ខ្សែបម្រើរបស់ Fenerbahceកីឡាករ Matteo Guendouzi ត្រូវបានសហព័ន្ធបាល់ទាត់អឺរ៉ុប (UEFA) ដាក់ពិន័យ ព្យួរការប្រកួតនៅតំបន់អឺរ៉ុបចំនួន ៤ប្រកួត ក្នុងនោះ ២ប្រកួតត្រូវបានព្យួរទោស និងពិន័យជាប្រាក់ 50,000 អឺរ៉ូ (ប្រហែល 43,000 ផោន) ចំពោះការចូលរួមក្នុងហេតុការណ៍ប្រវាយប្រតប់ បន្ទាប់ពី Fenerbahce ឈ្នះ Lyon ក្នុងវគ្គ Play-off នៃ UEFA Champions League។
ខ្សែប្រយុទ្ធអង់គ្លេសរបស់ក្លិបទួរគី Mason Greenwood ត្រូវបានពិន័យ ព្យួរការប្រកួត ១ប្រកួត ដោយទោសនេះត្រូវបានព្យួរ និងស្ថិតក្រោម រយៈពេលត្រួតពិនិត្យ ១ឆ្នាំ ព្រមទាំងពិន័យជាប្រាក់ 30,000 អឺរ៉ូ (ប្រហែល 26,000 ផោន)។
ចំណែកគ្រូបង្វឹកអ្នកចាំទីរបស់ Lyon លោក Antonio Ferreira ត្រូវបាន UEFA ដាក់ពិន័យព្យួរការប្រកួតចំនួន ៥ប្រកួត ក្នុងនោះ ២ប្រកួតត្រូវបានព្យួរទោស ដោយសារអ្វីដែល UEFA ចាត់ទុកថាជា “ការវាយប្រហារធ្ងន់ធ្ងរ” បន្ទាប់ពីការប្រកួត។
ជ័យជម្នះរបស់ Fenerbahce លើ Lyon បានធ្វើឱ្យពួកគេឈានទៅកាន់ វគ្គ League Phase នៃ Champions League ដោយឈ្នះទាំងពីរជើងក្នុងលទ្ធផលសរុប 3-2។
Guendouzi ត្រូវបានដាក់ទណ្ឌកម្មពីបទ ប្រមាថអ្នកដែលមានវត្តមានក្នុងការប្រកួត បង្កការញុះញង់ដល់អ្នកទស្សនា និងរំលោភលើគោលការណ៍មូលដ្ឋាននៃអាកប្បកិរិយាសមរម្យ។
Greenwood ដែលបានផ្ទេរពីគូប្រជែងដ៏ខ្លាំងរបស់ Lyon គឺ Marseille មកកាន់ Fenerbahce នៅរដូវក្តៅនេះ ត្រូវបានពិន័យពីបទ រំលោភលើគោលការណ៍មូលដ្ឋាននៃអាកប្បកិរិយាសមរម្យ។
ក្លិបទាំងពីរ ក៏ត្រូវបានពិន័យជាប្រាក់ 50,000 អឺរ៉ូ ដោយសារក្រុមរបស់ពួកគេបាន រំលោភលើគោលការណ៍ទូទៅ និងគោលការណ៍មូលដ្ឋាននៃអាកប្បកិរិយា។
Fenerbahce បានចេញសេចក្តីថ្លែងការណ៍ឆ្លើយតបថា៖
«ក្លិបរបស់យើងកំពុងពិនិត្យមើលសេចក្តីសម្រេច និងហេតុផលដែល UEFA បានចេញផ្សាយ តាមរយៈផ្នែកច្បាប់របស់ក្លិប ហើយនឹងអនុវត្តនីតិវិធីអាជ្ញាកណ្តាល និងប្តឹងឧទ្ធរណ៍ដែលចាំបាច់ទៅកាន់គណៈកម្មការប្តឹងឧទ្ធរណ៍របស់ UEFA ប្រឆាំងនឹងទណ្ឌកម្មដែលត្រូវបានដាក់។»
