ភ្នំពេញ ៖ សមត្ថកិច្ចក្រោយពីទទួលពាក្យបណ្ដឹងនិងសហការជាមួយការិយាល័យព្រហ្មទណ្ឌឈានដល់កំណត់មុខសញ្ញាឆក់ទូរស័ព្ទរបស់ជនរងគ្រោះរហូតឃាត់បានជនសង្ស័យកំពុងជិះម៉ូតូតាមដងផ្លូវក្នុងមូលដ្ឋានខណ្ឌឬស្សីកែវ ករណីលួចមានស្ថានទម្ងន់ទោស (ឆក់ទូរស័ព្ទមួយគ្រឿងម៉ាក Iphone15) កាលពីវេលាម៉ោង១រសៀល ថ្ងៃទី២៨ ខែសីហា ឆ្នាំ ២០២៦ នៅចំណុចផ្លូវលេខ៩០៧ ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
ដោយអនុវត្តតាមបទបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ និងដឹកនាំបញ្ជាពីលោកឧត្ដមសេនីយ៍ត្រី ប៊ុន សត្យា នឹងលោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌប្ញស្សីកែវ ដឹកនាំកម្លាំងព្រហ្មទណ្ឌនិងប៉ុស៌្តនៃអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ បើកការស្រាវជ្រាវកំណត់មុខសញ្ញាឈានដល់ការឃាត់ខ្លួនបានជនសង្ស័យចំនួន ០១នាក់។
លោក ហ៊ាង ថារ៉េត អធិការនគរបាល
ខណ្ឌប្ញស្សីកែវ បានឲ្យដឹងថា នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ១និង ០០នាទីរសៀលនៅចំណុចផ្លូវលេខ៩០៧ ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញមានករណីលួចមានស្ថានទម្ងន់ទោស (ឆក់ទូរស័ព្ទមួយគ្រឿងម៉ាក Iphone15) កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ ម៉ោង១២ថ្ងៃត្រង់ នៅផ្លូវលេខ១០០៣ ភូមិគង្គាផុស សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ។
លោកហ៊ាង ថារ៉េត បន្តទៀតថា បច្ចុប្បន្នជនសង្ស័យកំពុងត្រូវបានសមត្ថកិច្ចសួរនាំនឹងឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ និងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការដើម្បីចាត់ការតាមនីតិវិធីច្បាប់៕
ដោយ៖ ស ជី










