នាយឧត្តមសេនីយ៍ វង្ស ពិសេន ជំរុញពង្រឹងការងារសម្ព័ន្ធមេត្រីភាព ដើម្បីរួមគ្នាពង្រឹងខឿនការពារជាតិ!

ចែករំលែក៖

ភ្នំពេញ៖ លោកនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាដកពិសោធន៍ការងារសម្ព័ន្ធមេត្រីភាព រវាងអង្គភាពកងយោធពលខេមរភូមិន្ទ ជាមួយស្ថាប័ន និងអង្គភាពស៊ីវិល ឆ្នាំ២០២៥ សម្រាប់ទិសយោធភូមិភាគទី៤ និងទី៥ ក្រោមប្រធានបទ «សមរភូមិក្រោយគាំទ្រសមរភូមិមុខ រួមគ្នាពង្រឹងខឿនការពារជាតិ» នៅទីស្តីការក្រសួងការពារជាតិ។

ក្នុងឱកាសនោះ លោក​នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានកោតសរសើរចំពោះកងទ័ព ដែលបានខិតខំបំពេញភារកិច្ចការពារបូរណភាពទឹកដី សន្តិភាព ស្ថិរភាព និងសណ្តាប់ធ្នាប់សង្គម ព្រមទាំងលើកទឹកចិត្តឱ្យបន្តពង្រឹងសមត្ថភាព ធនធានមនុស្ស ហេដ្ឋារចនាសម្ព័ន្ធ និងប្រសិទ្ធភាពការងារ ដើម្បីជំរុញកំណែទម្រង់ និងធ្វើទំនើបកម្មកងយោធពលខេមរភូមិន្ទ។

លោក​នាយឧត្តមសេនីយ៍​ បានវាយតម្លៃខ្ពស់ចំពោះកងទ័ព ស្ថាប័នស៊ីវិល ក្រុមហ៊ុន និងសប្បុរសជន ដែលបានចូលរួមគាំទ្រការងារសម្ព័ន្ធមេត្រីភាព និងបានអំពាវនាវឱ្យបន្តសហការយ៉ាងសកម្ម ដោយផ្តោតលើការគាំទ្រដែលឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង និងបម្រើដល់ភារកិច្ចយុទ្ធសាស្ត្ររយៈពេលវែងរបស់អង្គភាពកងទ័ព។

លោកនាយឧត្តមសេនីយ៍​ បានណែនាំឱ្យបន្តអនុវត្តសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ពង្រឹងទំនាក់ទំនងរវាងសមរភូមិមុខនិងសមរភូមិក្រោយ សិក្សារកចំណុចខ្លាំង ចំណុចខ្សោយ និងបញ្ហាប្រឈម ដើម្បីរួមគ្នាដោះស្រាយឱ្យចំគោលដៅ ព្រមទាំងជំរុញការគាំទ្រដល់ហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រ ការបណ្តុះបណ្តាលជំនាញ និងការលើកកម្ពស់ជីវភាពកងទ័ព។

ជាមួយគ្នានេះ លោកនាយឧត្តមសេនីយ៍​ បានសង្កត់ធ្ងន់លើការប្រើប្រាស់ជំនួយសម្ព័ន្ធមេត្រីភាពឱ្យមានប្រសិទ្ធភាព និងចំគោលដៅ ដើម្បីរួមចំណែកដល់ការកែទម្រង់ និងធ្វើទំនើបកម្មកងទ័ព ពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុង គោរពបទបញ្ជា បន្តបំពេញភារកិច្ចការពារជាតិ ការពារសន្តិភាព ស្ថិរភាពជាតិ និងសណ្តាប់ធ្នាប់សាធារណៈ។

...

សិក្ខាសាលាដកបទពិសោធន៍នេះ បានកំណត់នូវបញ្ហាប្រឈម និងដាក់ទិសដៅអនុវត្តបន្តមួយចំនួន ដើម្បីធ្វើឱ្យការងារសម្ព័ន្ធមេត្រីភាពកាន់តែមានប្រសិទ្ធភាព រួមចំណែកពង្រឹង «ខឿនការពារជាតិរបស់ប្រជាជន» ឱ្យកាន់តែរឹងមាំ៕ ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print