ភ្នំពេញ ៖ បុរសមានមន្តស្នេហ៍ម្នាក់ មានប្រពន្ធរហូតដល់ទៅ៥នាក់ រួចមកហើយ ប៉ុន្តែយកលែងៗ មិនបានយកជាប់នោះទេ ហើយចុងក្រោយកំពុងដំណើរការក្ដីលែងលះប្រពន្ធទី៥ មិនទាន់ដាច់ស្រេចផង គាត់ក៏ទៅលួចលាក់សែនព្រេនប្រពន្ធទី៦ម្នាក់ទៀត។ ប៉ុន្តែពិធី សែនព្រេននោះ មិនបានប្រព្រឹត្តទៅដោយរលូនឡើយ ខណៈកំពុងតែសែនចងដៃ ប្រពន្ធថ្មីទី៦ សើចសប្បាយក្អាកក្អាយ ស្រាប់តែនាងប្រពន្ធទី៥ បានទៅដល់ល្មម ហើយការឈ្លោះគ្នាបានកើតឡើង។ ពេលនោះ បានបង្កឲ្យមានការភ្ញាក់ផ្អើលឈុល ធ្វើឲ្យភ្ញៀវដែលកំពុងចូលរួមអបអរសាទរ ផ្ដល់ពរជ័យ និងហូបអាហារដ៏ឆ្ងាញ់ ក្នុងក្ដីរីករាយ ប្រែទៅជាការស្រឡាំងកាំង រត់ជាន់ជើងគ្នា ។
ហេតុការណ៍នោះបានកើតឡើងបង្កឲ្យមានការភ្ញាក់ ផ្អើលកាលពីវេលាព្រឹកថ្ងៃអាទិត្យទី២៣ ខែសីហា ឆ្នាំ២០២៦ នៅចំណុចផ្ទះខាងប្រុស(បុរសខាងលើ) ស្ថិតនៅក្នុងភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
បុរសមានមន្តស្នេហ៍រូបនោះឈ្មោះ បារាំង អាយុជាង៤០ឆ្នាំ រស់នៅក្នុងផ្ទះកើតហេតុខាងលើ។ ចំណែកស្ត្រី ដែលអះអាងថា ជាប្រពន្ធទី៥ ឈ្មោះ អាម៉ី អាយុស្រករគ្នា មានទីលំនៅក្នុងបុរីសន្តិភាព២ ភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ស្រីម៉ី បាននិយាយថា លោកប្ដីនាងម្នាក់នេះ មានប្រពន្ធ៥នាក់ រួចមកហើយ ហើយរូបនាង គឺជាប្រពន្ធទី៥ ប៉ុន្តែមិនបានរៀបការពេញលេញតាមប្រពៃណីនោះទេ បានត្រឹមសែនព្រេនផ្ដាច់ខ្មោច ដោយចាស់ទុំដឹងឮជាមួយគ្នាប៉ុណ្ណោះ ហើយមុនពេលយកគ្នានោះ លោកបារាំង បានប្រាប់នាងថា ខ្លួនជាបុរសពោះម៉ាយ លែងប្រពន្ធដាច់ ស្រេចហើយ។ បើគិតរហូតមកដល់ពេលបច្ចុប្បន្ននាង និងលោកបារាំង បានរស់នៅក្នុងនាមជាប្ដីប្រពន្ធ បានរយៈពេល៧ខែមកហើយ ហើយនៅក្នុងរយៈពេលនេះ នាងបានចំណាយប្រាក់ ដែលជាញើសឈាមរបស់នាងក្នុងការសាងសង់ផ្ទះជួលជាមួយលោកប្ដី រូបនោះអស់ចំនួន៣.០០០ដុល្លារ ផងដែរ ។
នាងប្រពន្ធទី៥រូបនោះ បាននិយាយបន្តទៀតថា នាងបានទៅរស់នៅផ្ទះខាងប្ដី ដែលជាផ្ទះកើតហេតុខាងលើ ប៉ុន្តែក្រោយពីការរស់នៅជាមួយគ្នាមួយរយៈពេលរួចមក មិនចុះសម្រុងគ្នាឡើយ ចេះតែមានភាពរកាំរកូស រហូតធ្វើឲ្យនាង និងប្ដីរូបនេះ ឈានដល់ការរស់នៅបែកគ្នា។ ដោយប្ដីបានរស់នៅផ្ទះរបស់គាត់ (ផ្ទះកើតហេតុខាងលើ) និងបានបិទទ្វារ មិនឲ្យនាងចូលផ្ទះឡើយ ទើបនាងបានទៅរស់នៅឯផ្ទះរបស់នាង នៅឯបុរីសន្តិភាព២ ភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅទី២ ខណ្ឌពោធិសែនជ័យវិញ មិនតែប៉ុណ្ណោះ ក៏បានឈានដល់ការប្តឹងផ្តល់គ្នា ចាប់ពីថ្នាក់អាជ្ញាធរមូលដ្ឋាន រហូតដល់តុលាការទៀតផង ។
