នគរបាលខេត្តព្រះសីហនុបង្ក្រាបករណីជួញដូរគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យ ៣នាក់

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ ដោយអនុវត្តតាមអនុសាសន៍របស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងក្រោមការដឹកនាំចង្អុលបង្ហាញរបស់ឧត្តមសេនីយ៍ ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ២០និង០០នាទី កម្លាំងជំនាញនៃផែនការងារប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានចុះបង្ក្រាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ដោយឃាត់ខ្លួនជនសង្ស័យជនជាតិវៀតណាមម្នាក់ ភេទស្រី ។ 

បន្ទាប់មក វេលាម៉ោង ២១និង៣០នាទី ក្រោមការ សម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ កម្លាំងជំនាញបានបន្តឆែកឆេរបន្ទប់ស្នាក់នៅរបស់ជនសង្ស័យ នៅសណ្ឋាគារមួយកន្លែង ក្នុងភូមិ៤ សង្កាត់លេខ៤ និងឃាត់ខ្លួនបក្ខពួកជនសង្ស័យជាជនជាតិវៀតណាមម្នាក់ទៀត ភេទស្រី ។ លុះឈានចូលថ្ងៃទី២៤ ខែសីហា ឆ្នាំ ២០២៦ វេលាម៉ោង ០០និង៣០នាទី កម្លាំងជំនាញបានស្រាវជ្រាវឈានទៅឃាត់ខ្លួនបក្សពួកជនសង្ស័យខាងលើចំនួន ម្នាក់ទៀត ជនជាតិចិននៅខុនដូមួយកន្លែង ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ ។

ជនសង្ស័យទាំង ៣នាក់រួមមាន៖

១.ឈ្មោះ KIM LIP ភេទស្រី អាយុ ៣៣ឆ្នាំ ជនជាតិវៀតណាម

២.ឈ្មោះ NGUYEN THI TRANG ភេទស្រី អាយុ ៣៦ឆ្នាំ ជនជាតិវៀតណាម

៣.ឈ្មោះ ZHANG JIA WEI ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិចិន ។

វត្ថុតាងដកហូតសំខាន់ៗសរុបរួមមាន ៖ ក្រាមពណ៌សសង្ស័យជាសារធាតុញៀន ៦៨កញ្ចប់ ថ្នាំគ្រាប់ WY ចំនួន ១,៦៤៣គ្រាប់ ក្បាលបារីអេឡិចត្រូនិច ៦០ក្បាល បារីអេឡិចត្រូនិច ៤១ដើម ជញ្ជីងថ្លឹងគ្រឿងញៀន ២គ្រឿង ទូរស័ព្ទដៃ ម៉ូតូ ថង់សម្រាប់វេចខ្ចប់គ្រឿងញៀន និងសម្ភារៈពាក់ព័ន្ធមួយចំនួនទៀត ។

បច្ចុប្បន្ន ជនសង្ស័យទាំង ៣នាក់ ត្រូវបានឃាត់ខ្លួននៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីសាកសួរ និងបន្តនីតិវិធីតាមច្បាប់ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print