នគរបាលស្រុកចិត្តបូរីឃាត់ខ្លួនជនសង្ស័យ២នាក់បង ប្អូនបង្កើតពាក់ព័ន្ធករណីអំពើលួចទូរស័ព្ទដៃ២គ្រឿង

ចែករំលែក៖

ខេត្តក្រចេះ៖ នគរបាលស្រុកចិត្តបុរីបានឲ្យដឹងនៅថ្ងៃទី ២៥ខែសីហានេះថា ជនសង្ស័យ២នាក់ជាបងប្អូនបង្កើត ត្រូវបានកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកចិត្របុរី សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបុសលាវ ធ្វើការស្រាវជ្រាវនិងឃាត់ខ្លួនជាបន្តបន្ទាប់ ពាក់ព័ន្ធករណីលួចទូរស័ព្ទដៃស្ថិតនៅភូមិព្រែកតាអាំ ឃុំបុសលាវ ស្រុកចិត្របុរី ខេត្តក្រចេះ។

 

នគរបាលប្រាប់ថា ជនសង្ស័យទី១ ឈ្មោះ អ៊ាន សុខខៀវ ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ និង ជនសង្ស័យទី២ (អ្នកលាក់ទុក)៖ ឈ្មោះ អ៊ាន បូលី ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ។

 

លោកនាយប៉ុស្តិ៍រដ្ឋបាលបុសលាវបានឱ្យដឹងថា នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោងប្រមាណ ៦:០០នាទីព្រឹក ឈ្មោះ មាន យី បានទុកទូរស័ព្ទដៃម៉ាក iPhone ពណ៌មាសនៅលើកន្ទេលក្បាលដេករួចចុះទៅហាត់ប្រាណនៅមុខផ្ទះ។ ខណៈនោះចៅប្រុសឈ្មោះ ចន រដ្ឋា អាយុ ១១ឆ្នាំ ក៏បានសាកថ្មទូរស័ព្ទម៉ាក OPPO ពណ៌ស ទុកលើផ្ទះ ហើយដើរទៅលេងនៅសាលាបឋមសិក្សាភូមិព្រែកតាអាំ។

 

លុះដល់ម៉ោងប្រមាណ ៦:៤០នាទីព្រឹក ដដែល ឈ្មោះ មាន យី បានចូលទៅបោកខោអាវក្នុងបន្ទប់ទឹកក្រោម ផ្ទះ ឃើញឱកាសល្អនិងស្ងាត់មនុស្ស ជនសង្ស័យឈ្មោះ អ៊ាន សុខខៀវ បានលួចឡើងលើផ្ទះ ធ្វើសកម្មភាពលួចយកទូរស័ព្ទដៃទាំង ២គ្រឿង ញាត់ចូលហោប៉ាវខោ រួចគេចខ្លួនទៅផ្ទះរបស់ខ្លួនបាត់។ បន្ទាប់មក នៅពេលចៅ ប្រុសឡើងទៅយកស្មាខោអាវ តាមការប្រើរបស់ជីដូន ទើបដឹងថា បាត់ទូរស័ព្ទ និងបានរាយការណ៍ជូនសមត្ថកិច្ចភ្លាមៗ។

 

ក្រោយទទួលបណ្តឹង សមត្ថកិច្ចបានចុះស្រាវជ្រាវដល់ទីតាំងកើតហេតុ និងបាននាំខ្លួនឈ្មោះ អ៊ាន សុខខៀវ មកសាកសួរ។ រូបគេបានសារភាពថា ខ្លួនពិតជាបានលួចទូរស័ព្ទទាំង ២គ្រឿងនោះប្រាកដមែន ហើយបានយកទៅឱ្យបងប្រុសឈ្មោះ អ៊ាន បូលី យកទៅលាក់ទុក។

 

ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ ម៉ោង ៨:០០នាទីព្រឹក សមត្ថកិច្ចបានបន្តនាំខ្លួនឈ្មោះ អ៊ាន បូលី មកសាកសួរ ហើយរូបគេក៏បានសារភាពថា បានទទួលយកទូរស័ព្ទដែលប្អូនប្រុសលួចបានមកលាក់ទុកពិតប្រាកដមែន។

 

បច្ចុប្បន្ន ជនសង្ស័យទាំង ២នាក់ ត្រូវបានឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកចិត្របុរី ដើម្បីកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្ត ចាត់ការតាមនីតិវិធីច្បាប់៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print