បែកកង់មុខ! រថយន្តទំនើប SELA8888 ជ្រុលបុករះយានយន្ត ៣គ្រឿង ផ្អើលក្រុងសិរីសោភ័ណ្ឌ របួសធ្ងន់ជាច្រើននាក់

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយ បានកើតឡើងនៅក្រុងសិរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ បន្ទាប់ពីរថយន្តទំនើបម៉ាក SELA8888 ស៊េរីឆ្នាំ២០២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ បាត់ដំបង 2G-8888 សង្ស័យបែកកង់មុខ ខណៈកំពុងធ្វើដំណើរ បណ្តាលឱ្យអ្នកបើកបាត់បង់ការគ្រប់ គ្រង និងជ្រុលបុករះយានយន្តជាបន្តបន្ទាប់ បណ្តាលឱ្យមនុស្សជាច្រើននាក់រងរបួសធ្ងន់។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ១១៖២០នាទីព្រឹក ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ ត្រង់ចំណុចផ្លូវជាតិលេខ៥A ស្ថិតក្នុងភូមិសែសិន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ។

តាមប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុ រថយន្តបង្កបានធ្វើដំណើរពីត្បូងទៅជើង។ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែបែកកង់មុខ បណ្តាលឱ្យអ្នកបើកបរបាត់បង់ការគ្រប់គ្រងដៃចង្កូត និងជ្រុលទៅបុកយានយន្តដែលធ្វើដំណើរតាមផ្លូវជាបន្តបន្ទាប់។

យានយន្តដែលរងការបុករួមមាន៖ រថយន្ត Toyota Prius ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១០ ពាក់ផ្លាកលេខ ភ្នំពេញ 2BV-8106 រងការខូចខាតយ៉ាងដំណំ។ ម៉ូតូម៉ាក Viva ពាក់ផ្លាកលេខរដ្ឋ ដែលជិះដោយមន្ត្រីមន្ទីរសុខាភិបាល រងការបុកប៉ះពេញទំហឹង។ រថយន្ត Toyota Revo ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៧ ពាក់ផ្លាកលេខ បន្ទាយមានជ័យ 3E-3877 របស់មន្ត្រីចរាចរណ៍ក្រុងប៉ោយប៉ែត ក៏រងការខូចខាតយ៉ាងធ្ងន់ធ្ងរ។

ជាមួយគ្នានេះ កម្លាំងបុកបានបណ្តាលឱ្យមនុស្សជាច្រើននាក់រងរបួស ក្នុងនោះមានអ្នករងរបួសធ្ងន់ ដែលត្រូវបានក្រុមគ្រូពេទ្យ និងក្រុមសង្គ្រោះបន្ទាន់ដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យទេវិន ដើម្បីសង្គ្រោះ និងព្យាបាលជាបន្ទាន់។

ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចជំនាញចរាចរណ៍ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានចុះទៅកាន់ទីតាំង ដើម្បីអន្តរាគមន៍ រៀបចំសណ្ដាប់ធ្នាប់ វាស់វែង និងប្រមូលភស្តុតាងពាក់ព័ន្ធ ដើម្បីស្រាវជ្រាវរកមូលហេតុពិតប្រាកដ និងចាត់ការតាមនីតិវិធីច្បាប់។

ករណីនេះក៏ជាសាររំលឹកដល់អ្នកបើកបរគ្រប់រូប ឱ្យបង្កើនការប្រុងប្រយ័ត្ន ពិនិត្យស្ថានភាពយានយន្ត ជាពិសេសប្រព័ន្ធកង់ និងហ្វ្រាំង មុនពេលធ្វើដំណើរ ដើម្បីកាត់បន្ថយហានិភ័យនៃគ្រោះថ្នាក់ចរាចរណ៍ដែលអាចបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់អ្នកដទៃ៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print