សាកលវិទ្យាល័យនៅប្រទេសចិន និងសិង្ហបុរី គឺជាសាកលវិទ្យាល័យតែពីរប្រទេសក្នុងតំបន់អាស៊ី ដែលអាចឈរនៅចំណាត់ថ្នាក់លេខ១លើពិភពលោក ក្នុងមុខវិជ្ជា STEM ដោយកាន់កាប់ចំណាត់ថ្នាក់កំពូលចំនួន 25 ក្នុងចំណោម 47 មុខវិជ្ជា តាមចំណាត់ថ្នាក់មុខវិជ្ជាសិក្សាចុងក្រោយរបស់ U.S. News។
STEM គឺជាការអប់រំ និងការសិក្សាដែលផ្តោតលើ វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា ដើម្បីបង្កើតជំនាញក្នុងការគិតវិភាគ ដោះស្រាយបញ្ហា ស្រាវជ្រាវ និងបង្កើតបច្ចេកវិទ្យាថ្មីៗ។
ក្នុងចំណោមនេះ សាកលវិទ្យាល័យនៅចិនដីគោកមានភាពលេចធ្លោជាងគេ ដោយកាន់កាប់ចំណាត់ថ្នាក់លេខ១ចំនួន 23 មុខវិជ្ជា ខណៈសិង្ហបុរីកាន់កាប់ចំណាត់ថ្នាក់កំពូលចំនួន 2 មុខវិជ្ជា។
សាកលវិទ្យាល័យ Tsinghua គឺជាសាកលវិទ្យាល័យដែលមានសមិទ្ធផលលេចធ្លោបំផុតរបស់ចិន ដោយឈរនៅលេខ១លើពិភពលោកក្នុងមុខវិជ្ជាចំនួន 10 រួមមាន បញ្ញាសិប្បនិម្មិត (AI), វិទ្យាសាស្ត្រកុំព្យូទ័រ, វិស្វកម្ម, វិស្វកម្មអគ្គិសនី និងអេឡិចត្រូនិក និងវិទ្យាសាស្ត្រសម្ភារៈ។
សម្រាប់សិង្ហបុរី សាកលវិទ្យាល័យបច្ចេកវិទ្យា Nanyang (NTU) ឈរនៅលេខ១លើពិភពលោកក្នុងមុខវិជ្ជាវិស្វកម្មអគ្គិសនី និងអេឡិចត្រូនិក ខណៈ សាកលវិទ្យាល័យជាតិសិង្ហបុរី (NUS) ឈរនៅលេខ១ក្នុងមុខវិជ្ជាអុបទិក (Optics)។
សហរដ្ឋអាមេរិកនៅតែឈានមុខគេក្នុងមុខវិជ្ជា STEM ចំនួន 21 ដោយក្នុងនោះ សាកលវិទ្យាល័យ Harvard កាន់កាប់ចំណាត់ថ្នាក់លេខ១ចំនួន 16 មុខវិជ្ជា រួមមាន វេជ្ជសាស្ត្រព្យាបាលជំងឺមនុស្ស, ជំងឺមហារីក, ភាពស៊ាំវិទ្យា និងវិទ្យាសាស្ត្រប្រព័ន្ធប្រសាទ និងអាកប្បកិរិយា។
សាកលវិទ្យាល័យ Stanford ឈរនៅលេខ១ក្នុងវិស័យគណិតវិទ្យា ខណៈ Massachusetts Institute of Technology (MIT) ឈរនៅកំពូលក្នុងវិស័យរូបវិទ្យា។ ចំណែក California Institute of Technology (Caltech) ឈរនៅលេខ១ក្នុងវិស័យវិទ្យាសាស្ត្រអវកាស។
ចក្រភពអង់គ្លេសមានសាកលវិទ្យាល័យតែមួយគត់ដែលឈរនៅលេខ១ក្នុងមុខវិជ្ជា STEM គឺ សាកលវិទ្យាល័យ Oxford ដែលឈរនៅកំពូលក្នុងវិស័យជំងឺឆ្លង។
ចំណាត់ថ្នាក់សាកលវិទ្យាល័យតាមមុខវិជ្ជាសកលរបស់ U.S. News ដែលបានចេញផ្សាយកាលពីខែមិថុនា វាយតម្លៃសាកលវិទ្យាល័យតាមវិស័យសិក្សានីមួយៗ ជំនួសឱ្យការវាយតម្លៃតាមសមិទ្ធផលសរុបរបស់សាកលវិទ្យាល័យ។ ការវាយតម្លៃនេះគ្របដណ្តប់ស្ថាប័នអប់រំមកពីតំបន់ចំនួន 6 រួមមាន អាហ្វ្រិក អាស៊ី អូស្ត្រាលី/នូវែលសេឡង់ អឺរ៉ុប អាមេរិកឡាទីន និងអាមេរិកខាងជើង។
ចំណាត់ថ្នាក់នេះផ្អែកលើសមិទ្ធផលក្នុងការស្រាវជ្រាវវិទ្យាសាស្ត្រ និងកេរ្តិ៍ឈ្មោះផ្នែកសិក្សា ដោយប្រើសូចនាករដូចជា ចំនួនការបោះពុម្ពផ្សាយវិទ្យាសាស្ត្រ ចំនួនការដកស្រង់ឯកសារស្រាវជ្រាវ (citations) និងកិច្ចសហការស្រាវជ្រាវអន្តរជាតិ។
នៅក្នុង ចំណាត់ថ្នាក់សាកលវិទ្យាល័យសរុប សាកលវិទ្យាល័យ Harvard, MIT និង Stanford ឈរនៅចំណាត់ថ្នាក់កំពូលទាំង 3 បន្ទាប់មកគឺសាកលវិទ្យាល័យ Oxford និងសាកលវិទ្យាល័យ Cambridge។
សាកលវិទ្យាល័យ Tsinghua ឈរនៅ លេខ៦លើពិភពលោក ដែលធ្វើឱ្យវាក្លាយជាសាកលវិទ្យាល័យដែលមានចំណាត់ថ្នាក់ខ្ពស់បំផុតរបស់ចិន និងជាស្ថាប័នអប់រំតែមួយគត់នៅអាស៊ីដែលស្ថិតក្នុង Top 10 នៃចំណាត់ថ្នាក់សាកល។
សាកលវិទ្យាល័យជាតិសិង្ហបុរី (NUS) ឈរនៅ លេខ១៦លើពិភពលោក ខណៈសាកលវិទ្យាល័យ Nanyang Technological University (NTU) ឈរនៅ លេខ២៧៕