ស្ត្រីខាងលើ បាននិយាយបន្តថា ពេលនោះនាងបានទាមទារយកប្រាក់ចំនួន៣.០០០ដុល្លារ ដែលជាប្រាក់ញើសឈាមរបស់នាងចំណាយក្នុងការសាងសង់ផ្ទះជួល ពីលោកបារាំង ដែលជាប្តីនោះវិញ ប៉ុន្តែមិនបានដូចបំណងឡើយ រហូតខ្ជិលមានរឿងវែងឆ្ងាយ ហើយដើម្បីឲ្យឆាប់បានលែងលះគ្នាដាច់ស្រេចនោះ នាងក៏ទាមទារបញ្ចុះមកនៅត្រឹមតែ ចំនួន១.៥០០ដុល្លារវិញប៉ុណ្ណោះ សុខចិត្តចោល១.៥០០ដុល្លារទៅចុះ ក៏នៅតែមិនទាន់បានទៀត ទើបការលែងលះគ្នានៅមិនទាន់ដាច់ស្រេចនៅឡើយ ។
នាងទី៥ បានបញ្ជាក់ប្រាប់ទៀតថា នាង និងលោកបារាំង នៅតែមានឈ្មោះជាប្ដីប្រពន្ធនឹងគ្នានៅ ឡើយ ព្រោះមិនទាន់លែងលះគ្នាដាច់ទេ ប៉ុន្តែនាង មិនបានសោកស្ដាយ នូវប្ដីម្នាក់សូម្បីតែប៉ុនចុងក្រចកទេ។ អ្វីដែលនាងចូលទៅកាន់ក្នុងពិធីសែនព្រេនរវាងប្ដី និងប្រពន្ធទី៦នោះ គឺដើម្បីទាមទារប្រាក់ ចំនួន១.៥០០ដុល្លារនោះ ដែលជាប្រាក់របស់នាងមកវិញ ដើម្បីបញ្ចប់រឿងប៉ុណ្ណោះ ។
ទាក់ទងទៅនឹងរឿងនេះ អ្នកភូមិបាននិយាយថា មុននឹងឈានដល់ការរៀបសែនព្រេន ប្រពន្ធថ្មីទី៦ ដែលជាអ្នករស់នៅក្នុងភូមិជាមួយគ្នានោះ លោកបារាំង បានប្រាប់នាងប្រពន្ធទី៦ និងអ្នកកូមិថា ខ្លួនបានលែងលះជាមួយប្រពន្ធទី៥ ដាច់ស្រេចហើយ។ ព្រមទាំងនិយាយទៀតថា បានសងប្រាក់ចំនួន១.៥០០ដុល្លារ ទៅឲ្យស្រីម៉ី ដែលជាប្រពន្ធទី៥នោះ រួចរាល់ហើយដែរ ទើបនាងប្រពន្ធទី៦នោះ យល់ព្រមសេនព្រេនយកគ្នាជាប្ដីប្រពន្ធ ដោយគិតថា មិនខុសច្បាប់ ឬមានឈ្មោះជាស្រីដណ្ដើមប្ដីគេឡើយ។ ប៉ុន្តែ ទីបំផុតពេលអង្ករក្លាយទៅជាបាយទៅហើយ និងពិធីសែនព្រេន កំពុងប្រព្រឹត្តទៅក្រោមការចូលរួមផ្ដល់ពរជ័យពីក្រុមគ្រួសារ និងសាច់ញាតិ ព្រម ទាំងភ្ញៀវទាំងសងខាងទៅហើយនោះ ក៏ត្រូវនាងប្រពន្ធទី៥ ទៅរករឿងផ្អើលរត់ជាន់ជើងគ្នាបែបនេះទៅវិញ ។
អាជ្ញាធរ បានប្រាប់ថា ក្រោយកើតរឿងរ៉ាវបែបនេះរួច រដ្ឋបាលសង្កាត់ជើងឯក បានអញ្ជើញគូភាគីទាំង២ ទៅសម្របសម្រួលគ្នានៅសាលាសង្កាត់ នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ ដើម្បីបញ្ចប់វិវាទ។ ខណៈនោះស្រីម៉ី ដែលជាប្រពន្ធទី៥ បានទាមទារប្រាក់ត្រឹមតែ១.៥០០ដុល្លារប៉ុណ្ណោះ ដើម្បីបញ្ចប់រឿង ហើយចង់លោកបារាំង ទៅយកប្រពន្ធថ្មី ប៉ុន្មាននាក់ទៀត ក៏ទៅយកចុះ ហើយយកឲ្យបានសុខសប្បាយទៅចុះ នាងឈប់មករករឿងអីទៀតហើយ ប៉ុន្តែខណៈនោះ លោកបារាំង មិនព្រមផ្ដល់ឲ្យតាមការទាមទាររបស់ប្រពន្ធទី៥នោះឡើយ គឺព្រមឲ្យតែ១លានរៀលប៉ុណ្ណោះ(ប្រមាណ២៥០ដុល្លារ) ទើបប្រពន្ធទី៥ មិនព្រមយក ហើយមិនអាចបញ្ចប់រឿងបានឡើយ ៕










