ក្រុមហ៊ុន Huawei និង Xiaomi បានបញ្ចេញស្មាតហ្វូនបត់ (Foldable Smartphones) Flagship ជំនាន់ថ្មីកាលពីថ្ងៃចន្ទ ដើម្បីបង្កើនការប្រកួតប្រជែងក្នុងទីផ្សារស្មាតហ្វូនកម្រិត Premium របស់ប្រទេសចិន មុនពេល Apple រៀបចំព្រឹត្តិការណ៍បង្ហាញផលិតផលថ្មីនៅចុងសប្តាហ៍នេះ។
Huawei បញ្ចេញ Mate XT2 Series
Huawei បានបង្ហាញស៊េរី Mate XT2 ដែលអាចបត់បានពីរដង រហូតពង្រីកទៅជាអេក្រង់ទំហំប្រហាក់ប្រហែល Tablet។
ឧបករណ៍នេះបំពាក់ដោយឈីប Kirin 9050 Pro មានការរចនា Hinge (ប្រព័ន្ធហ៊ីង) ថ្មី បង្កើនសមត្ថភាពការពារទឹក និងមាន Privacy Screen ដែលជួយការពារមិនឱ្យមនុស្សនៅក្បែរមើលឃើញអ្វីដែលកំពុងបង្ហាញលើអេក្រង់។
តម្លៃចាប់ពី 19,999 យ័ន (ប្រហែល 2,980 ដុល្លារ) ខណៈម៉ូដែលកម្រិតខ្ពស់បំផុតមានតម្លៃ 24,999 យ័ន (ប្រហែល 3,725 ដុល្លារ)។ ការលក់នឹងចាប់ផ្តើមនៅថ្ងៃទី 12 ខែកញ្ញា។
លោក Richard Yu នាយកប្រតិបត្តិរបស់ Huawei បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានថា៖
««ការកំណត់តម្លៃនៅពេលនេះពិតជាបញ្ហាប្រឈម ព្រោះថ្លៃ Memory បានកើនឡើងយ៉ាងខ្លាំង។ យើងបានប្រើបច្ចេកវិទ្យាថ្មីៗជាច្រើន ហើយសម្ពាធលើថ្លៃដើមមានទំហំធំខ្លាំង»។»
Huawei បានឱ្យដឹងថា ការរចនាឈីបថ្មីនេះផ្តល់ កម្លាំងគណនាខ្ពស់ជាងមុន ខណៈប្រើប្រាស់អគ្គិសនីតិចជាងមុន។
Xiaomi ប្រកួតប្រជែងដោយផ្ទាល់ជាមួយ Apple
នៅក្នុងព្រឹត្តិការណ៍បង្ហាញផលិតផលដាច់ដោយឡែកមួយ Xiaomi បានបង្ហាញស្មាតហ្វូន Premium បំផុតរបស់ខ្លួនរហូតមកដល់ពេលនេះ គឺ Xiaomi 18 Fold។
ឧបករណ៍នេះប្រើអ្វីដែល Xiaomi ហៅថា “Medium-Fold Solution”។ នៅពេលបិទ វាមានទំហំប្រហាក់ប្រហែលលិខិតឆ្លងដែន (Passport) ប៉ុន្តែនៅពេលបើក អាចដំណើរការកម្មវិធី ៣ ក្នុងពេលតែមួយនៅជាប់គ្នា។
លោក Lei Jun នាយកប្រតិបត្តិ Xiaomi បាននិយាយថា ឧបករណ៍នេះមានអត្ថប្រយោជន៍ជាច្រើន បើធៀបនឹងផលិតផលរបស់ Apple។
លោកបានបញ្ជាក់ថា Xiaomi 18 Fold មានទម្ងន់ត្រឹម 219 ក្រាម និងកម្រាស់ 5.02 មីលីម៉ែត្រ នៅពេលបើកពេញលេញ ដែលស្រាលជាង iPhone Pro Max របស់ Apple។
ស្មាតហ្វូននេះប្រើ XRing O3 AI Processor ដែល Xiaomi អភិវឌ្ឍដោយខ្លួនឯង។ លោក Lei Jun អះអាងថា Processor នេះមាន ការឆ្លើយតបលឿនជាង Apple A19 Pro។
វាក៏ប្រើបន្ទះឈីប Memory ប្រភេទ DRAM ដែលផ្គត់ផ្គង់ដោយក្រុមហ៊ុនផលិត Memory Chip របស់ចិន CXMT ផងដែរ។
Xiaomi 18 Fold មានតម្លៃចាប់ពី 10,999 យ័ន (ប្រហែល 1,540 ដុល្លារ) ដល់ 14,999 យ័ន (ប្រហែល 2,100 ដុល្លារ)។
Samsung នៅតែជាក្រុមហ៊ុនលក់ស្មាតហ្វូនបត់ធំបំផុត
ការបញ្ចេញផលិតផលថ្មីរបស់ Huawei និង Xiaomi កើតឡើងមុនពេល Apple បង្ហាញ iPhone ជំនាន់ថ្មីនៅថ្ងៃពុធ។ មានការរំពឹងខ្ពស់ថា Apple អាចនឹងបង្ហាញ iPhone បត់ (Foldable iPhone) ជាលើកដំបូងផងដែរ។
បច្ចុប្បន្ន Huawei គឺជាម៉ាកធំតែមួយគត់ ដែលមានលក់ស្មាតហ្វូនប្រភេទ Tri-Fold ដែលអាចបត់បានពីរដង។
ក្រុមហ៊ុនបច្ចេកវិទ្យាចិននេះត្រូវបានហាមឃាត់មិនឱ្យលក់ផលិតផលនៅសហរដ្ឋអាមេរិក ដោយរដ្ឋាភិបាលអាមេរិកចាត់ទុក Huawei ជាហានិភ័យចំពោះ សន្តិសុខជាតិ។
ចំណែក Samsung Electronics របស់កូរ៉េខាងត្បូង ដែលជាក្រុមហ៊ុនលក់ស្មាតហ្វូនបត់ធំបំផុតលើពិភពលោក បានបញ្ចេញឧបករណ៍ Tri-Fold កាលពីខែធ្នូ ប៉ុន្តែត្រូវបានរាយការណ៍ថាបានបញ្ឈប់ការលក់បន្ទាប់ពីប្រហែល ៣ ខែ។
កាលពីខែកក្កដា Samsung ក៏បានពង្រីកផលិតផលស្មាតហ្វូនបត់របស់ខ្លួន ដោយបន្ថែមម៉ូដែលដែលមានទំហំប្រហាក់ប្រហែល Passport នៅពេលបិទ។
Huawei នាំមុខទីផ្សារស្មាតហ្វូនចិន
យោងតាមក្រុមហ៊ុនស្រាវជ្រាវទីផ្សារ IDC Huawei បានកាន់កាប់ចំណែកទីផ្សារស្មាតហ្វូនចិន 22.6% នៅត្រីមាសទី២ ដែលនាំមុខ Apple ដែលមាន 18.1%។ Xiaomi មានចំណែក 12.4%។
នៅក្នុងទីផ្សារ ស្មាតហ្វូនបត់ Huawei មានភាពលេចធ្លោជាងនេះទៀត ដោយកាន់កាប់ប្រមាណ 68% នៃការដឹកជញ្ជូនស្មាតហ្វូនបត់នៅប្រទេសចិន ក្នុងត្រីមាសទី២ តាមការស្រាវជ្រាវរបស់ក្រុមហ៊ុន Smart Analytics Global របស់សហរដ្ឋអាមេរិក៕










