មេដឹកនាំកូរ៉េខាងជើង កោតសរសើរកងទ័ពកូរ៉េខាងជើងកំពុងធ្វើប្រតិបត្តិការយោធានៅបរទេស

ចែករំលែក៖

សារព័ត៌មាន Reuters បានផ្សាយថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានឆ្លៀតឱកាសនានៃការប្រារព្ធខួបអនុស្សាវរីយ៍លើកទី៧៨ នៃការបង្កើតប្រទេស ដើម្បីកោតសរសើរដល់កងទ័ពដែលបានចូលរួមក្នុងប្រតិបត្តិការយោធា នៅឯក្រៅប្រទេសដែលគេដឹងថាសង្រ្គាមរបស់រុស្ស៉ីនៅអ៊ុយក្រែន។

តាមការចេញផ្សាយដោយ KCNA ដោយចង់សំដៅលើការបញ្ជូនកងទ័ពកូរ៉េខាងជើងទៅជួយជាកម្លាំងដល់កងទ័ពរុស្ស៉ីក្នុងសង្រ្គាមប្រឆាំងអ៊ុយក្រែន លោក គីម ជុងអ៊ុន នៅក្នុងសុន្ទរកថាមួយនៅឯសាលវិមានរដ្ឋសភាក្នុងទីក្រុងព្យុងយ៉ាង កាលពីថ្ងៃពុធ ទី៩ ខែកញ្ញា ឆ្នាំ២០២៦ បានកោតសរសើរ និងផ្ដល់ការគោរពជាពិសេសដល់ក្រុមមេបញ្ជាការ និងកងទ័ពកូរ៉េខាងជើងដែលកំពុងធ្វើប្រតិបត្តិការយោធានៅបរទេស។
កូរ៉េខាងជើងត្រូវបានរាយការណ៍ថាបានបញ្ជូនកងទ័ពចន្លោះពី ១៤០០០ ទៅ ១៥០០០នាក់ ទៅជួយជាកម្លាំងដល់កងទ័ពរុស្ស៉ីនៅក្នុងសង្រ្គាមប្រឆាំងអ៊ុយក្រែនកាលពីចុងឆ្នាំ២០២៤។ នេះបើតាមក្រុមមន្ត្រីរបស់កូរ៉េខាងត្បូង និងលោកខាងលិច។ កាលពីខែកុម្ភៈ ឆ្នាំ២០២៦ ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់កូរ៉េខាងត្បូងក៏បានវាយតម្លៃដែរថាកងទ័ពកូរ៉េខាងជើងប្រហែលជា ៦០០០នាក់ត្រូវបានសម្លាប់ និងរងរបួស។
មិនតែប៉ុណ្ណោះ កាលពីចុងខែសីហាកន្លងទៅ ក្រសួងការពារជាតិកូរ៉េខាងត្បូងបានឱ្យដឹងទៀតថាទីក្រុងព្យុងយ៉ាងកំពុងត្រៀមបញ្ជូនកងទ័ពបន្ថែមទៅជួយរុស្ស៉ី ប៉ុន្តែមិនទាន់មានសញ្ញាពីការបញ្ជូនកងទ័ពនៅឡើយទេ។ បើតាមចារកម្មកូរ៉េខាងត្បូង ជាថ្នូរទៅនឹងការបញ្ជូនកងទ័ព និងអាវុធ ទីក្រុងព្យុងយ៉ាងបានទទួលត្រឡប់មកវិញនូវជំនួយសេដ្ឋកិច្ច និងបច្ចេកវិទ្យាយោធាពីរុស្ស៉ី៕

រូប​ថត​: KCNA

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print