តើកីឡាករណាខ្លះនៅទំនេរ បន្ទាប់ពីថ្ងៃបិទទីផ្សារដោះដូរកីឡាករ?

ចែករំលែក៖

ទីផ្សារដោះដូរកីឡាកររដូវក្តៅបានបិទជាផ្លូវការហើយ ប៉ុន្តែនៅមានកីឡាករដែលមានសមត្ថភាពជាច្រើនរូបទៀត ដែលបច្ចុប្បន្ន មិនមានក្លិប និងអាចចុះកិច្ចសន្យាចូលរួមជាមួយក្លិបថ្មីដោយ គ្មានតម្លៃផ្ទេរ។

 

BBC Sport បានរំលេចឈ្មោះតារាបាល់ទាត់ល្បីៗមួយចំនួន ដែលបច្ចុប្បន្នផុតកិច្ចសន្យា និងអាចចុះកិច្ចសន្យាជាមួយក្លិបណាមួយបាន។

 

Paul Pogba, 33 ឆ្នាំ

 

ក្លិបចុងក្រោយ៖ Monaco

 

អតីតខ្សែបម្រើ Manchester United គឺ Paul Pogba បានចូលលេងបាល់ទាត់តិចតួចបំផុត ចាប់តាំងពីការហាមឃាត់រយៈពេល 18 ខែពាក់ព័ន្ធនឹងសារធាតុហាមឃាត់របស់គាត់បានបញ្ចប់នៅខែមីនា ឆ្នាំ 2025។

 

កីឡាករបារាំងរូបនេះបានបង្ហាញខ្លួនត្រឹមតែ 6 ប្រកួត សម្រាប់ Monaco បន្ទាប់ពីចូលរួមជាមួយក្លិបកាលពីរដូវក្តៅមុន។ បន្ទាប់ពីជួបបញ្ហារបួសជាបន្តបន្ទាប់ Monaco បានបញ្ចប់កិច្ចសន្យារបស់គាត់កាលពីខែមុន ដែលជាការបញ្ចប់មុនកាលកំណត់ មួយឆ្នាំ។

 

Karim Benzema, 38 ឆ្នាំ

 

ក្លិបចុងក្រោយ៖ Al-Hilal

 

ខ្សែប្រយុទ្ធបារាំង Karim Benzema បានបន្តអាជីពបាល់ទាត់នៅប្រទេសអារ៉ាប៊ីសាអូឌីត ចាប់តាំងពីចាកចេញពី Real Madrid ក្នុងឆ្នាំ 2023 ដោយចំណាយពេល 3 ឆ្នាំជាមួយ Al-Ittihad។

 

ប៉ុន្តែបន្ទាប់ពីចូលរួមជាមួយ Al-Hilal បានត្រឹម 6 ខែ ម្ចាស់ពាន Ballon d’Or រូបនេះបានបញ្ចប់កិច្ចសន្យារបស់ខ្លួន។

 

ការមកដល់របស់ខ្សែប្រយុទ្ធ 3 រូបគឺ Crysencio Summerville, Ollie Watkins និង Gabriel Martinelli ប្រហែលជាបានធ្វើឱ្យ Benzema លែងស្ថិតក្នុងជម្រើសសំខាន់របស់ក្រុម។ ទោះបីគាត់បានបង្ហាញខ្លួន 3 ប្រកួតសម្រាប់ Al-Hilal នៅរដូវកាលនេះរួចក៏ដោយ កិច្ចសន្យារបស់គាត់ត្រូវបានបញ្ចប់នៅថ្ងៃទី 31 ខែសីហា។

 

Riyad Mahrez, 35 ឆ្នាំ

 

ក្លិបចុងក្រោយ៖ Al-Ahli

 

Riyad Mahrez គឺជាកីឡាករម្នាក់ទៀតដែលកិច្ចសន្យាត្រូវបានបញ្ចប់នៅ Saudi Pro League។ ខ្សែបម្រើស្លាបជម្រើសជាតិអាល់ហ្សេរីរូបនេះ គឺជាម្ចាស់ជើងឯក Premier League ចំនួន 5 លើក។

 

Mahrez បានផ្ទេរពី Manchester City ទៅ Al-Ahli ក្នុងឆ្នាំ 2023 ហើយរកបាន 37 គ្រាប់ ក្នុងការបង្ហាញខ្លួន 122 ប្រកួត គ្រប់ការប្រកួត។

 

