ភ្នំពេញ ៖ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានថ្លែងថា ការលះបង់អស់កម្លាំងកាយចិត្ត បញ្ញា និងស្មារតីទទួលខុសត្រូវខ្ពស់របស់ក្រុមប្រឹក្សាឃុំ សង្កាត់ មេឃុំ ចៅសង្កាត់ ស្មៀន មន្ត្រីភូមិ និងមន្ត្រីរាជការគ្រប់ជាន់ថ្នាក់ គឺជាគំរូដ៏ល្អក្នុងការបម្រើជាតិមាតុភូមិ និងប្រជាពលរដ្ឋដោយភាពស្មោះត្រង់ មិនខ្លាចនឿយហត់ឡើយ។ ឯកឧត្តម បានថ្លែងបែបនេះ នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ ក្នុងឱកាសសន្និបាតបូកសរុបសមិទ្ធផលការងាររបស់ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ នៅសណ្ឋាគារសុខាភ្នំពេញ។
នាឱកាសនោះផងដែរ លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានថ្លែងបន្តថា ការលើកទឹកចិត្ត ដល់មន្ត្រីដែលបំពេញការងារល្អប្រសើរ ជាគ្រឿងឥស្សរិយយស និងមេដាយការងារគឺជាការទទួលស្គាល់ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង និងស្នាដៃដ៏ល្អប្រសើររបស់ថ្នាក់ដឹកនាំមូលដ្ឋាន ដែលបានបម្រើពលរដ្ឋ និងអភិវឌ្ឍមូលដ្ឋានបានយ៉ាងល្អ ហើយកិច្ចខិតខំប្រឹងប្រែងទាំងនេះ មិនត្រឹមតែជាមោទនភាពរបស់រដ្ឋបាលមូលដ្ឋានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាសេចក្តីថ្លៃថ្នូរ ការចាស់ទុំ និងការរីកចម្រើន ព្រមទាំងការពង្រឹងជាលំដាប់នៃប្រជាធិបតេយ្យ និងអភិបាលកិច្ចនៅមូលដ្ឋាន ដែលជាការចូលរួមដ៏សំខាន់ក្នុងការអភិវឌ្ឍមូលដ្ឋានឱ្យកាន់តែរឹងមាំ។
សូមជម្រាបជូនថា ក្នុងចំណោមអ្នកទទួលគ្រឿងឥស្សរិយយស និងមេដាយទាំង ២៧រូបនោះ មានស្ត្រីចំនួន ៨រូប ដែលបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់លើកម្ពស់តួនាទីស្ត្រីក្នុងការដឹកនាំ និងចូលរួមក្នុងកិច្ចការសាធារណៈ។ ក្នុងនោះ គ្រឿងឥស្សរិយយសព្រះរាជាណាចក្រកម្ពុជា ត្រូវបានបំពាក់ជូនមេឃុំ ចៅសង្កាត់ និងជំទប់ទី១ ចំនួន ១៩រូប ដោយបែងចែកតាមថ្នាក់ មហាសេរីវឌ្ឍន៍ មហាសេនា សេនា និងអស្សឫទ្ធិ ខណៈដែលមេដាយការងារ ត្រូវបានបំពាក់ជូនមេឃុំ និងចៅសង្កាត់ ចំនួន ៨រូប ដោយបែងចែកជាមេដាយមាសការងារ និងមេដាយប្រាក់ការងារ៕
ដោយ ៖ សិលា










