សេចក្តីប្រកាសព័ត៌មានស្តីពី­លទ្ធផលជំនួបរវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាមួយ លោក មីន អោង ឡាំង (Min Aung Hlaing) ប្រធានាធិបតីនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា

ចែករំលែក៖

ភ្នំពេញ ៖ នារសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ នៅវិមានសន្តិភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារទ្វេភាគី ជាមួយ លោក មីន អោង ឡាំង (Min Aung Hlaing) ប្រធានាធិបតីនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា និងគណៈប្រតិភូជាន់ខ្ពស់ ក្នុងដំណើរ ទស្សនកិច្ចផ្លូវរដ្ឋ នៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦។

សម្តេចធិបតី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះវត្តមានដ៏ឧដុង្គឧត្តមរបស់ លោក ប្រធានាធិបតី និងគណៈប្រតិភូ ដែលបានអញ្ជើញបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅព្រះរាជាណាចក្រកម្ពុជា ដែលនេះ ឆ្លុះបញ្ចាំងអំពីការបន្តពូនជ្រំចំណងមិត្តភាពទ្វេភាគី និងការបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ។
លោកប្រធានាធិបតី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ក៏ ដូចជា សម្តេចធិបតី ដែលបានទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅ ប្រកបដោយភាពស្និទ្ធស្នាល និងភាតរភាព។ លោកប្រធានាធិបតី បានសម្តែងនូវការវាយតម្លៃខ្ពស់ចំពោះការរីកចម្រើន និងការធ្វើទំនើបកម្មយ៉ាងឆាប់រហ័ស របស់កម្ពុជា ដោយបានគូសបញ្ជាក់ថា តាមរយៈដំណើរទស្សនកិច្ចផ្លូវរដ្ឋលើកដំបូងក្នុងនាមជាប្រធានាធិបតីនាពេលនេះ លោកបានមើលឃើញយ៉ាងច្បាស់ពីការប្រែប្រួលមុខមាត់ថ្មីរបស់ព្រះរាជាណាចក្រកម្ពុជា បើធៀបនឹងទស្សនកិច្ច កាលពីឆ្នាំ២០១៧។ ក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឯកឧត្តមប្រធានាធិបតីចាត់ទុកកម្ពុជា គឺ ជាមិត្តល្អ មិត្តជិតស្និទ្ធ និងជាមិត្តដែលតែងតែជួយគាំទ្រដល់សាធារណរដ្ឋសហភាពមីយ៉ាន់ម៉ាជាបន្តបន្ទាប់ ទាំងក្នុង ក្របខ័ណ្ឌអាស៊ាន និងពិភពលោក ជាពិសេសក្នុងពេលដែលកម្ពុជាធ្វើជាប្រធានប្តូរវេនអាស៊ាន ឆ្នាំ២០២២។
សម្តេចធិបតី និងលោកប្រធានាធិបតី ក៏បានពិភាក្សា និងផ្លាស់ប្តូរយោបល់គ្នា សំដៅជំរុញ និងពង្រឹង កិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌទ្វេភាគី លើវិស័យអាទិភាពមួយចំនួន រួមមាន៖ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ទេសចរណ៍ សន្តិសុខ និងការពារជាតិ អប់រំ និងការបណ្តុះបណ្តាលធនធានមនុស្ស កិច្ចការសាសនា និង ការបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ព្រមទាំងការគាំទ្រគ្នាក្នុងក្របខ័ណ្ឌតំបន់ និងពិភពលោក។

សម្តេចធិបតី និងលោកប្រធានាធិបតី បានពិភាក្សា និងប្តេជ្ញាក្នុងការបង្កើនកិច្ចសហប្រតិបត្តិការរវាង កម្ពុជា មីយ៉ាន់ម៉ា និងតំបន់ ដើម្បីប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែន ឱ្យកាន់តែមានប្រសិទ្ធភាព ជាពិសេសការ ជួញដូរមនុស្ស ការជួញដូរគ្រឿងញៀន និងបទឧក្រិដ្ឋតាមប្រព័ន្ធបច្ចេកវិទ្យា៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print