ភ្នំពេញ៖ នៅវិមានសន្តិភាព ព្រឹកថ្ងៃទី២៩ ខែកញ្ញា នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យ លោក ជាំង ប៉ូ ឯកអគ្គរដ្ឋទូតថ្មីរបស់មិត្តចិនប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សា កាងារ នៅវិមានរដ្ឋាភិបាលសន្តិភាព។
លោក ជាំង ប៉ូ អរគុណសម្តេចតេជោនាយករដ្ឋមន្រ្តី ដែលបានរៀបចំពេលវេលាឲ្យ លោកបាន ចូលទោះបីជា សម្តេចតេជោមមារញឹករវល់ ជាពិសេសនៅចំពេលរដូវបុណ្យភ្ជុំបិណ្ឌនេះយ៉ាងណាក៏ ដោយ។ លោកអគ្គរដ្ឋទូតថ្មីបានផ្តាំផ្ញើសួរសុខទុក្ខដោយផ្ទាល់ពីឯកឧត្តមប្រធានាធិបតី ស៊ី ជិនពីង និងឯកឧត្តម នាយករដ្ឋមន្ត្រី លី កឺជាំង ចំពោះសម្តេចតេជោ។ បេសកម្មការទូតរបស់ លោក ជាំង ប៉ូ នៅកម្ពុជាគឺដើម្បីជម្រុញទំនាក់ទំនងមិត្តភាព សហប្រតិបត្តិការ និងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ឲ្យកាន់តែរឹងមាំ និងស៊ីជម្រៅថែមទៀត។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការផ្តាំផ្ញើសួរសុខទុក្ខ ពីប្រមុខដឹកនាំប្រទេសចិន គឺលោកប្រធានាធិបតី និងនាយករដ្ឋមន្ត្រីចិន។ សម្តេចតេជោ មានជំនឿ និង សង្ឃឹមយ៉ាងមុតមាំថា វត្តមានរបស់ ឯកឧត្តម ជាំង ប៉ូ ក្នុងបេសកកម្មការទូតនៅម្ពុជា ក្នុងរយៈពេលដ៏ខ្លី នេះគឺបានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់មិត្តចិនមកកាន់កម្ពុជា។
សម្តេចតេជោ ហ៊ុន សែន រីករាយស្វាគមន៍ និងអបអរសាទរដល់ លោក ជាំង ប៉ូ ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា។ សម្តេចតេជោ បានជំរុញឲ្យលោកធ្វើការជិតស្និទ្ធជាមួយគ្រប់ស្ថាប័នទាំងអស់របស់កម្ពុជាដើម្បីជំរុញមិត្តភាព និងសហប្រតិបត្តិការនៃប្រទេសទាំងពីរឲ្យកាន់តែរឹងមាំ ស៊ីជម្រៅ និងកាន់តែរីកចម្រើនខ្លាំងឡើងថែមទៀត៕