ខេត្តស្វាយរៀង:រដ្ឋបាលក្រុងស្វាយរៀង បានអញ្ជើញបុរសម្នាក់ មកធ្វើកិច្ចសន្យា និងណែនាំបន្ទាប់ពី យកសំរាមមកចោលនៅទីសាធារណៈ។
អាជ្ញាធរក្រុង បានបញ្ជាក់ថា ថ្ងៃអាទិត្យ ៩រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៦ មាន បុរសម្នាក់បានយក សំរាមមកចោលនៅទីសាធារណៈ ស្ថិតនៅភូមិធ្លក សង្កាត់សង្ឃ័រ។
តាមរយៈការស្រាវជ្រាវ និងពិនិត្យកាមេរ៉ាសុវត្ថិភាព រដ្ឋបាលក្រុងស្វាយរៀង បានកំណត់អត្តសញ្ញាណបុគ្គលដែលបានដឹកសំរាមមកចោលនៅទីតាំងខាងលើ ដោយបុគ្គលនោះត្រូវបានអញ្ជើញមកធ្វើកិច្ចសន្យា និងណែនាំឱ្យប្រមូលសំរាមយកទៅចោលនៅទីលានចាក់សំរាមវិញ។
រដ្ឋបាលក្រុងស្វាយរៀង សូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់មេត្តាចូលរួមថែរក្សាអនាម័យ បរិស្ថាន និងសោភ័ណភាពទីក្រុង ដោយ មិនត្រូវយកសំរាមទៅចោលនៅតាមទីសាធារណៈ ផ្លូវ សួនច្បារ ប្រឡាយ ឬទីតាំងដែលមិនបានកំណត់។
ត្រូវវេចខ្ចប់ និងទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ដើម្បីងាយស្រួលក្នុងការប្រមូល និងដឹកជញ្ជូន។
រដ្ឋបាលក្រុងអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ចូលរួមរក្សាបរិស្ថាន និងសោភ័ណភាពក្រុងឱ្យស្អាត និងមានរបៀបរៀបរយ។
ចូលរួមជាមួយរដ្ឋបាលក្រុង ក្នុងការទប់ស្កាត់ និងលុបបំបាត់ការចោលសំរាមដោយគ្មានសណ្តាប់ធ្នាប់ ទីក្រុងស្អាត ចាប់ផ្តើមពីការចូលរួមរបស់យើងទាំងអស់គ្នានិងសូមអរគុណចំពោះការចូលរួម និងកិច្ចសហការរបស់ប្រជាពលរដ្ឋគ្រប់រូប។










