ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចជំនាញ បានចុះស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនបុគ្គលឈ្មោះ មាស វិជ័យ កាលពីយប់ថ្ងៃទី ២៦ ខែសីហា ឆ្នាំ២០២៦ បន្ទាប់ពីសង្ស័យថាបានបន្លំខ្លួនជាយោធិនជួរមុខ និងប្រើប្រាស់បណ្តាញសង្គមបង្កើតរូបភាពអាណិតអាសូរ ដើម្បីស្វែងរកប្រាក់ជំនួយពីសប្បុរសជនយ៉ាងអនាធិបតេយ្យ។
យោងតាមការបញ្ជាក់របស់ លោកឧត្ដមសេនីយ៍ទោ គូ សាម៉ីឌី នាយកទីចាត់ការបុគ្គលិក អគ្គបញ្ជាការដ្ឋាន តាមរយៈបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការ នៅព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦នេះថា បុគ្គលរូបនេះបានប្រើប្រាស់បណ្ដាញសង្គម ដោយដាក់ភ្ជាប់នូវ QR Code គណនីធនាគារ ផ្ទាល់ខ្លួន ដើម្បីប្រមូលថវិកាពីសាធារណជន ក្រោមលេសថាជាការជួយឧបត្ថម្ភដល់យោធិនជួរមុខ។
ករណីនេះបានបង្កឱ្យមានការខឹងសម្បារ និងព្រួយបារម្ភយ៉ាងខ្លាំងពីមហាជន ចំពោះការយកកិត្តិយស រូបភាព និងវីរភាពរបស់យោធិនជួរមុខ មកធ្វើជាអាជីវកម្មបោកប្រាស់ទាក់ទាញការអាណិតអាសូរ ដើម្បីប្រមូលផលប្រយោជន៍ផ្ទាល់ខ្លួន។
សមត្ថកិច្ច និងអាជ្ញាធរ សូមអំពាវនាវដល់សាធារណជន៖
• ប្រុងប្រយ័ត្នខ្ពស់៖ មុននឹងសម្រេចចិត្តផ្ទេរប្រាក់ជួយនរណាម្នាក់ ត្រូវផ្ទៀងផ្ទាត់ប្រភព ស្ថាប័ន ឬអត្តសញ្ញាណឱ្យបានច្បាស់លាស់ជាមុនសិន។
• កុំឱ្យជនខិលខូចកេងចំណេញ៖ ការបោកប្រាស់តាមបណ្ដាញសង្គមអាចកើតឡើងគ្រប់រូបភាព — សូមកុំឱ្យទឹកចិត្តសប្បុរសធម៌ដ៏ស្មោះសររបស់បងប្អូន ក្លាយជាឱកាសមាសសម្រាប់ជនខិលខូចកេងប្រវ័ញ្ចឱ្យសោះ។
បច្ចុប្បន្ន បុគ្គល មាស វិជ័យ កំពុងស្ថិតក្រោមការសាកសួររបស់សមត្ថកិច្ចជំនាញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់យ៉ាងម៉ឺងម៉ាត់៕
ដោយ៖តារា










