សារព័ត៌មាន Reuters បានផ្សាយថា ក្រសួងការបរទេសអ៉ីរ៉ង់ បានឲ្យដឹងថា អ៉ីរ៉ង់នឹងជួបប្រជុំជាមួយរដ្ឋនានាក្នុងតំបន់ឈូងសមុទ្រ នៅឯប្រទេសអូម៉ង់ នាថ្ងៃចន្ទ ទី១៤ ខែកញ្ញា ឆ្នាំ២០២៦ ដើម្បីពិភាក្សាអំពីច្រកសមុទ្រ Hormuz ដ៏មានសារសំខាន់ ដែលសាធារណរដ្ឋអ៉ីស្លាមមួយនេះ បានបិទខ្ទប់ដោយសារសង្គ្រាម ដែលកំពុងបន្តនៅមជ្ឈិមបូព៌ា។
ក្រសួងបាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃសុក្រថា «កិច្ចប្រជុំនេះមានបំណងលើកកម្ពស់ការយល់ដឹងកាន់តែប្រសើរ ក្នុងចំណោមប្រទេសនានាក្នុងតំបន់ និងជួយពង្រឹងសន្តិសុខក្នុងតំបន់រួមគ្នា»។ ក្រសួងបានបន្ថែមថា «ប្រទេសអ៉ីរ៉ាក់ និងរដ្ឋនានានៅតាមបណ្តោយឈូងសមុទ្រពែក្ស» នឹងចូលរួម។
អ៉ីរ៉ង់បានស្ថិតក្នុងសង្គ្រាមតាំងពីថ្ងៃទី ២៨ ខែកុម្ភៈ នៅពេលដែលការវាយប្រហាររបស់សហរដ្ឋអាមេរិក-អ៉ីស្រាអែល បានសម្លាប់មេដឹកនាំកំពូលរបស់ខ្លួន។ អ៉ីរ៉ង់បានសងសឹកដោយបើកការវាយប្រហារនៅទូទាំងតំបន់ និងបានបិទខ្ទប់ច្រកសមុទ្រ Hormuz ដែលពីមុនជាច្រកផ្លូវដឹកជញ្ជូន សម្រាប់១ភាគ៥នៃការផ្គត់ផ្គង់ប្រេងពិភពលោក។ ជាង៦ខែនៃសង្គ្រាមមជ្ឈិមបូព៌ា ការបិទខ្ទប់នេះនៅតែបន្តជំរុញតម្លៃប្រេងឲ្យឡើងខ្ពស់ ដែលបានហក់ឡើងលើសពី ១០០ ដុល្លារក្នុងមួយបារ៉ែលក្នុងសប្តាហ៍នេះ។
អូម៉ង់និងអ៉ីរ៉ង់ ដែលជាប្រទេសទាំងពីរមានព្រំប្រទល់ជាប់ច្រកសមុទ្រ Hormuz បានពិភាក្សាគ្នាអស់ជាច្រើនសប្តាហ៍មកហើយ អំពីរបៀបដែលផ្លូវទឹកដ៏សំខាន់នេះ នឹងត្រូវគ្រប់គ្រងនាពេលអនាគត។ ច្រកសមុទ្រនេះធ្លាប់មានការធ្វើដំណើរឆ្លងកាត់ដោយសេរីកាលពីមុនសង្គ្រាម ប៉ុន្តែឥឡូវនេះ អ៉ីរ៉ង់បានតម្រូវឲ្យនាវានានាទទួលបានការអនុញ្ញាតពីខ្លួនជាមុន ហើយក៏កំពុងពិចារណាយន្តការដើម្បីដាក់ថ្លៃសេវាផងដែរ។
នាវាដែលមិនគោរពតាម ត្រូវបានកំណត់គោលដៅដោយការវាយប្រហាររបស់អ៉ីរ៉ង់ ខណៈសហរដ្ឋអាមេរិក បានទម្លាក់គ្រាប់បែកតាមបណ្តោយឆ្នេររបស់ប្រទេសអ៉ីរ៉ង់ ដើម្បីប្រឆាំងការគ្រប់គ្រងរបស់អ៉ីរ៉ង់លើច្រកសមុទ្រនេះ៕

រូបថត: TTXVN









