ភ្នំពេញ ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និង ជារដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ធ្វើជាភ្នាក់ងារតំណាងឱ្យកម្ពុជា ព្រមទាំងដឹកនាំគណៈប្រតិភូ និងក្រុមអ្នកច្បាប់របស់កម្ពុជាមាន លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ រួមទាំងលោក ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន នឹងចូលរួមក្នុងឋានៈជាភ្នាក់ងាររង នៅព្រឹកថ្ងៃទី១៣ ខែកញ្ញានេះ ជាគណៈប្រតិភូប្រតិភូកម្ពុជា និងក្រុមច្បាប់ បានធ្វើដំណើរចាកចេញពីកម្ពុជាហើយ ដើម្បី ចូលរួមកិច្ចប្រជុំលើកដំបូងនៃគណៈកម្មការផ្សះផ្សា នៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ នៅប្រទេសសិង្ហបុរី។
គួរបញ្ជាក់ថា កិច្ចប្រជុំលើកដំបូងនៃគណៈកម្មការផ្សះផ្សាកម្ពុជា-ថៃ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) នឹងប្រព្រឹត្តទៅពីថ្ងៃទី ១៤-១៦ ខែកញ្ញា ឆ្នាំ២០២៦ នៅប្រទេសសិង្ហបុរី។ជាកិច្ចប្រជុំ ដោយបើកផ្លូវថ្មីមួយតាមយន្តការច្បាប់អន្តរជាតិ ដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធីចំពោះការទាមទារតំបន់សមុទ្រត្រួតស៊ីគ្នាដ៏រ៉ាំរ៉ៃរវាងប្រទេសទាំងពីរ។
សូមបញ្ជាក់ថា ៖ គណៈកម្មការផ្សះផ្សាមានសមាជិក ៥ រូប ដឹកនាំដោយលោកស្រី Katrina Cooper នៃប្រទេសអូស្ត្រាលី ជាប្រធាន រួមជាមួយសមាជិកមកពីដាណឺម៉ាក បារាំង អាហ្វ្រិកខាងត្បូង និងអាល្លឺម៉ង់។ ដោយមានការយល់ព្រមពីភាគីទាំងពីរ PCA ដើរតួនាទីជា Registry សម្រាប់នីតិវិធីនេះ។
នីតិវិធីសម្រុះសម្រួលកម្ពុជា–ថៃ ក្រោម UNCLOS បានចូលដល់ដំណាក់កាលកិច្ចប្រជុំជាមួយភាគីទាំងពីរហើយ។ នេះជាយន្តការដោះស្រាយវិវាទដោយសន្តិវិធីតាមច្បាប់អន្តរជាតិ ដែលគណៈកម្មការអព្យាក្រឹតអាចស្តាប់ភាគីទាំងពីរ ពិនិត្យបញ្ហាផ្នែកច្បាប់ និងអង្គហេតុ ស្វែងរកចំណុចដែលអាចឯកភាពគ្នា និងដាក់សំណើ ឬអនុសាសន៍សម្រាប់ដំណោះស្រាយដោយសន្តិវិធី។
តាមផែនការ ក្រោយប្រជុំចប់ភាគីទាំងពីរនឹងធ្វើសេចក្តីថ្លែងការណ៍បើកនៅថ្ងៃទី ១៥ ខែកញ្ញា វេលាម៉ោង៨ព្រឹក ម៉ោងនៅកម្ពុជា ឬម៉ោង៩ព្រឹក ម៉ោងនៅសិង្ហបុរី។ កម្មវិធីនេះនឹងបើកជាសាធារណៈ និងផ្សាយផ្ទាល់ជាភាសាខ្មែរ អង់គ្លេស និងថៃ ហើយកិច្ចប្រជុំនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយទៀតនៅក្នុងដំណើរការដោយសន្តិវិធី ដែលផ្តួចផ្តើមដោយកម្ពុជា ដើម្បីដោះស្រាយភាពខុសគ្នាផ្នែកដែនសមុទ្ររវាងប្រទេសទាំងពីរ។នេះបើយោងតាមក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិកម្ពុជា ៕
ដោយ ៖ សិលា










