ភ្នំពេញ ៖ ជនអនាថា២នាក់ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌសែនសុខសហការជាមួយនគរបាលប៉ុស្តិ៍ទឹកថ្លា ស្រាវជ្រាវឃាត់ខ្លួនបន្ទាប់ពី ធ្វើសកម្មភាពចាក់ទៅលើគូទំនាស់បណ្ដាលឲ្យបុរសម្នាក់ស្លាប់បាត់ បង់ជីវិតនៅពេលបញ្ជូនទៅកាន់ មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ។
ហេតុការណ៍ឃាតកម្មនេះបានកើតឡើងកាលពី៥និង៣០នាទីល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ នៅចំណុចចិញ្ចើមផ្លូវ៥៩៨ ភូមិសេប៉េ សេ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
ជនសង្ស័យដែលត្រូវឃាត់ខ្លួន១.ឈ្មោះ សុខ វិបុល ហៅ ភាក់ ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរ មិនប្រាកដ និង២.ឈ្មោះ ចាន់ សម្បត្តិបញ្ញា ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរ មិនប្រាកដ ។ អ្នកទាំង២ជាជនអនាថានិងប្រើ ប្រាស់គ្រឿងញៀនស្នាក់នៅដីឡូតិ៍ទុកចោលតាម ផ្លូវរថភ្លើង ភូមិសេប៉េសេ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ក្បែរកន្លែងកើតហេតុខាងលើ។
ចំណែកជនរងគ្រោះ ឈ្មោះ ចន ភេទប្រុស អាយុ ៣៤ឆ្នាំ បានស្លាប់បាត់បង់ជីវិតមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ។
នគរបាលខណ្ឌសែនសុខបានឲ្យដឹងថា ជនសង្ស័យទាំងពីរនាក់ត្រូវបានកម្លាំងសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនបាននៅតាមបណ្ដោយផ្លូវរថភ្លើងក្រោយសាកលវិទ្យាល័យភូមិន្ទភ្នំពេញក្នុងសង្កាត់ទឹកល្អក់ទី១ខណ្ឌទួលគោកបន្ទាប់ពីធ្វើសកម្មភាពវាយតប់គ្នានិងចាក់ទៅលើគូទំនាស់មួយកាំបិតចំពោះបណ្ដាឲ្យស្លាប់បាត់បង់ជីវិតនៅពេលបញ្ជូនទៅកាន់មន្ទីរពេទ្យ។បន្ទាប់ពីឃាត់ខ្លួនសមត្ថកិច្ចដកហូតបានថ្នាំញៀនចំនួន៣កញ្ចប់ផងដែរ។
តាមនគរបាលបានឲ្យដឹងទៀតថា នៅមុនពេលកើត ហេតុជនដៃដល់ទាំងពីរនាក់និងជនរងគ្រោះមានទំនាស់វាយតប់គ្នាទៅវិញទៅមករឿងរុះរើកន្លែងស្នាក់ ហើយជនដៃដល់បានយកកូនកាំបិតចាក់ទៅលើជនរងគ្រោះបណ្ដាឲ្យរងរបួសធ្ងន់បញ្ជូនទៅកាន់មន្ទីរពេទ្យ ក្រោយ មកបានស្លាប់បាត់បង់ជីវិត។
តាមចម្លើយសារភាព របស់ជនសង្ស័យ ឈ្មោះ សុខ វិបុលបានឲ្យដឹងទៀតថា នៅ ល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ ខ្លួន បានទៅទិញថ្នាំញៀន០១កញ្ចប់ថង់ តម្លៃ២ម៉ឺនរៀល ពីមនុស្សម្នាក់ នៅក្នុងភូមិបុរីកម្មករ(បឹងឈូក )សង្កាត់ទឹកថ្លា រួចមកអង្គុយ លេងនៅផ្លូវរថភ្លើង សង្កាត់ទឹកថ្លា ស្រាប់ឈ្មោះ ចាន់ សម្បត្តិ បញ្ញា បានរត់ មកហៅនិងប្រាប់ថា« ឈ្មោះ វែង និងឈ្មោះ ចន បានមករុះរើកន្លែងស្នាក់នៅ ។ នៅពេលទៅដល់ក៏ឈ្លោះ វាយប្រតាយប្រតប់គ្នា ដោយឈ្មោះ វែង និងឈ្មោះចន បានយកដងអំបោស និងកំណាត់ដំបងឈើ វាយមក លើខ្លួន(ជនដៃដល់ ឈ្មោះ សុខ វិបុល )បណ្តាលឲ្យ ដួលទៅលើផ្លូវ ហើយខ្លួន បានយកកូន កាំបិតបត់ ចាក់ជនរងគ្រោះឈ្មោះ ចនត្រូវពោះ បណ្តាលឲ្យរបួសហូរឈាម» រួចបញ្ជូនទៅកាន់មន្ទីរពេទ្យក្រោយមកក៏ដាច់ខ្យល់ស្លាប់តែម្ដង៕
ដោយ៖ សុរិយា










