ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងនៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៦នេះថា សម្ពាធទាបដែលកើតមាននៅលើមហាសមុទ្រប៉ាស៊ីហ្វិកខាងលិចបានវិវត្តទៅជាព្យុះទី២៤ ឈ្មោះ ក្រវាន់ (Krovanh) T2624 រួមជាមួយនឹងព្យុះទី១៨ ឈ្មោះ សូដេល (Saudel) T2618 កំពុងមានឥទ្ធិពលលើរបបខ្យល់ មូសុងនិរតីដែលបក់លើឈូងសមុទ្របេងហ្គាល សមុទ្រអាន់ដាម៉ាន់ សមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ សមុទ្រ កម្ពុជា និងលើព្រះរាជាណាចក្រកម្ពុជា។ ព្រះរាជាណាចក្រកម្ពុជាពុំស្ថិតនៅក្នុងគន្លងផ្លូវដើររបស់ព្យុះទាំងពីរនេះទេ។ ស្ថានភាពបែបនេះនឹងធ្វើឱ្យធាតុអាកាស ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៦ ៖
១.តំបន់វាលទំនាប៖ ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង សៀមរាប កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង កណ្តាល តាកែវ ស្វាយរៀង និងរាជធានីភ្នំពេញ អាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះគ្រប ដណ្តប់លើផ្ទៃដី ៣០%។
២.តំបន់ខ្ពង់រាប៖ ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ជួរភ្នំដងរែក និងតំបន់ជួរភ្នំក្រវាញ អាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះគ្របដណ្តប់លើផ្ទៃដី ៥០%។
៣.តំបន់មាត់សមុទ្រ៖ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះគ្របដណ្តប់លើផ្ទៃដី ៧០%។ រលកសមុទ្របោកបក់ខ្លាំងដែលមានកម្ពស់មធ្យមអប្បបរមា ០,៥០ម៉ែត្រ និង កម្ពស់មធ្យមអតិបរមា ១,៧០ម៉ែត្រ។
យោងលើការព្យាករដូចបានជម្រាបជូនខាងលើ សូមសាធារណជនមេត្តាប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូតភ្លៀង ផ្គររន្ទះ និងខ្យល់កន្ត្រាក់ ជាពិសេសបងប្អូនដែលធ្វើដំណើរតាមផ្លូវគោកនិងផ្លូវទឹក។ ក្រសួងធនធានទឹក និងឧតុនិយម នឹងបន្តធ្វើការតាមដាន និងវិភាគអំពីស្ថានភាពធាតុអាកាសដើម្បីជម្រាបជូនជាបន្តបន្ទាប់ក្នុងករណីមានការប្រែប្រួល៕
ដោយ៖តារា










