ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ បានអនុញ្ញាតឱ្យ ឯកឧត្តម អន់ដ្រេ រ៉ូឌែនកូ (Andrey RUDENKO) អនុរដ្ឋមន្ត្រីការបរទេសនៃសហព័ន្ធរុស្ស៊ី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។
ក្នុងឱកាសនៃជំនួបនេះ, ឯកឧត្តមអនុរដ្ឋមន្ត្រីការបរទេស បានសម្ដែងការវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ដោយបានសង្កត់ធ្ងន់ថា កម្ពុជាគឺជាដៃគូសហប្រតិបត្តិការដ៏យូរអង្វែង និងគួរឱ្យទុកចិត្តនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ ឯកឧត្តមក៏បានរំលឹកឡើងវិញអំពីទំនាក់ទំនងទ្វេភាគី រួមទាំងការរួមចំណែកគាំទ្រពីអតីតសហភាពសូវៀត និងបច្ចុប្បន្នសហព័ន្ធរុស្ស៊ី ក្នុងការស្តារ, កសាង និងអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជាឡើងវិញ បន្ទាប់ពីប្រទេសកម្ពុជាត្រូវបានរំដោះ។ ជាមួយគ្នានេះ, ឯកឧត្តមក៏បានកោតសរសើរចំពោះការអភិវឌ្ឍរីកចម្រើនដ៏ឆាប់រហ័សនៅកម្ពុជា និងបានបង្ហាញសុទិដ្ឋិនិយមថា រាជរដ្ឋាភិបាលកម្ពុជា នឹងអាចជម្នះរាល់បញ្ហាប្រឈម ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនឱ្យកាន់តែប្រសើរឡើងថែមទៀត។ ឯកឧត្តមជឿជាក់ថា ទំនាក់ទំនងរុស្ស៊ី-កម្ពុជា នឹងបន្តរីកចម្រើនថែមទៀតដែល ប្រទេសទាំងពីរត្រូវពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសក្តានុពលជាច្រើនទៀត ឱ្យកាន់តែស៊ីជម្រៅ។ ឯកឧត្តមអនុរដ្ឋមន្ត្រីក៏បានគូសបញ្ជាក់ពីការបន្តផ្ដល់អាហារូបករណ៍ដល់សិស្ស-និស្សិតកម្ពុជា ទៅសិក្សានៅសហព័ន្ធរុស្ស៊ី។ ជាមួយគ្នានេះ, ឯកឧត្តមក៏បានជម្រាបជូនសម្ដេចធិបតីអំពីលទ្ធផលប្រកបដោយផ្លែផ្កានៃកិច្ចប្រជុំពិគ្រោះយោបល់ទ្វេភាគីលើកទី៣ រវាងក្រសួងការបរទេសនៃប្រទេសទាំងពីរ ដែលនឹងបន្តជំរុញទំនាក់ទំនងកិច្ចប្រតិបត្តិការឱ្យកាន់តែរីកចម្រើន។
ជាការឆ្លើយតប, សម្ដេចធិបតី បានថ្លែងអំណរគុណចំពោះ សហព័ន្ធរុស្ស៊ី ក៏ដូចជាអតីតសហភាពសូវៀត ដែលបានដើរតួយ៉ាងសំខាន់ក្នុងការរួមចំណែកដល់ការស្តារ និងកសាងសង្គម-សេដ្ឋកិច្ចកម្ពុជា ក៏ដូចជាការផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាជាបន្តបន្ទាប់។ សម្ដេចធិបតីក៏បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចប្រជុំពិគ្រោះយោបល់ទ្វេភាគី ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនាពេលនេះ និងបានគូសបញ្ជាក់ពីការបន្តជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យឈានដល់កម្រិតថ្មីមួយទៀត។
មុននឹងបញ្ចប់, សម្ដេចធិបតី និងឯកឧត្តមអនុរដ្ឋមន្ត្រី ក៏បានផ្លាស់ប្ដូរយោបល់គ្នាក្នុងការការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ រួមមាន៖ ពាណិជ្ជកម្ម និងវិនិយោគ, អប់រំ, ថាមពល, ការតភ្ជាប់រវាងប្រជាជន និងប្រជាជន, ទេសចរណ៍, កសិកម្ម, សន្តិសុខ និងការពារជាតិ៕
ដោយ៖តារា










