តុលាការក្រុងសេអ៊ូល កាលពីថ្ងៃពុធ បានសម្រេចឱ្យមហាសេដ្ឋីឧស្សាហកម្មហ្គេមកូរ៉េខាងត្បូង Kwon Hyuk-bin បង់ប្រាក់ និងផ្ទេរទ្រព្យសម្បត្តិដែលមានតម្លៃសរុបជាង ២ ពាន់ពាន់លានវ៉ុន ឬប្រមាណ ១,៥ ពាន់លានដុល្លារអាមេរិក ទៅឱ្យអតីតភរិយា ក្នុងក្របខណ្ឌនៃការលែងលះ។
នេះត្រូវបានចាត់ទុកថា ជា ការបែងចែកទ្រព្យសម្បត្តិក្នុងករណីលែងលះដែលមានទំហំធំបំផុតមិនធ្លាប់មាននៅកូរ៉េខាងត្បូង។
ចំនួននេះបានលើសពីកំណត់ត្រាមុន ដែលមានចំនួន ៩៤៤ ពាន់លានវ៉ុន ក្នុងសំណុំរឿងលែងលះរវាងលោក Chey Tae-won ប្រធានក្រុមហ៊ុន SK Group និងអតីតភរិយា Roh Soh-yeong។
ស្ថាបនិក Smilegate
លោក Kwon បានបង្កើតក្រុមហ៊ុន Smilegate ក្នុងឆ្នាំ ២០០២ ហើយបានអភិវឌ្ឍក្រុមហ៊ុននេះក្លាយជាក្រុមហ៊ុនហ្គេមដ៏ជោគជ័យមួយរបស់កូរ៉េខាងត្បូង។
តុលាការគ្រួសារក្រុងសេអ៊ូល បានសម្រេចឱ្យលោក Kwon លែងលះ និងត្រូវ ផ្ទេរភាគហ៊ុន ៣៥% ក្នុងក្រុមហ៊ុន Smilegate ដែលមានតម្លៃប្រមាណ ២,៥ ពាន់ពាន់លានវ៉ុន ព្រមទាំងបង់ប្រាក់សុទ្ធបន្ថែម ៦៥ ពាន់លានវ៉ុន។
អតីតភរិយារបស់លោក Kwon ដែលមាននាមត្រកូល Lee បានដាក់ពាក្យសុំលែងលះកាលពីខែវិច្ឆិកា ឆ្នាំ២០២២ ហើយបានទាមទារភាគហ៊ុនពាក់កណ្តាលរបស់លោក Kwon នៅក្នុង Smilegate Holdings។
លោកស្រី Lee បានអះអាងថា លោកស្រីបានចូលរួមចំណែកក្នុងការបង្កើត និងគ្រប់គ្រងក្រុមហ៊ុននៅដំណាក់កាលដំបូង ព្រមទាំងបានចូលរួមចំណែកដោយប្រយោលតាមរយៈការងារថែទាំគ្រួសារ ដូច្នេះលោកស្រីមានសិទ្ធិទទួលបានភាគហ៊ុនពាក់កណ្តាលរបស់លោក Kwon។
តុលាការ៖ ភាគីទាំងពីរមានការទទួលខុសត្រូវស្មើគ្នា
អ្នកនាំពាក្យតុលាការបាននិយាយថា តុលាការបានសន្និដ្ឋានថា អាពាហ៍ពិពាហ៍របស់ពួកគេបានបែកបាក់ដល់កម្រិតមិនអាចស្តារឡើងវិញបាន បន្ទាប់ពីពិចារណាលើជម្លោះដែលអូសបន្លាយរយៈពេលយូរ និងលទ្ធភាពនៃការផ្សះផ្សា។
តុលាការបានសម្រេចថា ភាគីទាំងពីរមានការទទួលខុសត្រូវស្មើគ្នាចំពោះការបែកបាក់នៃអាពាហ៍ពិពាហ៍។ ដូច្នេះ តុលាការបានអនុញ្ញាតឱ្យលែងលះ ប៉ុន្តែបានបដិសេធការទាមទារសំណងខូចខាតរបស់លោកស្រី Lee។
តាមសារព័ត៌មានក្នុងស្រុក លោក Kwon បានអះអាងថា លោកស្រី Lee មិនមែនជាសហស្ថាបនិក និងមិនបានចូលរួមក្នុងការគ្រប់គ្រងក្រុមហ៊ុនឡើយ។ របាយការណ៍ក៏បានឱ្យដឹងថា លោក Kwon មិនយល់ព្រមចំពោះការលែងលះ។
ប្រព័ន្ធផ្សព្វផ្សាយក្នុងប្រទេសកូរ៉េខាងត្បូងបានរាយការណ៍ថា ទ្រព្យសម្បត្តិសរុបរបស់លោក Kwon ត្រូវបានវាយតម្លៃថា អាចមានរហូតដល់ ៨ ពាន់ពាន់លានវ៉ុន។
ករណីរបស់ប្រធាន SK Group
ករណីរបស់លោក Kwon កើតឡើងបន្ទាប់ពីលោក Chey Tae-won ប្រធាន SK Group បានប្តឹងឧទ្ធរណ៍កាលពីខែសីហា ប្រឆាំងនឹងសេចក្តីសម្រេចរបស់តុលាការ ដែលបង្គាប់ឱ្យលោកបង់ប្រាក់ ៦៦៦ លានដុល្លារ ទៅឱ្យអតីតភរិយា Roh Soh-yeong។
កាលពីខែកក្កដា តុលាការជាន់ខ្ពស់ក្រុងសេអ៊ូលបានសម្រេចថា លោកស្រី Roh មានសិទ្ធិទទួលបានប្រាក់ដែលមានតម្លៃប្រហែល មួយភាគបីនៃទ្រព្យសម្បត្តិរួមរបស់ប្តីប្រពន្ធ រួមទាំងភាគហ៊ុនរបស់លោក Chey ក្នុងក្រុមហ៊ុន SK។
តុលាការបានយកមកពិចារណាផងដែរ នូវតួនាទីរបស់លោកស្រី Roh ក្នុងគ្រួសារ និងការគាំទ្រដល់សកម្មភាពអាជីវកម្មរបស់ SK Group។
ការប្តឹងឧទ្ធរណ៍របស់លោក Chey បានធ្វើឱ្យសំណុំរឿងនេះបន្តទៅ តុលាការកំពូលកូរ៉េខាងត្បូង។
អ្នកវិភាគបាននិយាយថា ការប្តឹងឧទ្ធរណ៍អាចធ្វើឱ្យវិវាទផ្លូវច្បាប់ដ៏កំពុងទទួលបានការចាប់អារម្មណ៍នេះ អូសបន្លាយកាន់តែយូរ ជាពិសេសដោយសារតែសំណុំរឿងនេះអាចមានផលប៉ះពាល់ដល់ការគ្រប់គ្រង SK Group ខណៈការរីកចម្រើននៃឧស្សាហកម្ម AI កំពុងជំរុញតម្លៃទ្រព្យសម្បត្តិអាជីវកម្មបន្ទះឈីបរបស់ក្រុមហ៊ុន៕










