សារព័ត៌មាន AFP បានផ្សាយថា នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសសន្យាថា ពលរដ្ឋអាមេរិកគ្រប់គ្នា នឹងទទួលបានប្រាក់ចំនួន ៥០០០ដុល្លារក្នុង១នាក់ ពីរដ្ឋាភិបាលសហព័ន្ធ ប្រសិនបើគណបក្សសាធារណរដ្ឋ ដែលជាបក្សរបស់លោក នៅបន្តរក្សាការគ្រប់គ្រងក្នុងសភា ក្នុងការបោះឆ្នោតសភាពាក់កណ្តាលអាណត្តិ ប៉ុន្មានខែខាងមុខនេះ។
ថ្លែងទៅកាន់ក្រុមអ្នកគាំទ្របក្សសាធារណរដ្ឋនៅរដ្ឋ Texas លោកប្រធានាធិបតីអាមេរិក បាននិយាយយ៉ាងដូច្នេះថា «ប្រសិនបើបក្សសាធារណរដ្ឋឈ្នះ អ្នកទាំងអស់គ្នា ក៏នឹងឈ្នះជាមួយយើងដែរ ហើយគ្រប់គ្នានឹងទទួលបានម្នាក់ ៥០០០ដុល្លារ។ វានឹងត្រូវហៅថា ភាគលាភ ត្រាំ»។
ការសន្យាផ្តល់ប្រាក់រាប់ពាន់ដុល្លារនេះ គឺស្របពេលដែលគណបក្សនយោបាយរបស់លោក ត្រូវបានសង្កេតឃើញថា ទទួលលទ្ធផលមិនសូវល្អនោះឡើយ ក្នុងការស្ទង់មតិជាបន្តបន្ទាប់ ធៀបជាមួយគណបក្សប្រជាធិបតេយ្យ ដែលជាគូប្រជែង។ លោក ត្រាំ មិនបាននិយាយឱ្យច្បាស់ថា លុយនោះនឹងបានមកពីណាទេ ត្រឹមអះអាងថា សហរដ្ឋអាមេរិក កំពុងបង្កើតចំណូលយ៉ាងច្រើន។
ការបោះឆ្នោតសភាពាក់កណ្តាលនៅសហរដ្ឋអាមេរិក នឹងប្រព្រឹត្តទៅនាថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ខណៈបច្ចុប្បន្ន ទាំងសភាតំណាងរាស្រ្ត (រដ្ឋសភា) និងព្រឹទ្ធសភា គឺស្ថិតក្រោមការគ្រប់គ្រងសំឡេងភាគច្រើនដោយបក្សសាធារណរដ្ឋ៕
រូបថត: Reuters










