ខេត្តសៀមរាប÷ កម្លាំងកងរាជអាវុធហត្ថស្រុកអង្គរជុំ បានប្រគល់ម៉ូតូ១គ្រឿង ពាក់ព័ន្ធករណីអំពើលួចជូនម្ចាស់ដើម តាមរយៈតំណាងអធិការនគរបាលក្រុងសិរីសោភ័ណ។
នៅវេលាម៉ោង ១០:៣០នាទី ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ ២០២៦ អង្គភាពអាវុធហត្ថស្រុកអង្គរជុំ បានប្រគល់ម៉ូតូ១គ្រឿង ម៉ាក Honda C125 ស៊េរីឆ្នាំ២០២១ លេខតួ និងលេខម៉ាស៊ីន ND125ME5899759 ពាក់ស្លាកលេខ បន្ទាយមានជ័យ 1W-2997 ជូនម្ចាស់ដើមឈ្មោះ ដេត ដឿន ភេទប្រុស អាយុ៤៤ឆ្នាំ មានទីលំនៅភូមិតាបែន ឃុំតាបែន ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ តាមរយៈតំណាងអធិការនគរបាលក្រុងសិរីសោភ័ណ។
ម៉ូតូខាងលើត្រូវបានជនសង្ស័យលួចកាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ នៅចំណុចភូមិខ្លាកូនចាស់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
ក្រោយពីទទួលបានព័ត៌មាននិងធ្វើការស្រាវជ្រាវ កម្លាំងសមត្ថកិច្ចបានរកឃើញម៉ូតូខាងលើនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ នៅចំណុចភូមិគោកត្របែក ឃុំគោកដូង ស្រុកអង្គរជុំខេត្តសៀមរាប។ ចំណែកជនសង្ស័យបានរត់គេចខ្លួនបាត់។
ការប្រគល់ម៉ូតូជូនម្ចាស់ដើមនេះ ធ្វើឡើងបន្ទាប់ពីសមត្ថកិច្ចបានស្រាវជ្រាវរកឃើញ និងបញ្ជាក់អត្តសញ្ញាណទ្រព្យសម្បត្តិដែលពាក់ព័ន្ធនឹងករណីអំពើលួចខាងលើ៕
ដោយ៖ សុរិយា










