ខេត្តតាកែវ÷ ដោយអនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ, កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បង្ក្រាបករណីយកកាំភ្លើងខ្យល់ បាញ់ជនរងគ្រោះម្នាក់បណ្ដាលឲ្យស្លាប់ នៅស្រុកបាទី ខេត្តតាកែវ។
នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោងប្រហែល ០០៖៣០នាទី ត្រង់ចំណុចភូមិត្រពាំងលើក ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ មានករណីឃាតកម្ម បានកើត ឡើងដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណ១ក្រុម បានធ្វើសកម្មភាពយកអាវុធវែងប្រើគ្រាប់វ៉ាងឡុងបាញ់ទៅលើជនរងគ្រោះឈ្មោះ គីម វិច្ឆិកា ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ បណ្តាលឲ្យស្លាប់បាត់បង់ជីវិត ក្រោយពេលបញ្ជូនទៅមន្ទីរពេទ្យ។
ក្រោយពីមានហេតុការណ៍ខាងលើកើតឡើង ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន, វរសេនីយ៍ ឯក ហែម បូណា និងវរសេនីយ៍ឯក ឆាន់ គីមលី អនុប្រធាននាយកដ្ឋាន បានដឹកនាំសហការជាមួយស្នងការដ្ឋាននគរបាលខេត្តតាកែវ ធ្វើការស្រាវជ្រាវតាមនីតិវិធី និងជំនាញ រហូតកំណត់បានអត្តសញ្ញាណ និងទីតាំងលាក់ខ្លួនរបស់ក្រុមជនសង្ស័យខាងលើ។
នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង១៦៖០០ នាទី កម្លាំងជំនាញបានធ្វើការឃាត់ខ្លួនបានជនសង្ស័យម្នាក់ឈ្មោះ ឈឹម ឌុន ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ ត្រង់ចំណុចសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ រហូតដល់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦ ជនសង្ស័យដែលជាបក្ខពួកចំនួន២នាក់ទៀត រួមមាន៖
១៖ ឈ្មោះ រី រតនា ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ
២៖ ឈ្មោះ សុភ័ក្ត ផាត់យ៉ា ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ បានចូលសារភាពកំហុសនៅអធិការដ្ឋាននគរបាលស្រុកបាទី នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ។
ដកហូតវត្ថុតាងរួមមាន៖
-អាវុធវែង ប្រើគ្រាប់វ៉ាងឡុង ចំនួន១ដើម
-ម៉ូតូ១គ្រឿង ម៉ាក ហុងដាឌ្រីម FI ឆ្នាំ២០១២។
ក្រុមជនសង្ស័យបានសារភាពប្រហាក់ប្រហែលគ្នាថា កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ ពួកខ្លួនបានធ្វើសកម្មភាពប្រើប្រាស់អាវុធវែងគ្រាប់ប្រភេទវ៉ាងឡុង ចំនួន១ដើម បាញ់ទៅលើជនរងគ្រោះប្រាកដមែន។ មូលហេតុដោយសារតែក្រុមជនរងគ្រោះបានជិះម៉ូតូដេញវាយមកលើពួកខ្លួនមុន ទើបឈានដល់មានសកម្មភាពខាងលើកើតឡើង។ ក្រោយពីធ្វើសកម្មភាពរួចឈ្មោះ ឈឹម ឌុន បានយកអាវុធធ្វើសកម្មភាពមកលាក់នៅផ្ទះរបស់ខ្លួន ចំពោះម៉ូតូយកទៅកប់នៅផ្ទះរបស់ឈ្មោះ នី សុវ៉ាន់ ភេទប្រុស អាយុ៣៤ឆ្នាំ ស្ថិតក្នុងភូមិកោះខ្នុរ ឃុំព្រែករកា ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
បច្ចុប្បន្នជនសង្ស័ខាងលើត្រូវបាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្តតាកែវ ដើម្បីកសាងសំណុំរឿងតាមនីតិវិធីបន្ដ៕
ដោយ៖ សុរិយា










