ប្រធានាធិបតី Trump ចង់ឱ្យអឺរ៉ុបសងប្រាក់វិញដល់សហរដ្ឋអាមេរិកសម្រាប់ការចំណាយលើជំនួយរបស់ខ្លួនដល់អ៊ុយក្រែន

ចែករំលែក៖

សារព័ត៌មាន Reuters បានផ្សាយថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃព្រហស្បតិ៍ ទី៣ ខែកញ្ញា ឆ្នាំ២០២៦ បាននិយាយថារូបលោកនឹងស្នើសុំឱ្យបណ្ដាប្រទេសអឺរ៉ុបសងប្រាក់ឱ្យសហរដ្ឋអាមេរិកវិញ សម្រាប់ការផ្ដល់ជំនួយយោធា និងអាវុធទៅឱ្យអ៊ុយក្រែននាពេលកន្លងមក ហើយហាក់បង្ហាញពីសញ្ញានៃការផ្អាកលក់អាវុធឱ្យសម្ព័ន្ធមិត្ត។

នៅក្នុងការបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម លោក ត្រាំ ក៏បានរិះគន់ផងដែរលើសេចក្ដីរាយការណ៍ពីការថយចុះយ៉ាងខ្លាំងនូវស្ដុកអាវុធរបស់សហរដ្ឋអាមេរិកដោយសារតែសង្រ្គាមជាមួយអ៉ីរ៉ង់ ជាមួយការអះអាងថាសហរដ្ឋអាមេរិកបាន និងកំពុងបង្កើនការផលិត និងបំពេញស្ដុកអាវុធ។ «យើងកំពុងរក្សាទុកអាវុធសម្រាប់ប្រើដើម្បីខ្លួនឯង គឺសហរដ្ឋអាមេរិក ជាជាងលក់ទៅឱ្យបណ្ដាប្រទេសដទៃ»។ នេះជាការបញ្ជាក់របស់លោក ត្រាំ តែយ៉ាងណា លោកបានបង្ហើបឱ្យដឹងថាការលក់អាវុធទៅឱ្យសម្ព័ន្ធមិត្តអាចនឹងធ្វើឡើងជាថ្មីក្នុងពេលឆាប់ៗ។
ដោយឡែក ពាក់ព័ន្ធនឹងអ៊ុយក្រែន លោក ត្រាំ បាននិយាយថាសហរដ្ឋអាមេរិកបានផ្ដល់ជំនួយយោធា និងអាវុធក្នុងទំហំទឹកប្រាក់រាប់ពាន់លានដុល្លារទៅឱ្យទីក្រុងកៀវ និង NATO ដោយឥតគិតថ្លៃ នាពេលកន្លងមកពោលគឺនៅក្រោមអាណត្តិរបស់អតីតប្រធានាធិបតីអាមេរិក លោក ចូ បៃដិន។ ដូច្នេះអឺរ៉ុបនឹងត្រូវសងប្រាក់ទាំងនោះមកវិញ ហើយសហរដ្ឋអាមេរិកនឹងស្នើឱ្យអឺរ៉ុបសងប្រាក់។
កាលពីឆ្នាំ២០២៥ សហរដ្ឋអាមេរិក និង NATO បានបង្កើតកម្មវិធីមួយដែលតម្រូវឱ្យបណ្ដាប្រទេសអឺរ៉ុបចេញថ្លៃចំណាយលើការផ្គត់ផ្គង់ឱ្យអ៊ុយក្រែននូវអាវុធដែលទិញពីសហរដ្ឋអាមេរិក។ Reuters កាលពីខែសីហា បានឱ្យដឹងថាស្ដុកអាវុធអាមេរិកបានថយចុះយ៉ាងខ្លាំង នៅក្នុងសង្រ្គាមជាមួយអ៉ីរ៉ង់ ដែលនេះបាន និងកំពុងបង្កការព្រួយបារម្ភចំពោះការត្រៀមលក្ខណៈរបស់យោធាអាមេរិកសម្រាប់ជម្លោះណាមួយនៅពេលអនាគត៕

រូប​ថត​: Reuters

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print