ក្លិប Barcelona បានបញ្ចប់ការចុះហត្ថលេខានាំយកខ្សែប្រយុទ្ធ Gabriel Jesus ពី Arsenal ក្នុងតម្លៃ 15 លានអឺរ៉ូ (ប្រហែល 12.8 លានផោន) ជាមួយកិច្ចសន្យារយៈពេល 3 ឆ្នាំ។
ក្រុមជើងឯកអេស្ប៉ាញ ក៏បានព្យាយាមចរចានាំយកខ្សែប្រយុទ្ធ Julian Alvarez ពី Atlético Madrid ផងដែរ ប៉ុន្តែ Atlético បានបញ្ជាក់យ៉ាងច្បាស់ថា ពួកគេមិនមានបំណងចរចាជាមួយគូប្រជែងក្នុង La Liga របស់ខ្លួនឡើយ។
នៅក្នុងពិធីបង្ហាញខ្លួនជាផ្លូវការ ខ្សែប្រយុទ្ធវ័យ 29 ឆ្នាំត្រូវបានសួរថា៖
««ពេញមួយរដូវក្តៅនេះ Barcelona បានស្វែងរកខ្សែប្រយុទ្ធលេខ 9 ហើយបានចាត់ទុក Alvarez ជាជម្រើសទីមួយ។ ដូច្នេះការមកដល់របស់អ្នកគឺជារឿងភ្ញាក់ផ្អើល។ តើអ្នកមានអារម្មណ៍មិនល្អទេ ដែលវាហាក់ដូចជាអ្នកគឺជាជម្រើសទីពីរ ឬទីបី?»»
Jesus បានឆ្លើយតបថា៖
«វាមិនរំខានខ្ញុំទេ។ ខ្ញុំមិនមានអារម្មណ៍អាក់អន់ចិត្តឡើយ។ អ្វីដែលធ្វើឱ្យខ្ញុំអាក់អន់ចិត្ត គឺនៅពេលមាននរណាម្នាក់និយាយថា ខ្ញុំជាមនុស្សអាក្រក់ ព្រោះមិនធ្លាប់មាននរណាម្នាក់និយាយបែបនេះអំពីខ្ញុំក្នុងជីវិតរបស់ខ្ញុំទេ។ ដូច្នេះ រឿងជម្រើសទីពីរ ឬទីបី មិនរំខានខ្ញុំឡើយ។ អ្វីដែលរំខានខ្ញុំ គឺការមិនបានលេងបាល់ទាត់។»
Jesus បានធ្លាក់ចុះក្នុងលំដាប់ជម្រើសរបស់ Arsenal ក្នុងរយៈពេលប៉ុន្មានរដូវកាលចុងក្រោយ ដោយសារបញ្ហារបួស។ លើសពីនេះ Arsenal ក៏បានផ្តល់អាទិភាពដល់ Kai Havertz និង Viktor Gyökeres សម្រាប់តួនាទីខ្សែប្រយុទ្ធកណ្តាលផងដែរ។
ក្លិប Napoli ក៏ធ្លាប់បង្ហាញចំណាប់អារម្មណ៍លើ Jesus ប៉ុន្តែខ្សែប្រយុទ្ធប្រេស៊ីលរូបនេះ បានសម្រេចចូលរួមជាមួយក្រុមជើងឯក La Liga រដូវកាលមុន បន្ទាប់ពីឆ្លងកាត់ការត្រួតពិនិត្យសុខភាពកាលពីថ្ងៃចន្ទ។ កិច្ចព្រមព្រៀងនេះក៏មាន លក្ខខណ្ឌចែកភាគរយពីការលក់បន្ត សម្រាប់ Arsenal ផងដែរ។
Jesus បានផ្ទេរពី Manchester City មក Arsenal ក្នុងឆ្នាំ 2022។ ក្នុងការបង្ហាញខ្លួន 123 ប្រកួត សម្រាប់ Arsenal គាត់រកបាន 32 គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមស៊ុតបាន 22 ដង។
Jesus ក្លាយជាកីឡាករទី 3 ដែល Barcelona ទិញពីក្លិប Premier League ក្នុងទីផ្សាររដូវក្តៅនេះ បន្ទាប់ពីការមកដល់របស់ Anthony Gordon ពី Newcastle និង Rodri ពី Manchester City។
ជាមួយគ្នានេះ Arsenal ក៏បានលក់ Fabio Vieira ទៅក្លិប Hamburger SV ខណៈ Ethan Nwaneri កំពុងខិតជិតដល់ការបញ្ចប់កិច្ចព្រមព្រៀងខ្ចីជើងទៅកាន់ Borussia Dortmund៕










