ភ្នំពេញ: យុវជនម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុចំណែកអ្នករួមដំណើរម្នាក់ទៀតបានរងរបួសស្រាលបន្ទាប់ពីជិះម៉ូតូហុងដាប៊ីតមួយគ្រឿងឌុបគ្នាចេញពីបន្ទប់ជួលបំណងទៅហូបអីនៅខាងក្រៅតែក៏ជួបគ្រោះថ្នាក់ចរាចរណ៍តែម្តង។
គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោង១០និង៥០ នាទីយប់ថ្ងៃទី ១២ ខែកញ្ញាឆ្នាំ ២០២៦ នៅតាមបណ្ដោយផ្លូវជាតិលេខ៤ ក្បែរប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី៣ ដែលស្ថិតនៅក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ប្រភព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលកើតហេតុជនរងគ្រោះនិងមិត្តភក្កិបានជិះហុងដាសេ១២៥ពាក់ស្លាកលេខព្រៃវែង1Z-2483 ឌុបគ្នាចេញពីបន្ទប់ជួលមួយកន្លែងនៅម្ដុំរោងចក្រQMI ថាទៅរកអីហូបនៅមុខព្រលានចាស់ តែអកុសលមិនទាន់ដល់ផងក៏ជួបគ្រោះថ្នាក់ចរាចរណ៍ បុកជាមួយនឹងរថយន្តមួយគ្រឿងប្រភេទរថយន្តដឹករថយន្តដែលពាក់ស្លាកលេខភ្នំពេញ3H-1887ដែលបានបតឆ្វេងឆ្លងផ្លូវ ចំដែកខាងក្រោយខាងស្តាំពេញទំហឹងបណ្តាលឲ្យស្លាប់ម្នាក់ភ្លាមៗនិងម្នាក់ទៀតរងរបួសស្រាលតែម្តង។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុករង់ចាំដោះស្រាយគ្នា។ដោយឡែកសពជនរងគ្រោះសមត្ថកិច្ចធ្វើកំណត់ហេតុរួចប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕
ដោយ៖ សីហា សែនសុខ










