អាជ្ញាធរ ខណ្ឌប្ញស្សីកែវ ចុះធ្វើរដ្ឋបាលតាមផ្ទះជួល បន្ទប់ជួល ក្នុងមូលដ្ឋាន

ចែករំលែក៖

ភ្នំពេញ ៖ លោក ជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ រួមជាមួយ​ លោក​ ហ៊ាង​ ថារ៉េត​ អធិការ​ខណ្ឌ​ឫស្សីកែវ​ កាលពីយប់ ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ បានដឹកនាំកម្លាំងចំរុះ ចុះធ្វើរដ្ឋបាលតាមផ្ទះជួល បន្ទប់ជួល ក្នុងមូលដ្ឋានខណ្ឌ និងបានជួបសំណេះសំណាលជាមួយលោក លោកស្រីជាម្ចាស់ទីតាំង នឹងបងប្អូនជាអ្នកស្នាក់នៅ ដើម្បីណែនាំពីការងារពង្រឹងសន្តិសុខសណ្ដាប់ធ្នាប់ និងជាពិសេសពន្យល់អោយបានយល់ពីខ្លឹមសារ នៃអនុក្រឹត្យលេខ០៣របស់រាជរដ្ឋាភិបាល ផងដែរ។

សូមជម្រាបជូនថា រាជរដ្ឋាភិបាលកម្ពុជាបានចេញផ្សាយ អនុក្រឹត្យលេខ ០៣ អនក្រ.បក ចុះថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ ស្តីពី ការគ្រប់គ្រងសន្តិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្តុំ ជាពិសេសនៅរាជធានីភ្នំពេញ។ អនុក្រឹត្យនេះមានគោលបំណងពង្រឹងការគ្រប់គ្រងរដ្ឋបាលលើទីតាំងដូចជា ផ្ទះជួល បន្ទប់ជួល ផ្ទះសំណាក់ ផ្ទះល្វែង បុរី ឃ្លាំង អគារខុនដូ អាផាតមិន និងសណ្ឋាគារ ដើម្បីទប់ស្កាត់ និងបោសសម្អាតបទល្មើសផ្សេងៗ ជាពិសេសបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS)។

ការអនុវត្តអនុក្រឹត្យនេះតម្រូវឱ្យ ម្ចាស់ផ្ទះ និងអ្នកជួលបន្ទប់ ទាំងអស់សហការជាមួយអាជ្ញាធរមូលដ្ឋានក្នុងការចុះបញ្ជីព័ត៌មានផ្ទាល់ខ្លួន និងព័ត៌មានលំនៅឋានឱ្យបានត្រឹមត្រូវ។ អាជ្ញាធរខណ្ឌ សង្កាត់ ភូមិ បាននិងកំពុងបន្តចុះផ្សព្វផ្សាយ និងត្រួតពិនិត្យផ្ទាល់ដល់ទីតាំងនានា ដើម្បីធានាថាការអនុវត្តអនុក្រឹត្យនេះប្រព្រឹត្តទៅដោយរលូន និងមានប្រសិទ្ធភាព។ គោលដៅសំខាន់គឺដើម្បី រក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ឱ្យបានល្អប្រសើរនៅក្នុងសហគមន៍។

ជាមួយគ្នានេះ លោកអភិបាលក៏បានស្នើសុំអោយ
-លោក លោកស្រី ជាម្ចាស់ទីតាំងទាំងអស់ និង បងប្អូន ចូលរួមថែរក្សាអនាម័យបរិស្ថានឱ្យបានល្អ
នឹងមិនត្រូវពាក់ព័ន្ធបទល្មើសផ្សេងៗជាពិសេសonline scamនេះតែម្ដង

-អាជ្ញាធរសង្កាត់ ប៉ុស្តិ៍នគរបាល ភូមិ ត្រូវបង្កើនការអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឲ្យយល់ដឹង និងបង្កើនការប្រុងប្រយ័ត្នក្នុងការបង្ការទប់ស្កាត់អគ្គិភ័យតាមគ្រប់រូបភាពព្រមទាំងបង្កើនការបំផុសអប់រំប្រជាជនឲ្យចូលរួមការពារ និងប្រុងប្រយ័ត្នកុំឲ្យគ្រោះអគ្គិភ័យកើតឡើងនៅតាមមូលដ្ឋានរបស់ខ្លួន
-អាជ្ញាធរសង្កាត់ត្រូវជួយរៀបចំបន្ថែមភ្លើងបំភ្លឺតាមច្រកផ្លូវចូលបន្ទប់ជួល ដើម្បីសម្រួលដល់ការធ្វើដំណើរជូនបងប្អូនប្រជាពលរដ្ឋ។

-ស្នើរសុំ លោក លោកស្រី ម្ចាស់ទីតាំងផ្ទះជួល បន្ទប់ជួលទាំងអស់ និងបងប្អូនប្រជាពលរដ្ឋ ចូលរួម group telegramតាមសង្កាត់នីមួយៗ ឬអាចទំនាក់ទំនងអាជ្ញាធរខណ្ឌ សង្កាត់ ភូមិ ដើម្បីងាយស្រួលក្នុងការផ្ដល់ពត៏មាន ករណីមានការសង្ស័យ ឬមានបទល្មើសគ្រប់ប្រភេទ ដើម្បីកម្លាំងមានសមត្ថកិច្ចអាចដោះស្រាយបញ្ហាទាំងអស់នោះទាន់ពេលវេលា ស្របទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ស្ដីពី ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព ផងដែរ៕

...

ដោយ៖ ជ្រោយពេជ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print