ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍សង្កត់ធ្ងន់ថា អគារថ្មីនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ត្រូវតែជាទីកន្លែងដែលផ្តល់ភាពកក់ក្តៅ និងជាទីទំនុកចិត្តដល់ប្រជាពលរដ្ឋ ទាំងការការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការផ្តល់សេវាសាធារណៈនានា ជូនប្រជាពលរដ្ឋឱ្យកាន់តែមានភាពរហ័សរហួន ប្រកបដោយតម្លាភាព និងគណនេយ្យភាព។
ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ១ខ្នង កម្ពស់៣ជាន់ មាន១៦បន្ទប់ នាព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមអភិសន្តិបណ្ឌិត បានគូសបញ្ជាក់ថា អគារនេះ ជាសមិទ្ធផលប្រវត្តិសាស្ត្រថ្មីបន្ថែមទៀត នៅក្នុងយុគសម័យសន្តិភាព និយាយជារួម និងនិយាយដោយឡែកក្នុងអាណត្តិ នៃរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយភាពស្វាហាប់ និងឈ្លាសវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។
បើតាម ឯកឧត្តមអភិសន្តិបណ្ឌិត អគារស្នងការដ្ឋាននគរបាល ដ៏ធំទូលាយនេះ នឹងជួយលើកកម្ពស់បរិយាកាសការងាររបស់មន្ត្រីនគរបាលជាតិ តាមរយៈការមានកន្លែងធ្វើការ បំពេញភារកិច្ចត្រឹមត្រូវ និងប្រកបដោយសេចក្តីថ្លៃថ្នូរ ដែលនឹងជួយលើកកម្ពស់ស្មារតីបំពេញកិច្ចការងារ ឱ្យបានកាន់តែមានប្រសិទ្ធភាពថែមទៀត។ ឯកឧត្តមបានសង្កត់ធ្ងន់ថា ទីកន្លែងធ្វើការសមរម្យ ត្រូវតែសមាមាត្រទៅនឹងស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការបម្រើប្រជាពលរដ្ឋ ទាំងការដោះស្រាយបញ្ហា និងការផ្តល់សេវាឱ្យបានឆាប់រហ័ស ទាន់ពេលវេលា និងប្រកបដោយទំនុកចិត្ត។
ប្រមុខក្រសួងមហាផ្ទៃ ក៏បានផ្តល់អនុសាសន៍ណែនាំដល់ថ្នាក់ដឹកនាំ មន្ត្រី និងកងកម្លាំងទាំងអស់ ត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ ក្នុងនាមជាមន្ត្រីអនុវត្តច្បាប់ ត្រូវពង្រឹងវិន័យ និងខិតខំដោះស្រាយទុក្ខលំបាកជូនប្រជាជនដោយសុចរិតភាព ជាពិសេស ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួនគ្រប់ពេលវេលា ព្រមទាំងធ្វើជាគំរូល្អដល់ប្រជាពលរដ្ឋ ព្រោះការគោរពច្បាប់ចរាចរណ៍មិនត្រឹមតែជាការការពារជីវិត និងសុវត្ថិភាពផ្ទាល់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការបង្ហាញពីសីលធម៌ និងការទទួលខុសត្រូវខ្ពស់ក្នុងសង្គម។
សូមបញ្ជាក់ថា អគារថ្មីនេះ បានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤ និងបានបញ្ចប់ការសាងសង់រួចរាល់ជាស្ថាពរ នាថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦។ អគារថ្មីនេះ មានបណ្តោយ ៣៦ម៉ែត្រ និងទទឹង ១៨ម៉ែត្រ មានកម្ពស់ ៣ជាន់ ធ្វើអំពីបេតុងប្រក់ក្បឿង មានក្រឡាផ្ទៃសរុប ៦៤៨ម៉ែត្រការ៉េ មានបន្ទប់ចំនួន ១៦បន្ទប់ សាលប្រជុំធំចំនួន ០១បន្ទប់ បន្ទប់ទទួលភ្ញៀវចំនួន ០១បន្ទប់ បន្ទប់ប្រជុំតូចចំនួន ០១បន្ទប់ បន្ទប់ឌីជីថលចំនួន ០១បន្ទប់ បន្ទប់ទទួលទានអាហារសម្រន់ចំនួន ០១បន្ទប់ និងបានបំពាក់គ្រឿងបរិក្ខារផ្សេងៗ ចំណាយថវិកាសរុបចំនួន ១.០២៦.០០០ ដុល្លារអាម៉េរិក។
ក្នុងឱកាសនោះដែរ ប្រមុខក្រសួងមហាផ្ទៃ ក៏បានសម្តែងនូវការរម្លឹក និងដឹងគុណយ៉ាងជ្រាលជ្រៅចំពោះគុណបំណាច់វីរយុទ្ធជនទាំងអស់ ដែលបានពលីជីវិតក្នុងបុព្វហេតុការពារជាតិ អធិបតេយ្យភាព និងបូរណភាពទឹកដីនាពេលកន្លងមក និងចងចាំជានិច្ចនូវពលិកម្មដ៏ថ្លៃថ្លាមិនអាចកាត់ថ្លៃបាននេះ ព្រមទាំងប្តេជ្ញារួមគ្នាបន្តការពារដែនអធិបតេយ្យជាតិឱ្យបានស្ថិតស្ថេរគង់វង្សតរៀងទៅ សម្រាប់កូនចៅជំនាន់ក្រោយ៕











