ខេត្តបន្ទាយមានជ័យ÷ ឧត្តមសេនីយ៍ទោសេង ធារិន មេបញ្ជាការរងនិងជានាយសេនាធិការយោធភូមិភាគ ៥បានឲ្យដឹងថា នាយប់ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៦ កម្លាំងសមត្ថកិច្ចចម្រុះប្រចាំស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ បានទប់ស្កាត់ទំនិញប្រភេទគ្រឿងសំអាងម៉ាក Elracle ចំនួន ០៧ កេសធំ ស្មើនឹង ៨៤ កេសតូច ឬសរុបចំនួន ១,០០៨ ប្រអប់។
ប្រតិបត្តិការនេះធ្វើឡើងនៅចំណុចមាត់អូរព្រំដែន ស្ថិតក្នុងភូមិកណ្តោល ឃុំអូរស្រឡៅ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។ ទំនិញខាងលើត្រូវបានសង្ស័យថា អាចជាទំនិញដែលឈ្មួញលួចនាំឆ្លងដែនពីប្រទេសថៃ ចូលមកប្រទេសកម្ពុជាដោយខុសច្បាប់។
ក្រោយទប់ស្កាត់បាន សមត្ថកិច្ចបានប្រគល់ទំនិញជូន អធិការដ្ឋាននគរបាលស្រុកម៉ាឡៃ ដើម្បីបន្តនីតិវិធីតាមច្បាប់៕
...
ដោយ៖ សុរិយា










