ភ្នំពេញ ៖ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិបានឲ្យដឹងថា នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង ៩:០០ព្រឹក លោក ឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន រដ្ឋលេខាធិការក្រសួងការពារជាតិ បានដឹកនាំធ្វើបទបង្ហាញជូនក្រុមអនុព័ន្ធយោធាបរទេសប្រចាំព្រះរាជាណាចក្រ កម្ពុជា (MACPP) ដែលមានចំនួន ២២រូប តំណាងមកពី ១៨ប្រទេស ស្តីពីបច្ចុប្បន្នភាព និងស្ថានការណ៍ ចុងក្រោយតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅទីស្តីការក្រសួងការពារជាតិ។
នៅក្នុងបទបង្ហាញនោះដែរ លោករដ្ឋលេខាធិការ បានសង្កត់ធ្ងន់ថា បើទោះបីជាភាគីទាំងពីរបានព្រមព្រៀងគ្នាលើបទឈប់បាញ់ និងមានយន្តការសម្រាប់អនុវត្តដើម្បីដោះស្រាយបញ្ហាព្រំដែនរវាងប្រទេសទាំងពីរយ៉ាងណាក្តី ក៏ស្ថានការណ៍ជាក់ស្តែងនៅតាមបណ្តោយព្រំដែននៅតែប្រឈមនឹងផលប៉ះពាល់អវិជ្ជមានមួយចំនួន ដូចជា ការចល័តកងទ័ព ការរាយបន្លាលួស ការដាក់កុងតឺន័រ និងការសាងសង់សំណង់រឹង ដែលបាននិងកំពុងផ្លាស់ប្តូរស្ថានភាពជាក់ស្តែងនៅលើដី និងរារាំងដល់ការវិលត្រឡប់របស់ប្រជាជនស្លូតត្រង់កម្ពុជាទៅកាន់លំនៅឋានរបស់ខ្លួនវិញ។ បញ្ហាទាំងនេះ នៅតែជាបញ្ហាប្រឈម និងទាមទារឱ្យមានការដោះស្រាយជាបន្ទាន់។
ជាមួយគ្នានេះដែរ លោករដ្ឋលេខាធិការ បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ស្មោះត្រង់ និងសុចរិត របស់កម្ពុជា ក្នុងការគោរព និងអនុវត្តយ៉ាងពេញលេញ និងខ្ជាប់ខ្ជួនបំផុត នូវសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេស លើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ សេចក្តីថ្លែង-ការណ៍រួម ស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា និងថៃ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេង ទៀត ដើម្បីឆ្ពោះទៅរកការធ្វើឱ្យស្ថានការណ៍ប្រសើរឡើងវិញក្នុងពេលឆាប់ៗ និងការវិលត្រឡប់ទៅរកភាពប្រក្រតី សន្តិភាព និងស្ថិរភាពយូរអង្វែង៕
ដោយ ៖ សិលា










