លោក ហ្សេលេនស្គី៖ ការរៀបចំការបោះឆ្នោតក្នុងគ្រាមានសង្គ្រាម នឹង «បំផ្លាញ» ប្រទេសអ៊ុយក្រែន

ចែករំលែក៖

ទីក្រុង​កៀវ៖ បើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី២៣ ខែសីហា ឆ្នាំ២០២៦​នេះថា៖​ លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ប្រធានាធិបតីអ៊ុយក្រែន បានលើកឡើងថា ការរៀបចំការបោះឆ្នោតក្នុងពេលដែលការប្រយុទ្ធគ្នាយ៉ាងក្តៅគគុកជាមួយរុស្ស៉ីកំពុងបន្ត នឹង «បំផ្លាញ» ប្រទេសអ៊ុយក្រែន ដោយសារតែវាអាចបង្កឱ្យមានការបែកបាក់ផ្ទៃក្នុងរវាងប្រជាជនអ៊ុយក្រែន។

ការលើកឡើងរបស់លោក ហ្សេលេនស្គី ធ្វើឡើងជាលើកដំបូង បន្ទាប់ពីអតីតរដ្ឋមន្ត្រីការពារជាតិ លោក Mykhailo Fedorov ដែលទើបត្រូវបានដកតំណែង បានអំពាវនាវឱ្យមានការរៀបចំការបោះឆ្នោតកំឡុងពេលសង្គ្រាមកាលពីសប្តាហ៍មុន។ លោកប្រធានាធិបតីបានគូសបញ្ជាក់ដូច្នេះថា «ខ្ញុំជឿជាក់ថា ប្រសិនបើយើងចង់បំផ្លាញប្រទេស យើងអាចបោះជំហានទៅរកការបោះឆ្នោតនៅក្នុងអំឡុងពេលសង្គ្រាមបែបនេះ… ការបោះឆ្នោតនាពេលឥឡូវនេះ គឺប្រៀបដូចជារលកយក្សស៊ូណាមិសម្រាប់រដ្ឋ ដែលនឹងបំបែកបាក់អ៊ុយក្រែន»។

លោក ហ្សេលេនស្គី បានបន្ថែមថា យុទ្ធសាស្ត្រចម្បងរបស់លោកគឺការដឹកនាំប្រទេសឆ្ពោះទៅរកការបញ្ចប់សង្គ្រាម និងការរក្សាការពាររដ្ឋឯករាជ្យ និងអធិបតេយ្យភាពមួយ។ លោកក៏បានកត់សម្គាល់ផងដែរថា ការបោះឆ្នោតក្នុងគ្រាមានសង្គ្រាមអាចទៅរួច លុះត្រាតែដៃគូអន្តរជាតិរបស់ទីក្រុងកៀវ អាចធានាសុវត្ថិភាពពេញលេញបាន ប៉ុន្តែរហូតមកទល់ពេលនេះ មិនទាន់មានប្រទេសណាលើកឡើងនូវផែនការធានាបែបនោះនៅឡើយទេ។

យោងតាមការស្ទង់មតិកាលពីដើមខែសីហា ដោយវិទ្យាស្ថានអន្តរជាតិសង្គមវិទ្យាកៀវ បានបង្ហាញថា ប្រជាជនអ៊ុយក្រែនប្រមាណ ៥៧ភាគរយ ចង់ឱ្យការបោះឆ្នោតធ្វើឡើងតែបន្ទាប់ពីសង្គ្រាមបានបញ្ចប់ទាំងស្រុងប៉ុណ្ណោះ។

...

គួរបញ្ជាក់ថា ច្បាប់របស់ប្រទេសអ៊ុយក្រែនបានហាមឃាត់ការរៀបចំការបោះឆ្នោតនៅក្រោមច្បាប់អាជ្ញាសឹក ហើយក្រុមអ្នកវិភាគក៏បានលើកឡើងផងដែរថា បញ្ហាសន្តិសុខ ព្រមទាំងការដែលពលរដ្ឋអ៊ុយក្រែនរាប់លាននាក់កំពុងភៀសខ្លួននៅក្រៅប្រទេស រស់នៅក្រោមការកាន់កាប់របស់រុស្ស៉ី ឬកំពុងប្រយុទ្ធនៅសមរភូមិមុខ នឹងធ្វើឱ្យដំណើរការរៀបចំការបោះឆ្នោតមានភាពលំបាកខ្លាំង និងស្ទើរតែមិនអាចទៅរួចនោះឡើយ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print