ភ្នំពេញ៖ ថ្លែងនៅក្នុងពិធីបើកសន្និសីទប្រធានសភានៃអន្តរសភាលើកទី២ (ISC-2) ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ នៅព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានលើកឡើងពី «យុទ្ធសាស្រ្តឈ្លានពានបែបហាន់ចំណិតសាច់ក្រក» (salami slicing strategy) បម្រើឱ្យមហិច្ឆតាទាមទារយកទឹកដី ដែលផ្ទុយពីច្បាប់អន្តរជាតិ ជាពិសេសគោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis)»។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ភាពស្រពិចស្រពិល នៃខ្សែខណ្ឌចែករវាងសង្គ្រាម និងសន្តិភាព។ ការណ៍នេះត្រូវបានស្ដែងឡើងតាមរយៈការប្រើប្រាស់យុទ្ធវិធីប្រផេះ ដែលមិនរុញច្រានស្ថានការណ៍ ឱ្យដល់កម្រិតសង្គ្រាមយោធាបែបប្រពៃណី ប៉ុន្តែទន្ទឹមនេះជាលក្ខណៈរចនាសម្ព័ន្ធ គឺមិនបានផ្ដល់នូវសន្តិភាពពិតប្រាកដនោះទេ។
សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា នេះជាការពិតដ៏ជូរចត់មួយដែលថាកិច្ចព្រមព្រៀងឈប់បាញ់ជារឿយៗ គឺគ្មានអ្វីក្រៅពីក្រដាសមួយសន្លឹកនោះទេដែលមិនអាចធានាសន្តិភាព ស្ថិតស្ថេរបង្កើតទំនុកចិត្ត ឬការពារអាយុជីវិតជនស្លូតត្រង់បានឡើយ។
បន្ថែមពីនេះ សម្តេចប្រធានព្រឹទ្ធសភាកម្ពុជា បានគូសបញ្ជាក់ថា ចេញពីនិន្នាការទាំងនេះយើងអាចមើលឃើញក្របខ័ណ្ឌនៃសង្គ្រាមសណ្ឋាន៖ សង្គ្រាមបំបាក់កម្លាំង, សង្គ្រាមបំបាក់សេដ្ឋកិច្ច និងសង្គ្រាមបំបាក់កេរ្តិ៍ឈ្មោះ។
ត្រង់ចំណុចនេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងចំនួន ៣ចំណុច រួមមាន៖
*ទី១៖ សង្គ្រាមបំបាក់កម្លាំង៖ នេះគឺជាដំណើរការនៃសង្គ្រាមដែលមិនចំជាសង្គ្រាម។ នេះគឺជាជម្លោះរយៈពេលវែងដែលគ្មានការប្រឈមមុខដាក់គ្នាដោយផ្ទាល់ក្នុងទ្រង់ទ្រាយធំ ប៉ុន្តែត្រូវបានវាយប្រហារតាមរយៈការប៉ះទង្គិចគ្នា រប៉ះរប៉ោះជាបន្តបន្ទាប់ និងអូសបន្លាយពេលយូរ។ នេះគឺជាការរត់ម៉ារ៉ាតុងយុទ្ធសាស្ត្រ ដែលភាគីណាដួលមុននឹងបាត់បង់អ្វីៗគ្រប់យ៉ាង។ គោលបំណងចម្បង គឺការបំផ្លាញបន្តិចម្ដងៗនូវកម្លាំងរបស់សត្រូវការបំផ្លាញ កម្លាំងធនធានជាតិ និងការធ្វើឱ្យខូចខាតដល់ស្ថិរភាពផ្ទៃក្នុង រហូតដល់គូបដិបក្ខលែងមានសមត្ថភាពតស៊ូប្រឆាំងតបត។
