ភ្នំពេញ ៖ លោក Milton Dick ប្រធានរដ្ឋសភាអូស្ត្រាលី និងសម្តេចរដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា បានបង្ហាញគោលបំណងរួមពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីសន្តិភាព ស្ថិរភាព និងវិបុលភាពនៅក្នុងតំបន់។ នេះបើតាមការបញ្ជាក់របស់ស្ថានទូតអូស្ត្រាលី ប្រចាំកម្ពុជា នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦នេះ។
ស្ថានទូតអូស្ត្រាលី ប្រចាំកម្ពុជា បានបញ្ជាក់បន្ថែមថា នៅក្នុងជំនួបពិភាក្សាការងារ កាលពីថ្ងៃទី២៦ ខែសីហា ប្រធានរដ្ឋសភានៃប្រទេសទាំងពីរបានពិភាក្សាអំពី កិច្ចសហប្រតិបត្តិការអន្តរសភា តំណាងសមាជិកដែលមានភាពចម្រុះក្នុងសភា ស្ថាប័នប្រជាធិបតេយ្យ ការអប់រំ និងការចូលរួមរបស់យុវជន។
ទន្ទឹមនឹងនោះ លោកប្រធានរដ្ឋសភាបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់អូស្ត្រាលីចំពោះកម្ពុជា ក្នុងនាមជាដៃគូដ៏យូរអង្វែង ដែលជឿជាក់បាន និងគួរឱ្យទុកចិត្ត៕
...
ដោយ ៖ សិលា













