កម្មករម្នាក់ធ្លាក់ពីលើបង្គោលអង់តែនកម្ពស់៣៥ម៉ែត្រស្លាប់យ៉ាងអាណោចអាធ័មនៅខណ្ឌដង្កោ

ចែករំលែក៖

ភ្នំពេញ÷ កម្មករម្នាក់ដែលបម្រើការងារផ្នែកដំឡើងបង្គោលអង់តែនទូរស័ព្ទរបស់ក្រុមហ៊ុន «Smart ស្មាត» បានជួបគ្រោះថ្នាក់ដ៏រន្ធត់ ដោយបានធ្លាក់ពីលើបង្គោលអង់តែនកម្ពស់ប្រមាណ ៣៥ម៉ែត្របណ្តាលឱ្យស្លាប់នៅនឹងកន្លែងកើតហេតុ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោងប្រមាណ ៣និង១០នាទីរសៀល ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ នៅចំណុចដីឡូត៍គ្មានលេខ ក្នុងភូមិសាក់សំពៅ សង្កាត់សាក់សំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

យោងតាមរបាយការណ៍របស់សមត្ថកិច្ច ជនរងគ្រោះឈ្មោះ ខាន់ វុទ្ធី ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរកម្មករ មានស្រុកកំណើតនៅភូមិជ្រោយដង ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

តាមការបំភ្លឺរបស់ឈ្មោះ ហ៊ង សេន ភេទប្រុស អាយុ២៨ ឆ្នាំ ដែលជាកម្មករធ្វើការជាមួយជនរងគ្រោះបានឱ្យដឹងថា នៅវេលាម៉ោងប្រមាណ៣រសៀល ខ្លួននិងជនរងគ្រោះបានឡើងទៅលើបង្គោលអង់តែនកម្ពស់ប្រមាណ ៣៥ម៉ែត្រ ដើម្បីដំឡើងដែកបន្ត។
លុះដល់វេលាម៉ោងប្រមាណ៣៖១០នាទីរសៀល ស្រាប់តែឮសំឡេងអ្វីមួយប៉ះនឹងដែកនៅខាងក្រោម។ ពេលក្រឡេកមើលចុះក្រោមក៏បានឃើញជនរងគ្រោះ ឈ្មោះ ខាន់ វុទ្ធី ធ្លាក់ចុះទៅដល់ដីបាត់ទៅហើយ ទើបបានរាយការណ៍ជូនសមត្ថកិច្ច។ បន្ទាប់ពីទទួលបានព័ត៌មាន អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធបានចុះទៅកាន់ទីតាំងកើតហេតុដើម្បីពិនិត្យ និងស្រាវជ្រាវតាមនីតិវិធី ។

តាមការពិនិត្យកន្លែងកើតហេតុ សាកសព ព័ត៌មានដែលប្រមូលបាននិងការបញ្ជាក់របស់វេជ្ជបណ្ឌិត ជាង រ៉េន គ្រូពេទ្យកោសល្យវិច័យតុលាការសាលាដំបូងរាជធានីភ្នំពេញបានបញ្ជាក់ថា  ជនរងគ្រោះបានស្លាប់ដោយសារការប៉ះទង្គិចក្បាលនិងរាងកាយយ៉ាងធ្ងន់ធ្ងរ ដែលបណ្តាលមកពីការធ្លាក់ពីលើបង្គោលអង់តែនកម្ពស់ប្រមាណ ៣៥ម៉ែត្រ។

ក្រោយបញ្ចប់ការពិនិត្យ សាកសពត្រូវបានសមត្ថកិច្ចប្រគល់ជូនប្អូនប្រុសរបស់ជនរងគ្រោះដើម្បីដឹកយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើតក្នុងខេត្តកណ្តាល៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print