្រ្ចាស់គ្នាបណ្តាលឲ្យយុវជនម្នាក់រងរបួសធ្ងន់ ត្រូវបានបញ្ចូញទៅសង្រ្គោះភ្លាមៗ ចំណែកតៃកុងរថយន្តបង្កត្រូវសមត្ថកិច្ចឃាត់បាន។
ក្រោយកើតហេតុខាងលើសមត្ថកិច្ចមូលដ្ឋានសហការជាមួយមន្រ្តីជំនាញចរាចរណ៍ខណ្ឌពោធិសែនជ័យចុះមកដល់វាស់វែងស្ទូចយករថយន្ត២គ្រឿងនិងម៉ូតូ១គ្រឿងទៀតទៅរក្សារទុករងចាំការដោះស្រាយគ្នានៅពេលគ្រោយ៕



ដោយ ៖ ភារ៉ា ដង្កោ