តាមសេចក្តីរាយការណ៍ គាត់នឹងបន្តអាជីពនៅ Saudi Pro League ហើយកំពុងខិតជិតដល់ការផ្ទេរទៅកាន់ Al-Shabab។

 

Raheem Sterling, 31 ឆ្នាំ

 

ក្លិបចុងក្រោយ៖ Feyenoord

 

Raheem Sterling ត្រូវបាន Feyenoord ដោះលែង បន្ទាប់ពីចូលរួមជាមួយក្លិបបានត្រឹម 3 ខែ និងបង្ហាញខ្លួន 8 ប្រកួត។

 

អតីតខ្សែបម្រើស្លាបរបស់ Manchester City, Liverpool និង Chelsea រូបនេះ ក៏នឹងត្រូវចូលបង្ហាញខ្លួននៅតុលាការនៅខែក្រោយ ដើម្បីប្រឈមនឹងការចោទប្រកាន់ពីបទ បើកបរដោយគ្រោះថ្នាក់ បន្ទាប់ពីរថយន្តរបស់គាត់បានបុករបាំងផ្លូវល្បឿនលឿនកាលពីខែឧសភា។

 

ប្រភពមួយបានប្រាប់ BBC Sport ថា Sterling បានឆ្លងកាត់ រយៈពេលប៉ុន្មានឆ្នាំដ៏លំបាកខ្លាំង ក្នុងអាជីពរបស់គាត់។

 

Philippe Coutinho, 34 ឆ្នាំ

 

ក្លិបចុងក្រោយ៖ Vasco da Gama

 

អតីតខ្សែបម្រើ Liverpool និង Barcelona Philippe Coutinho បានចាកចេញពីក្លិបកុមារភាព Vasco da Gama កាលពីខែកុម្ភៈ ដោយនិយាយថា គាត់មានអារម្មណ៍ថា នឿយហត់ផ្លូវចិត្ត។

 

កីឡាករប្រេស៊ីលរូបនេះមិនទាន់ប្រកាសចូលនិវត្តន៍ជាផ្លូវការនោះទេ ហើយកន្លងមកក៏ធ្លាប់មានព័ត៌មានថា គាត់អាចផ្ទេរទៅលេងនៅ MLS ផងដែរ។

 

Jadon Sancho, 26 ឆ្នាំ

 

ក្លិបចុងក្រោយ៖ Manchester United

 

ប៉ុន្មានឆ្នាំចុងក្រោយនេះ គឺជារយៈពេលដ៏មានភាពចម្រូងចម្រាសសម្រាប់ Jadon Sancho ចាប់តាំងពីគាត់ផ្ទេរពី Borussia Dortmund ទៅ Manchester United ក្នុងតម្លៃ 73 លានផោន កាលពីឆ្នាំ 2021។

 

គាត់បានចំណាយពេល 2 ឆ្នាំកន្លះចុងក្រោយ លេងឱ្យក្លិបផ្សេងៗក្នុងលក្ខខណ្ឌ ខ្ចីជើង ហើយចុងក្រោយបំផុតបានទៅ Aston Villa បន្ទាប់ពីរយៈពេលមិនសូវជោគជ័យនៅ Chelsea។

 

Sancho បានបង្ហាញខ្លួនត្រឹមតែ 30 ប្រកួតនៅ Premier League សម្រាប់ Manchester United ប៉ុណ្ណោះ។ តាមសេចក្តីរាយការណ៍ គាត់បានឈានដល់កិច្ចព្រមព្រៀងផ្ទេរទៅកាន់ក្លិបប្រេស៊ីល Palmeiras។

 

Dani Carvajal, 34 ឆ្នាំ

 

ក្លិបចុងក្រោយ៖ Real Madrid

 

Dani Carvajal ត្រូវបានគេចាត់ទុកយ៉ាងទូលំទូលាយថា ជា ខ្សែការពារស្លាបស្តាំឆ្នើមម្នាក់ក្នុងជំនាន់របស់គាត់។ បច្ចុប្បន្នគាត់ជាកីឡាករគ្មានក្លិប បន្ទាប់ពីកិច្ចសន្យាជាមួយ Real Madrid បានផុតកំណត់នៅខែមិថុនា។

 

Carvajal បានបង្ហាញខ្លួន 451 ប្រកួត គ្រប់ការប្រកួតសម្រាប់ Real Madrid ក្នុងរយៈពេល 13 ឆ្នាំ។ រហូតមកដល់ពេលនេះ គាត់មិនទាន់មានព័ត៌មានភ្ជាប់ជាមួយក្លិបថ្មីណាមួយឡើយ។

