ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៦នេះ បានដាក់បញ្ជាឱ្យកម្លាំងជំនាញនគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ចុះស្រាវជ្រាវតាមចាប់ឃាត់ខ្លួនក្រុមក្មេងទំនើង (ជនបង្ក)ដែលប្រើអំពើហិង្សាលើអ្នកបើកបរថយន្តមួយគ្រឿង ដែលកំពុងធ្វើដំណើរតាមផ្លូវ យកមកអនុវត្តតាមនីតិវិធីច្បាប់។
សូមជម្រាបជូនថា បន្ទាប់ពីមានការផ្សព្វផ្សាយតាមបណ្តាញសង្គម បានបង្ហោះវីដេអូឃ្លីបពាក់ព័ន្ធករណីក្រុមក្មេងស្ទាវជិះម៉ូតូជាច្រើនគ្រឿង មិនដឹងថាមានមូលហេតុអ្វីនោះទេ បានមកកាក់ពីមុខរថយន្តជនរងគ្រោះ ហើយប្រេីអំពើហិង្សាលើរូបគាត់ នៅចំណុចមុខហាងមួយកន្លែង ផ្លូវជាតិលេខ២ ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ វេលាម៉ោង២២ និង១០នាទី ថ្ងៃទី២៩ ខែសីហា ២០២៦ រួចក៏នាំគ្នាគេចខ្លួនបាត់ស្រមោល។
ក្រោយកេីតហេតុនៅថ្ងៃទី៣០ ខែសីហានេះ ជនរងគ្រោះ បានមកដាក់ពាក្យបណ្តឹងប្ដឹងក្រុមក្មេងស្ទាវទាំងអស់នោះ ឱ្យកម្លាំងសមត្ថកិច្ចជំនាញ យកមកសាកសួរដេីម្បីចាត់ការតាមច្បាប់៕ដោយ៖តារា










