កូនត្រីចម្រុះជាង១៧០គីឡូក្រាមបានចាក់ចូលបឹងធម្មជាតិវិញក្នុងករណីចុះបង្ក្រាបបទល្មើសនេសាទ ៥ ទីតាំង នៅក្នុងភូមិសាស្ត្រស្រុកកងមាស

ចែករំលែក៖

ខេត្តកំពង់ចាម៖ មន្ត្រីជលផលបានចាក់កូនត្រីចម្រុះ១៧៥គីឡូក្រាម ចូលបឹងធម្មជាតិវិញនាពេលចុះបង្ក្រាបបទល្មើសនេសាទ៥ករណី រួមជាមួយនឹងការរុះរើ និងបំផ្លាញចោលនូវឧបករណ៍ល្មើស ជាច្រើនទៀតនៅក្នុងទីតាំង៥កន្លែង ស្ថិតក្នុងភូមិសាស្ត្រស្រុកកងមាស ខេត្តកំពង់ចាម នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ នេះ ។

 

បើតាមលោក លី ស្រី នាយខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម បញ្ជាក់ថា ខណ្ឌរដ្ឋបាលជលផលបានសហការជាមួយនាយកដ្ឋានអធិការកិច្ចជលផល អធិការដ្ឋានរដ្ឋបាលជលផលមេគង្គ គម្រោងអច្ឆរិយភាពនៃទន្លមេគង្គ អាជ្ញាធរស្រុកកងមាស និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្តៅ អមដំណើរ លោក ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ដោយមានការសម្របសម្រួលពី ព្រះរាជអាជ្ញានៃអយ្យការអមសាលា ដំបូងខេត្តកំពង់ចាម បានចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផល៥ករណី ដោយរុះរើបំផ្លាញ ចោលនូវឧបករណ៍ខុសច្បាប់រួមមាន៖

 

ករណីទី១ នៅចំណុចអ្នកតាប៉ោត ឃុំរាយប៉ាយ មានឧបករណ៍ស្បៃមុងចំនួន ១២មាត់ របាំងស្បៃមុងប្រវែង ៨១០ម៉ែត្រ បង្គោលចម្រឹង១៧៥ដើម ចាក់លែងកូនត្រី៥៤គីឡូក្រាម ។

 

ករណីទី២ នៅចំណុចបឹងឈ្នាង ឃុំរាយប៉ាយ មានឧបករណ៍ស្បៃមុងចំនួន ១០មាត់ របាំងស្បៃមុងប្រវែង ៦៧៥ម៉ែត្រ បង្គោលចម្រឹង១៤៥ដើម ចាក់លែងកូនត្រី ៤៦គីឡូក្រាម។

 

ករណីទី៣ នៅចំណុចបឹងដំរីឆ្លង ឃុំរាយប៉ាយ មានឧបករណ៍ស្បៃមុងចំនួន ៨មាត់ របាំងស្បៃមុងប្រវែង៥៤៥ម៉ែត្របង្គោលចម្រឹង១២០ដើម និងចាក់លែងកូនត្រី ៣៧គីឡូក្រាម ។

 

ករណីទី៤ នៅចំណុចចុងព្រែកខ្លាក្រទៀម ឃុំរាយប៉ាយ មានឧបករណ៍ស្បៃមុងចំនួន ៧មាត់ របាំងស្បៃមុងប្រវែង ៤៧០ម៉ែត្រ បង្គោលចម្រឹង៩៥ដើម ចាក់លែងកូនត្រី៣៥គីឡូក្រាម ។

 

ករណីទី៥ នៅចំណុចចុងព្រែកខ្លាក្រទៀម ឃុំព្រែកកុយ មានឧបករណ៍រ៉ាវចំនួន ៤មាត់ របាំងរ៉ាវប្រវែង៥៥០ម៉ែត្រ បង្គោលចម្រឹងចំនួន១៨៥ដើម និងចាក់លែងត្រីចម្រុះទម្ងន់៣គីឡូក្រាមផងដែរ៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print