ក្រុម​បះបោរ​ បានដុតបំផ្លាញអគាររដ្ឋាភិបាល ហាងលក់ទំនិញ និងរថយន្ត ក្នុងការវាយប្រហារជាង ៧០ទីតាំង នៅភាគខាងត្បូងថៃ

ចែករំលែក៖

ប្រទេស​ថៃ៖​ ជនសង្ស័យជាក្រុមបះបោរ បានដុតបំផ្លាញអគាររដ្ឋាភិបាល ហាង រថយន្ត និងបង្គោលហេដ្ឋារចនាសម្ព័ន្ធសេវាសាធារណៈ នៅជាង ៧០ទីតាំង ទូទាំងខេត្តចំនួន ៤ នៅចុង​ភាគខាងត្បូង​នៃប្រទេសថៃ កាលពីចុងសប្តាហ៍កន្លងទៅ ដោយបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ៣នាក់រងរបួស អំឡុង​ការវាយប្រហារដុតបំផ្លាញជាបន្តបន្ទាប់ដែលត្រូវបានធ្វើ​ឡើងស្រប​គ្នា។​ នេះបេី​យោង​តាម​ការឱ្យដឹងពីអាជ្ញាធរថៃ។

កាលពី​ចុង​សប្ដាហ៍កន្លង​មក មានការ​​វាយ​ប្រហារ​យ៉ាងហោចណាស់ ៧៨​ទីតាំង​ នៅទូទាំងខេត្តចំនួន ៤ ដោយ​ ៤០​កន្លែង​ នៅក្នុង​ខេត្ត​ Narathiwat ២១កន្លែង​ នៅ Yala ១៥កន្លែង​ នៅ Pattani និង ២កន្លែង នៅ Songkhla។ គ្មានក្រុមណាមួយអះអាងទទួលខុសត្រូវទេ សម្រាប់​ហេតុការណ៍ទាំង​នេះ​។ ការវាយប្រហារភាគច្រើន បានកើតឡើងកាល​ពី​ល្ងាចថ្ងៃទី២២ ខែសីហា នៅទូទាំងខេត្ត​ Pattani, Yala, Narathiwat និងផ្នែកខ្លះរបស់​ខេត្ត​ Songkhla ដោយមាន​ការវាយប្រហារបន្ថែមទៀតនៅថ្ងៃទី២៣ ខែសីហា។

​មាន​ការ​រាយការណ៍ថា អ្នកវាយប្រហារប្រដាប់អាវុធយ៉ាងហោចណាស់ ១៥នាក់ បានវាយឆ្មក់ចូលតំបន់រដ្ឋាបាល​​ Phoming (ភូមីង) ក្នុងស្រុក​ប៉ាណារ៉េ (Panare) ខេត្ត Pattani កាល​ពី​យប់ថ្ងៃទី២៣ ខែសីហា ដោយចងឆ្មាំសន្តិសុខ ២នាក់ មុនពេលបំបែកជាក្រុមៗ ដើម្បីដុតរថយន្ត ដុតការិយាល័យរដ្ឋបាលមូលដ្ឋាន​​ និងបង្កប់​គ្រាប់បែក​។

រថយន្តក្រុង ៤គ្រឿង ដែល​មាន​រថយន្តពន្លត់អគ្គិភ័យ រថយន្តដឹកសំរាម រថយន្តភីកអាប់ និងរថយន្តសង្គ្រោះបន្ទាន់ ត្រូវបាន​បំផ្លាញ។ គ្រាប់បែក ១គ្រាប់ក្រោយមកបានផ្ទុះនៅជិតកន្លែង​យាម​របស់​សន្តិសុខ ដែលបណ្តាលឱ្យមាន​ខូចខាតបន្ថែមទៀត។ មន្ត្រីជឿជាក់ថា ហេតុការណ៍នេះ គឺជាផ្នែកមួយនៃយុទ្ធនាការធ្វើ​ឡើង​ស្រប​គ្នានៃការ​បង្ក​ចលាចល នៅទូទាំងខេត្តព្រំដែនភាគខាងត្បូងទាំង៣ របស់ប្រទេសថៃ។

អាជ្ញាធរបានដាក់ចេញបម្រាមគោចរ នៅខេត្ត Narathiwat ហើយនៅក្នុងកិច្ចប្រជុំមួយកាលពី​ថ្ងៃទី២៣ ខែសីហា នាយករដ្ឋមន្ត្រី លោក​ Anutin Charnvirakul បានស្នើសុំឱ្យកងកម្លាំងសន្តិសុខធានាសុវត្ថិភាពសាធារណៈ​។

រយះ​ពេល​ ២ថ្ងៃមកនេះ ខេត្ត៣ ដូចជា Narathiwat, Yala និង Pattani ត្រូវវាយប្រហារយ៉ាងធ្ងន់ធ្ងរ មានទាំងការបំផ្ទុះគ្រាប់បែក បាញ់រះ និងប្លន់ប្រដាប់អាវុធ។ មិនត្រឹមប៉ុណ្ណឹង ក្រុមផ្តាច់ខ្លួនក៏បានដុតបំផ្លាញអគាររដ្ឋបាលមូលដ្ឋាន, បំផ្ទុះគ្រាប់បែក, ដុតបំផ្លាញបង្គោលភ្លើង និងអង់តែនទូរគមនាគមន៍ ព្រមទាំងដុតកង់ឡាននៅលើផ្លូវ ផងដែរ។

បើសរុបទិន្នន័យនៃការវាយប្រហារនេះ គឺនៅខេត្ត Narathiwat មាន ២២ករណី, Yala ១៨ ករណី និង Pattani ១១ ករណី។

គួរបញ្ជាក់​ថា ចាប់តាំងពីឆ្នាំ២០០៤ មក មនុស្សជាង ៧.៨០០នាក់ ត្រូវបានសម្លាប់នៅក្នុងខេត្តដែលមានព្រំប្រទល់ជាប់ប្រទេសម៉ាឡេស៊ី នៅពេលដែលការបះបោរដ៏យូរអង្វែងចុងក្រោយបង្អស់ដឹកនាំដោយក្រុម Barisan Revolusi Nasional (BRN) បានផ្ទុះឡើង៕ដោយ​៖តារា​

(រូប៖ Khaosod)

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print