យ៉ាងហោចណាស់មានមនុស្ស ១៦នាក់បានស្លាប់បន្ទាប់ពីអគ្គីភ័យបានឆាបឆេះនៅមណ្ឌលថែទាំមនុស្សចាស់មួយកន្លែងនៅភាគខាងត្បូងប្រទេសឈីលីនៅយប់ថ្ងៃទី១២ ខែកញ្ញា។
យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក អគ្គីភ័យនេះបានកើតឡើងនៅមណ្ឌលថែទាំមនុស្សចាស់មួយកន្លែងក្នុងទីក្រុង Pitrufquén ប្រទេសឈីលី។ មានមនុស្ស ២៦នាក់នៅក្នុងមណ្ឌលនៅពេលអគ្គីភ័យកើតឡើង ប៉ុន្តែមានតែ ១០នាក់ប៉ុណ្ណោះដែលអាចរត់គេចខ្លួនបាន។
មន្ត្រីប៉ូលីសម្នាក់បាននិយាយថា “នៅម៉ោងប្រហែល ១០:៣០ យប់ថ្ងៃទី១២ ខែកញ្ញា អគ្គីភ័យបានឆាបឆេះ។ មានតែអ្នកស្រុក ១០នាក់ប៉ុណ្ណោះនៅក្នុងមណ្ឌលថែទាំមនុស្សចាស់ដែលអាចជម្លៀសចេញ។ យើងមានការសោកសៅយ៉ាងខ្លាំងក្នុងការប្រកាសពីការបាត់បង់មនុស្ស ១៦នាក់”។
យោងតាមរូបភាពដែលបានចែករំលែកនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម អណ្តាតភ្លើងដ៏ខ្លាំងក្លាបានឆាបឆេះមណ្ឌលថែទាំមនុស្សចាស់យ៉ាងឆាប់រហ័ស។ ក្រុមពន្លត់អគ្គីភ័យ និងក្រុមគ្រូពេទ្យ ក៏ដូចជាកងកម្លាំងមកពីតំបន់ជិតខាង បានទៅដល់កន្លែងកើតហេតុដើម្បីពន្លត់អគ្គីភ័យ ខណៈដែលអ្នករងរបួសត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។
អគ្គីភ័យនេះបានកើតឡើងត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីមានអគ្គីភ័យដ៏ធំមួយបានឆាបឆេះនៅសណ្ឋាគារជិះស្គីដ៏ពេញនិយមមួយកន្លែងនៅលើភ្នំ Pinto នៃប្រទេសឈីលី ដែលបង្ខំឱ្យមានការជម្លៀសមនុស្សប្រហែល 150 នាក់ជាបន្ទាន់។
ក្នុងចំណោមអ្នកដែលត្រូវបានជម្លៀសចេញនោះ មានក្រុមអ្នកជិះស្គីល្បឿនលឿនមកពីសហរដ្ឋអាមេរិក។ អត្តពលិកទាំងនេះបានបាត់បង់ទ្រព្យសម្បត្តិទាំងអស់របស់ពួកគេមុនពេលការប្រកួតដ៏សំខាន់មួយ៕

រូបថត: dantri