Guendouzi ដែលជាអតីតខ្សែបម្រើ Arsenal និងធ្លាប់លេងឱ្យ Marseille ចន្លោះឆ្នាំ 2021 ដល់ 2024 ត្រូវបានអ្នកគាំទ្រ Lyon ស្រែកចំអក និងប៊ូ ជាបន្តបន្ទាប់ក្នុងអំឡុងការប្រកួត។
បន្ទាប់ពី Fenerbahce ទទួលជ័យជម្នះ គេត្រូវបានគេឃើញធ្វើកាយវិការចំអកទៅកាន់អ្នកគាំទ្រមួយចំនួនរបស់ក្រុមម្ចាស់ផ្ទះ ហើយមិត្តរួមក្រុមបានព្យាយាមនាំគេចេញពីទីនោះ ខណៈស្ថានការណ៍ចាប់ផ្តើមតានតឹង។
បន្ទាប់ពីការប្រវាយប្រតប់នៅពេលអាជ្ញាកណ្តាលផ្លុំកញ្ចែបញ្ចប់ការប្រកួត Guendouzi ត្រូវបានគេឃើញស្រែកថា “Allez l’OM” ទៅកាន់កាមេរ៉ាក្បែរទីលាន ដែលជាការសំដៅទៅលើអតីតក្លិបរបស់គេ Marseille។
វីដេអូដែលកំពុងផ្សព្វផ្សាយនៅលើបណ្តាញសង្គម ក៏ហាក់ដូចជាបង្ហាញថា បុគ្គលម្នាក់ដែលពាក់អាវ Lyon បានចូលមកប្រឈមមុខជាមួយ Guendouzi ខណៈខ្សែបម្រើជម្រើសជាតិបារាំងរូបនេះកំពុងធ្វើដំណើរទៅកាន់ផ្លូវចូលបន្ទប់ផ្លាស់សម្លៀកបំពាក់។ បុគ្គលិកសន្តិសុខ និងសមាជិកក្រុមទាំងពីរ ក៏បានចូលមកពាក់ព័ន្ធក្នុងហេតុការណ៍នេះ។
បន្ទាប់មក ការប្រវាយប្រតប់គ្នាជាក្រុម បានកើតឡើងនៅក្នុងផ្លូវទៅកាន់បន្ទប់ផ្លាស់សម្លៀកបំពាក់រវាងកីឡាកររបស់ក្រុមទាំងពីរ។
ក្រោយការប្រកួត Guendouzi បានប្រាប់អ្នកសារព័ត៌មានថា គេមានអារម្មណ៍ថា “មិនត្រូវបានគោរព” ដោយអ្នកគាំទ្រ Lyon ដែលបានស្រែកប្រមាថ និងនិយាយប៉ះពាល់ដល់គ្រួសាររបស់គេ។
គេបានបន្ថែមថា៖ «ប្រសិនបើយើងមិនអាចអបអរជ័យជម្នះតាមរបៀបដែលយើងចង់បានទេ ខ្ញុំគិតថាវាជារឿងគួរឱ្យខកចិត្ត។» «នៅពេលមានមនុស្ស 60,000 នាក់ ប្រមាថគ្រួសាររបស់អ្នក ម្តាយរបស់អ្នក និងកូនៗរបស់អ្នក សូម្បីតែមុនការប្រកួតចាប់ផ្តើម ហើយគ្មាននរណាម្នាក់ខាងអាជ្ញាកណ្តាលប្រាប់អ្នកគាំទ្រឱ្យស្ងប់ស្ងាត់។»
«ខ្ញុំដឹងថានៅប្រទេសបារាំង នៅពេលមានរឿងបែបនេះកើតឡើង វានឹងឈានដល់ចំណុចមួយដែលអាជ្ញាកណ្តាល ឬមន្ត្រីប្រកួតនឹងនិយាយទៅកាន់អ្នកគាំទ្រ ដើម្បីឱ្យពួកគេបញ្ឈប់ ហើយក្នុងករណីខ្លះ អាចឈានដល់ការបញ្ឈប់ការប្រកួត៕»