*ទី២៖ សង្គ្រាមបំបាក់សេដ្ឋកិច្ច៖ នេះរួមបញ្ចូលទាំងការប្រើប្រាស់ពាណិជ្ជកម្ម និងឥទ្ធិពលសេដ្ឋកិច្ចជាអាវុធ ដើម្បីបំផ្លាញស្ថិរភាពជាតិជាប្រព័ន្ធការដាក់ទណ្ឌកម្មសេដ្ឋកិច្ចយ៉ាងទូលំទូលាយការរំខានយ៉ាងធ្ងន់ធ្ងរដល់ខ្សែច្រវាក់ផ្គត់ផ្គង់ ការបិទខ្ទប់ផ្នែកបច្ចេកវិទ្យា និងការបិទខ្ទប់ហិរញ្ញវត្ថុត្រូវបានប្រើប្រាស់ដោយចេតនា ដើម្បីបង្ខំប្រជាជាតិឯករាជ្យឱ្យចុះចាញ់ ដោយមិនចាំបាច់ប្រើគ្រាប់កាំភ្លើង។
*ទី៣៖ សង្គ្រាមបំបាក់កេរ្តិ៍ឈ្មោះ៖ សង្គ្រាមនេះ មានទម្រង់ជាសង្គ្រាមព័ត៌មាន និងសង្គ្រាមចិត្តសាស្ត្រដែលប្រើប្រាស់យុទ្ធនាការលាបពណ៌ជាលក្ខណៈប្រព័ន្ធសង្គ្រាមនេះកេងចំណេញ ពីភាពផុយស្រួយផ្ទៃក្នុងប្រទេសដូចជា ឧក្រិដ្ឋកម្មឆបោកអនឡាញ ឬការប្រើប្រាស់ស្ដង់ដារពីរ លើបញ្ហាសិទ្ធិមនុស្សមកធ្វើជាលេសដ៏សមស្របដើម្បីដាក់សម្ពាធពីខាងកវាយប្រហារលើស្ថាប័ននយោបាយក្នុងស្រុក និងធ្វើឱ្យប្រជាជាតិមួយបាត់បង់ធម្មានុរូបនៅលើឆាកអន្តរជាតិ។
ភ្ជាប់ជាមួយគ្នានេះដែរ សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា ការធ្វើសង្គ្រាមនៅក្នុងសតវត្សរ៍ទី២១ លែងកំណត់ត្រឹមតែជាការប៉ះទង្គិចរវាងកងទ័ព នៅលើសមរភូមិរូបវន្តទៀតហើយ សង្គ្រាមបានវិវត្តទៅជាសំណាញ់ដ៏ស្មុគស្មាញ និងមានច្រើនស្រទាប់នៃវិបត្តិ ដែលប្រទាក់ក្រឡាគ្នាដែលត្រូវបានរចនាឡើង ដើម្បីធ្វើឱ្យសង្គមបាត់បង់ស្ថិរភាពមុនពេលសង្គ្រាមចំហត្រូវបានប្រកាសជាផ្លូវការ។ នៅក្នុងគំរូថ្មីនេះការវាយប្រហារជាយុទ្ធសាស្រ្ត លែងមានការបែងចែកចំពោះប្រជាជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធស្នូលទៀតហើយ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ជម្លោះទំនើបបានឈានដល់ការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធនៃជីវភាពរបស់ប្រជាពលរដ្ឋសាមញ្ញដោយបង្វែរទ្រព្យសាធារណៈឱ្យទៅជាតំបន់សមរភូមិសកម្ម យើងឃើញមានការវាយប្រហារដោយដូនទំនើបតម្រង់ទៅលើសំណង់ស៊ីវិលរួមមាន៖ផ្លូវស្ពានទីសក្ការៈសាសនាសាលារៀន និងរោងចក្រចម្រាញ់ប្រេង។ ទន្ទឹមនេះការបំផ្លិចបំផ្លាញដោយចេតនានៅលើបំពង់បង្ហូរឧស្ម័ន និងការបាញ់ប្រហារទៅលើនាវាពាណិជ្ជកម្មដឹកប្រងឥន្ធនៈ បានក្លាយទៅជាឧបករណ៍ដ៏ងាយស្រួលនៅក្នុងយុទ្ធវិធីនៃល្បែងភូមិសាស្ត្រនយោបាយ ដោយមិនគិតគូរទាល់តែសោះចំពោះផលប៉ះពាល់ដល់សកលលោកទាំងមូល។
សម្តេចតេជោ ហ៊ុន សែន ការប្រើប្រាស់ការអនុវត្តច្បាប់ក្រៅដែនអធិបតេយ្យចំពោះបទល្មើសឆ្លងដែន ដូចជាការឆបោកតាមអនឡាញ ដើម្បីជាលេសកាន់កាប់ទឹកដីប្រទេសដទៃដោយខុសច្បាប់ គឺជាទម្រង់នៃសង្គ្រាមទំនើបមួយនៅក្នុងយុទ្ធវិធីប្រផេះនេះឯង៕
ដោយ៖តារា