 

តាមសេចក្តីរាយការណ៍ គាត់បានហ្វឹកហាត់នៅមជ្ឈមណ្ឌលរបស់ សហព័ន្ធបាល់ទាត់អេស្ប៉ាញ ក្នុងអំឡុងរដូវក្តៅនេះ ជាមួយមិត្តរួមជាតិ និងអតីតកីឡាករគ្មានក្លិប Joselu។

 

Jamie Vardy, 39 ឆ្នាំ

 

ក្លិបចុងក្រោយ៖ Cremonese

 

Jamie Vardy បានចំណាយពេលរដូវកាលមុនជាមួយ Cremonese បន្ទាប់ពីលេងឱ្យ Leicester City អស់រយៈពេល 13 ឆ្នាំ។ ប៉ុន្តែការធ្លាក់ទៅកាន់ Serie B បានជំរុញឱ្យក្លិបអ៊ីតាលីសម្រេចមិនបន្តកិច្ចសន្យាជាមួយខ្សែប្រយុទ្ធរូបនេះ។

 

Vardy ត្រូវបានផ្សារភ្ជាប់យ៉ាងខ្លាំងជាមួយការវិលត្រឡប់ទៅកាន់ English Football League (EFL) វិញ ដោយមានក្លិប Wrexham, Sheffield Wednesday និង West Ham ត្រូវបានរាយការណ៍ថា កំពុងចាប់អារម្មណ៍។

 

David Alaba, 34 ឆ្នាំ

 

ក្លិបចុងក្រោយ៖ Real Madrid

 

ខ្សែការពារដែលមានបទពិសោធន៍ David Alaba បានចាកចេញពី Real Madrid កាលពីខែឧសភា បន្ទាប់ពីចំណាយពេល 5 ឆ្នាំជាមួយក្លិប។

 

អំឡុងរដូវក្តៅនេះ មានពេលមួយ Manchester United ត្រូវបានក្រុមហ៊ុនភ្នាល់ចាត់ទុកថា ជាក្លិបដែលមានឱកាសខ្ពស់បំផុតក្នុងការចុះហត្ថលេខានាំយកកីឡាករអូទ្រីសរូបនេះ។

 

អតីតតារារបស់ Bayern Munich មានអាជីពដ៏ជោគជ័យ ដោយបានឈ្នះ ជើងឯកលីគ 12 លើក និង Champions League 4 លើក។

 

ទោះបីមានព័ត៌មានថា ក្លិបជាច្រើនចាប់អារម្មណ៍លើគាត់ បន្ទាប់ពីកិច្ចសន្យាជាមួយ Real Madrid ផុតកំណត់ក៏ដោយ រហូតមកដល់ពេលនេះ Alaba មិនទាន់ចុះកិច្ចសន្យាជាមួយក្លិបថ្មីណាមួយឡើយ។

 

Sergio Ramos, 40 ឆ្នាំ

 

ក្លិបចុងក្រោយ៖ Monterrey

 

ខ្សែការពារជើងចាស់ និងជាវីរបុរសបាល់ទាត់អេស្ប៉ាញ Sergio Ramos បាននៅក្នុងស្ថានភាពគ្មានក្លិប ចាប់តាំងពីខែធ្នូ ឆ្នាំ 2025 បន្ទាប់ពីចាកចេញពីក្លិបម៉ិកស៊ិក Monterrey។

 

ទោះបីមានអាយុ 40 ឆ្នាំក៏ដោយ Ramos មិនទាន់ប្រកាសចូលនិវត្តន៍ពីបាល់ទាត់ឡើយ ហើយរបាយការណ៍មួយចំនួនបានឱ្យដឹងថា គាត់នៅតែមានអារម្មណ៍ថា ខ្លួនមានកាយសម្បទាគ្រប់គ្រាន់ ដើម្បីប្រកួតប្រជែងនៅកម្រិតខ្ពស់។

...

 

កាលពីដើមឆ្នាំនេះ Ramos ក៏បានដឹកនាំក្រុមអ្នកវិនិយោគមួយ ដែលព្យាយាមទិញ ភាគហ៊ុនគ្រប់គ្រង នៅក្លិបចាស់របស់គាត់ Sevilla ប៉ុន្តែការដេញថ្លៃនោះមិនទទួលបានជោគជ័យឡើយ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print