ប្រាក់ខែនាយករដ្ឋមន្រ្តីសិង្ហបុរី ខ្ពស់ជាងគេបំផុតលើពិភពលោក គឺមានដល់ជិត២,៩លានដុល្លារក្នុងមួយឆ្នាំ

ចែករំលែក៖

យោងតាមវែបសាយ PoliticalSalaries.com ធៀបនឹងប្រាក់ខែរបស់នាយករដ្ឋមន្រ្តីសិង្ហបុរី ដែលរកបានជិត៣លានដុល្លារអាមេរិកក្នុងមួយឆ្នាំ នាយកប្រតិបត្តិទីក្រុងហុងកុង ទទួលបានប្រាក់ខែចំនួន ៧១០ ០០០ដុល្លារអាមេរិកក្នុងមួយឆ្នាំ, ប្រធានាធិបតីស្វ៉ីសទទួលបាន៦០៦ ០០០ដុល្លារ, នាយករដ្ឋមន្រ្តីព្រីតថេន (ចក្រភពអង់គ្លេស) ទទួលបាន ២៣០ ០០០ដុល្លារ ហើយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ទទួលបាន៤០០ ០០០ដុល្លារ។

សារព័ត៌មាន Reuters បានផ្សាយថានាថ្ងៃអង្គារ ទី៨ ខែកញ្ញា ឆ្នាំ២០២៦ នាយករដ្ឋមន្រ្តីនៃប្រទេសសិង្ហបុរី លោក Lawrence Wong បាននិយាយថា រដ្ឋាភិបាលលោកបានទទួលយក អនុសាសន៍របស់គណៈកម្មាធិការឯករាជ្យ ស្តីពីការដំឡើងប្រាក់ខែរដ្ឋមន្រ្តី ខណៈចំនួនប្រាក់ខែរបស់រដ្ឋមន្រ្តីនិងនាយករដ្ឋមន្រ្តី នៅក្នុងប្រទេសអាស៊ានមួយនេះ គឺខ្ពស់ជាងគេបង្អស់រួចស្រាប់ទៅហើយនៅលើពិភពលោក។
លោក Wong បានថ្លែងទៅកាន់សភាសិង្ហបុរីថា នាពេលនេះ អនុរដ្ឋមន្រ្តីនឹងទទួលបានប្រាក់ខែរហូតដល់ ១,៨លានដុល្លារសិង្ហបុរី ឬស្មើនឹង ១,៤២លានដុល្លារអាមេរិក ហើយប្រាក់ខែរបស់លោកផ្ទាល់ ដែលជានាយករដ្ឋមន្រ្តី នឹងត្រូវដំឡើងដល់ ៣,៦លានដុល្លារសិង្ហបុរី ស្មើនឹង២,៨៥លានដុល្លារអាមេរិក។ លោកបានអះអាងថា សម្រាប់រយៈពេល៥ឆ្នាំខាងមុខ លោកនឹងបរិច្ចាគប្រាក់ទាំងអស់ដែលត្រូវបានដំឡើង ក្នុងប្រាក់ខែរបស់លោក ឱ្យទៅមូលនិធិសប្បុរសធម៌ ដែលស្មើនឹង១,៤លានដុល្លារសិង្ហបុរី។
លោក Wong បានបញ្ជាក់ថា ការដំឡើងប្រាក់ខែ នឹងចាប់ផ្តើមជាមួយការកែសម្រួលតែមួយលើកគត់ ជាមួយការដំឡើងក្នុងអត្រាអាចដល់៩ភាគរយ ជាងជាងហក់ឡើងដល់ចំនួន ១,៨លានដុល្លារសិង្ហបុរីភ្លាមៗតែម្តង។ ការដំឡើងក្នុងអត្រា៩ភាគរយនេះ នឹងនាំឱ្យប្រាក់ខែរបស់អនុរដ្ឋមន្រ្តី កើនដល់ខ្ទង់១,២លានដុល្លារសិង្ហបុរី ហើយនឹងមិនមានការកែសម្រួលពិសេសផ្សេងទៀត ដើម្បីឱ្យដល់១,៨លានដុល្លារសិង្ហបុរីនោះទេ។ ជំនួសមកវិញ ការប្រែប្រួលពេលក្រោយទៀត គឺនឹងអាស្រ័យលើសមត្ថភាពបំពេញការងារ និងការទទួលខុសត្រូវរបស់មន្រ្តីនីមួយៗផ្ទាល់។
ការផ្តល់ប្រាក់ខែខ្ពស់បែបនេះដល់មន្រ្តីរដ្ឋាភិបាល គឺដើម្បីទាក់ទាញអ្នកដែលមានទេពកោសល្យកំពូលៗ និងទប់ស្កាត់អំពើពុករលួយ នៅក្នុងបុរីរដ្ឋមួយ ដែលមានមោទនភាពខ្លាំងចំពោះខ្លួនឯង ជុំវិញរូបភាពនៃអភិបាលកិច្ចដ៏ស្អាតស្អំ។ ករណីប្រព្រឹត្តអំពើពុករលួយដោយមន្រ្តីជាន់ខ្ពស់នៅក្នុងប្រទេសសិង្ហបុរី គឺជារឿងកម្រខ្លាំងណាស់។
សិង្ហបុរីបានកែសម្រួលប្រាក់ខែរដ្ឋមន្រ្តីលើកចុងក្រោយបង្អស់ តាំងតែពីឆ្នាំ២០១២ នៅពេលដែលប្រាក់ខែរបស់ពួកគេ ត្រូវបានកាត់បន្ថយរហូតដល់ ៣៦ភាគរយ ដើម្បីរំងាប់ការមិនពេញចិត្តពីសាធារណជន ជុំវិញចំនួនប្រាក់ខែដ៏ខ្ពស់របស់មន្រ្តីរដ្ឋាភិបាល។ បញ្ហាប្រាក់ខែនេះ ធ្លាប់ត្រូវបានពិនិត្យមើលម្តងទៀត នៅឆ្នាំ២០១៧ ប៉ុន្តែរដ្ឋាភិបាលនាពេលនោះ បានជ្រើសរើសមិនអនុវត្តតាមអនុសាសន៍គណៈកម្មាធិការ ដើម្បីដំឡើងបន្ថែមឡើយ៕

រូប​ថត​: tuoitre

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print