ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសង្កត់ធ្ងន់ថា ពន្ធនាគារត្រូវតែជាទីកន្លែងស្អាតស្អំ គ្មានរឿងអាស្រូវ និងជាកន្លែងអប់រំកែប្រែអ្នកជាប់ឃុំឱ្យក្លាយជាពលរដ្ឋល្អឡើងវិញ ដោយផ្តោតលើការកែប្រែឥរិយាបថ ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងការផ្តល់ឱកាសក្នុងការកសាងជីវិតថ្មីប្រកបដោយកិត្តិយស ពេលត្រឡប់ចូលក្នុងសង្គមវិញ។
ការថ្លែងបែបនេះ ធ្វើឡើងក្នុងឱកាសដែល ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ កែ សួនសុភី ស សុខា អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ អគារឃុំឃាំង អគាររដ្ឋបាល និងសមិទ្ធផលនានានៅពន្ធនាគារខេត្តកែប ស្ថិតក្នុងភូមិអន្ទង់ស ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប នាព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៦។
បើតាមការរាយការណ៍របស់ ឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ បានឱ្យដឹងថា ពន្ធនាគារខេត្តកែបនេះ ត្រូវបានបង្កើតឡើងតាមប្រកាសរបស់ក្រសួងមហាផ្ទៃ ចុះថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ ដោយសាងសង់លើផ្ទៃដីសរុបជិត ៦ហិកតា។
បើតាមឯកឧត្តមអគ្គនាយក បច្ចុប្បន្ន ការសាងសង់ដំណាក់កាលទី១ ត្រូវបានបញ្ចប់ជាស្ថាពរ រួមមាន អគារឃុំឃាំង ១ខ្នង (ទំហំ ១២មx៣៤ម កម្ពស់២ជាន់ មាន ១២បន្ទប់) អគាររដ្ឋបាល ១ខ្នង (ទំហំ ៩មx២៤,៥ម កម្ពស់១ជាន់ មាន ៥បន្ទប់), ផ្លូវបេតុង ១ខ្សែ (ទទឹង ៨ម និងប្រវែង ៤៨២ម) ព្រមទាំងសមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធអមផ្សេងៗជាច្រើនទៀត។
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានចាត់ទុកសមិទ្ធផលដែលដាក់ឱ្យប្រើប្រាស់នាពេលនេះ គឺជាជំហានវិជ្ជមានដ៏សំខាន់មួយ ក្នុងការចូលរួមកាត់បន្ថយភាពចង្អៀតណែននៅតាមពន្ធនាគារ ក្រោមការយកចិត្តទុកដាក់ខ្ពស់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់លក្ខខណ្ឌរស់នៅ និងការគ្រប់គ្រងជនជាប់ឃុំឱ្យកាន់តែមានប្រសិទ្ធភាព ខណៈបច្ចុប្បន្ន ជនជាប់ឃុំនៅទូទាំងប្រទេសមានជាង ៧២.០០០នាក់។
ក្នុងឱកាសនោះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានណែនាំយ៉ាងម៉ឺងម៉ាត់ដល់ថ្នាក់ដឹកនាំ និងមន្ត្រីអនុរក្សពន្ធនាគារទាំងអស់ ត្រូវរួមគ្នារក្សាឱ្យបាននូវទំហំផ្ទៃដីពន្ធនាគារដែលមានស្រាប់ និងពិនិត្យឡើងវិញនូវទិដ្ឋភាពច្បាប់ពាក់ព័ន្ធនឹងស្ត្រីមានផ្ទៃពោះ និងជនបរទេសគ្មានអ្នកទីពឹង ដើម្បីធានាការផ្តល់ការអប់រំ និងថែទាំដល់កុមារ ព្រមទាំងត្រូវបែងចែកជនជាប់ឃុំជាអ្នកជួញដូរគ្រឿងញៀន និងអ្នកប្រើប្រាស់គ្រឿងញៀនឱ្យនៅដាច់ដោយឡែកពីគ្នា។
ប្រមុខក្រសួងមហាផ្ទៃ ក៏បានផ្ញើសារដាស់ស្មារតីដល់មន្ត្រីក្នុងក្របខ័ណ្ឌទាំងបី ឱ្យប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ ដោយឡែកសម្រាប់ក្របខ័ណ្ឌមន្ត្រីពន្ធនាគារ ត្រូវរក្សាឱ្យបាននូវប្រសិទ្ធភាពគ្រប់គ្រង ទាំងការគោរពសិទ្ធិអ្នកជាប់ឃុំ និងជាពិសេសត្រូវអនុវត្តវិន័យយ៉ាងតឹងរ៉ឹងបំផុត ដើម្បីទប់ស្កាត់មិនឱ្យមានរឿងអាស្រូវណាមួយកើតឡើងជាដាច់ខាត។
ក្នុងន័យនេះ ឯកឧត្តមអភិសន្តិបណ្ឌិត បានណែនាំឱ្យរឹតបន្តឹងការត្រួតពិនិត្យនៅតាមច្រកចេញ-ចូលនីមួយៗ ទាំងការចូលសួរសុខទុក្ខពីសំណាក់សាច់ញាតិ ដោយត្រូវឆែកឆេរឱ្យបានស្ទាត់ជំនាញ ម៉ឺងម៉ាត់ និងគ្រប់ជ្រុងជ្រោយ ដើម្បីទប់ស្កាត់ដាច់ខាតនូវការលួចលាក់នាំចូលគ្រឿងញៀន អាវុធ ឧបករណ៍បម្រាម ឬសម្ភារខុសច្បាប់ផ្សេងៗចូលក្នុងពន្ធនាគារ។
ចេញពីវេទិកានោះដែរ ប្រមុខក្រសួងមហាផ្ទៃ ក៏បានផ្ញើសារក្រើនរំលឹកជាថ្មីម្តងទៀត ដល់ប្រជាពលរដ្ឋទូទៅ ព្រមទាំងមន្ត្រីរាជការទាំងអស់ ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន មិនថាតែនៅក្នុងរាជធានី-ខេត្តប្រឈមទាំង៥ ឬនៅក្រៅតំបន់ទាំងនោះឡើយ ហើយជាមួយគ្នានេះក្រសួងមហាផ្ទៃនឹងដាក់ឱ្យដំណើរការ រថយន្តស្កេន ដើម្បីត្រួតពិនិត្យមធ្យោបាយធ្វើដំណើរដែលគ្មានពន្ធ និងល្មើសច្បាប់ចរាចរណ៍តាមដងផ្លូវសាធារណៈ៕











