ភ្នំពេញ ៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយពេលជិះម៉ូតូបុករថយន្តក្នុងទិសដៅបញ្រ្ចាសគ្នាចំពីមុខយ៉ាងពេញទំហឹង កាលពីវេលាម៉ោង១:៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៦ ស្ថិតនៅលើផ្លូវជាតិលេខ៤ ក្នុងសង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តកូរ៉េមួយគ្រឿងពាក់ផ្លាកលេខ ភ្នំពេញ 3F-2435 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៤ក្នុងទិសដៅពីលិចទៅកើតដោយល្បឿនលឿនមធ្យម លុះពេលបើកមកដល់ចំណុចកើតហេតុខាងលើស្រាប់តែមានម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីម ពណ៌ខ្មៅពាក់ផ្លាកលេខ ព្រៃវែង 1H-35 41 ជិះដោយបុរសម្នាក់ធ្វើដំណើរក្នុងទិសដៅបញ្រ្ចាសគ្នាពីកើតទៅលិចក្នុងល្បឿនលឿនក៏ជ្រុលទៅបុកចំពីមុខរថយន្តយ៉ាងពេញទំហឹងបណ្តាលឲ្យបុរសរងគ្រោះជាម្ចាស់ម៉ូតូ ស្លាប់ភ្លាមៗ ចំណែកអ្នកបើករថយន្តបានរត់គេចខ្លួនបាត់ស្រមោល។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានសហការជាមួយមន្ត្រីជំនាញចរាចរណ៍បានចុះមកវាស់វែងស្ទូចយករថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជំនាញផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំការដោះស្រាយនៅពេលក្រោយ។ ចំណែកសពសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
ដោយ ៖ ភារ៉ា ដង្កោ










