ខេត្តសៀមរាប÷ កម្លាំងនគរបាលខេត្តសៀមរាប បានស្រាវជ្រាវរហូតឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ពាក់ព័ន្ធករណីអំពើលួច និងបានដកហូតបានម៉ូតូចំនួន០១គ្រឿង ប្រគល់ជូនជនរងគ្រោះវិញ។
ដោយអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងក្រោមការយកចិត្តទុកដាក់ខ្ពស់ជាប្រចាំពីសំណាក់លោកប្រាក់ សោភ័ណ ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តសៀមរាប និងការដឹកនាំបញ្ជាផ្ទាល់របស់ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ព្រមទាំងមានកិច្ចសម្របសម្រួលនីតិវិធីពីលោកសៀង សុខ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តសៀមរាប។
នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ ក្រោយទទួលបានពាក្យបណ្តឹងពីជនរងគ្រោះ ពាក់ព័ន្ធករណីអំពើលួច (កាប់គាស់ទម្លុះទម្លាយយកម៉ូតូចំនួន០១គ្រឿង) កម្លាំងនៃអធិការដ្ឋាននគរបាលស្រុកសូទ្រនិគម សហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលសំរោង បានចុះធ្វើការស្រាវជ្រាវរហូតឈានដល់ធ្វើការឃាត់ខ្លួនបានជនសង្ស័យចំនួន០១នាក់៖ ឈ្មោះ កូយ សុជាតិ ភេទ ប្រុស អាយុ ២៦ឆ្នាំ មានទីកន្លែងកំណើត និងអាសយដ្ឋានបច្ចុប្បន្នរស់នៅភូមិរទាំង ឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម ខេត្តសៀមរាប។
នៅចំពោះមុខកម្លាំងសមត្ថកិច្ច ជនសង្ស័យរូបនេះបានឆ្លើយសារភាពថា រូបខ្លួនពិតជាបានធ្វើសកម្មភាពកាប់គាស់ទម្លុះទម្លាយយកម៉ូតូចំនួន០១គ្រឿង របស់ជនរងគ្រោះពិតប្រាកដមែន។ ក្នុងនោះដែរ កម្លាំងសមត្ថកិច្ចបានធ្វើការដកហូតវត្ថុតាងមួយចំនួនរួមមាន៖
១-ម៉ូតូចំនួន ០១គ្រឿង ម៉ាក JINCHENG ពណ៌ខ្មៅ ផលិតឆ្នាំ២០១៨ ពាក់ស្លាកលេខ រដ្ឋ១៤ ១-០៣៨៨ (សមត្ថកិច្ចបានប្រគល់ជូនជនរងគ្រោះយកទៅប្រើប្រាស់វិញ)។
២-ចបជីក ធ្វើអំពីដែកដែលមានប្រវែង ១១០សង់ទីម៉ែត្រ ដែលជនសង្ស័យយកធ្វើសកម្មភាព។
បច្ចុប្បន្នជនសង្ស័យខាងលើរួមទាំងវត្ថុតាង ត្រូវបានកម្លាំងនៃអធិការដ្ឋាននគរបាលស្រុកសូទ្រនិគម ប្រគល់ជូនកម្លាំងនគរបាលផែនការងារព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប កសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តសៀមរាប ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕
ដោយ៖ សុរិយា










