ភ្នំពេញ ៖ យុវជនម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ក្រោយពេលជិះម៉ូតូលឿនជ្រុលទៅបុកឡំប្រឺតាដែលបើកទិសដៅបញ្ច្រាសគ្នាចំពីមុខចំហៀងខាងឆ្វេងយ៉ាងពេញទំហឹងកាលពីវេលាម៉ោង ៤:៣០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦ ស្ថិតនៅតាមបណ្តោយផ្លូវព្រះនរោត្ដម កែងផ្លូវ១៧៨ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់បានបើកឡំប្រឺតាមួយគ្រឿង ពណ៌ស ពាក់ ផ្លាកលេខ ភ្នំពេញ 1LY-4831 តាមបណ្ដោយផ្លូវព្រះនរោត្តមក្នុងទិសដៅពីជើងទៅត្បូង លុះបើកមកដល់ត្រង់ចំណុចភ្លើងស្តុបផ្លូវបំបែកជាបួនបម្រុងបួងចង្កូតបត់ឆ្វេងស្របពេលមានយុវជន
ម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមពណ៌ខ្មៅពាក់ផ្លាកលេខ ភ្នំពេញ 1AU-3871 ធ្វើដំណើរក្នុងទិសដៅបញ្ច្រាសគ្នាពីត្បូងទៅជើងក្នុងល្បឿនលឿនក៏ជ្រុលទៅបុកឡំប្រឺតាចំពីមុខចំហៀងខាងឆ្វេងយ៉ាងពេញទំហឹងបណ្ដាលឲ្យដួលអូសបោកក្បាលនៅនឹងថ្នល់ស្លាប់ភ្លាមៗ ចំណែកឯម្ចាស់ឡំប្រឺតាបានរត់គេចចេញពីកន្លែងកើតហេតុបាត់ស្រមោល។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានសហការជាមួយមន្ត្រីជំនាញចរាចរណ៍បានចុះមកវាស់វែងស្ទូចយកឡំប្រឺតានិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជំនាញផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំការដោះស្រាយនៅពេលក្រោយ។ ចំណែកសព សមត្ថកិច្ចធ្វើកំណត់ហេតុនិងទាក់ទងប្រគល់ឲ្យទៅក្រុមគ្រួសារយកទៅបុណ្យតាមប្រពៃណី៕
ដោយ ៖ ភារ៉ា ដង្កោ










