សារព័ត៌មាន AFP បានផ្សាយថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃចន្ទ ទី១៤ ខែកញ្ញា ឆ្នាំ២០២៦ បាននិយាយថាអ៊ុយក្រែន និងរុស្ស៉ីបានយល់ព្រមមិនវាយប្រហារលើរោងចក្រថាមពលទៅវិញទៅមក មួយថ្ងៃបន្ទាប់ពីលោកបានរិះគន់ទីក្រុងកៀវជុំវិញការវាយប្រហារលើរោងចក្រចម្រាញ់ប្រេងរបស់រុស្ស៉ី។
លោក ត្រាំ បានគូសបញ្ជាក់ក្នុងការបង្ហោះមួយលើបណ្ដាញទំនាក់ទំនងសង្គម Truth Social ដូច្នេះថា «អ៊ុយក្រែនបានឯកភាពមិនវាយប្រហារដោយកំណត់គោលដៅលើថាមពលរុស្ស៉ី។ ចំណែករុស្ស៉ីក៏បានយល់ព្រមធ្វើដូចគ្នានេះដែរ»។ លោកបន្ថែមថាតម្លៃប្រេងម៉ាស៊ូតរបស់ពិភពលោកបានកើតឡើង មួយភាគធំបង្កឡើងដោយសង្រ្គាមរវាងរុស្ស៉ី និងអ៊ុយក្រែន មិនមែនដោយសារសង្រ្គាមអ៉ីរ៉ង់នោះទេ។
ការិយាល័យប្រធានាធិបតីអ៊ុយក្រែនបានដិសេធធ្វើការអត្ថាធិប្បាយ ហើយភ្លាមៗក៏មិនទាន់មានប្រតិកម្មអ្វីពីទីក្រុងមូស្គូនោះដែរ។ ការអះអាងរបស់លោក ត្រាំ កើតមានឡើងចំពេលតម្លៃប្រេងនៅតែបន្តឡើងថ្លៃនៅក្នុងរយៈពេល ៧ខែមកនេះនៃសង្រ្គាមអ៉ីរ៉ង់ ជាហេតុធ្វើឱ្យតម្លៃប្រេងឥន្ធនៈនៅសហរដ្ឋអាមេរិកក៏ឡើងថ្លៃដូចគ្នា ព្រមទាំងអតិផរណា ខណៈសហរដ្ឋអាមេរិកនឹងត្រូវរៀបចំការបោះឆ្នោតពាក់កណ្ដាលអាណត្តិនៅខែវិច្ឆិកាខាងមុខ។
លោក ត្រាំ បានទទូចម្ដងហើយម្ដងទៀតថាសង្រ្គាមអ៉ីរ៉ង់នឹងបិទបញ្ចប់ភ្លាមៗ នៅក្រោយការបោះឆ្នោតពាក់កណ្ដាលអាណត្តិ ហើយតម្លៃឧស្ម័ន និងឥន្ធនៈនឹងធ្លាក់ចុះ។ កាលពីសប្ដាហ៍មុន លោក ត្រាំ ក៏បានលើកឡើងផងដែរពីកិច្ចសន្ទនាដ៏អស្ចារ្យជាមួយប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន ដោយទទូចថាលោក ពូទីន ចង់ចុះកិច្ចព្រមព្រៀងមួយដើម្បីបិទបញ្ចប់សង្រ្គាមរបស់ទីក្រុងមូស្គូប្រឆាំងនឹងអ៊ុយក្រែន។
ព្រមពេលជាមួយគ្នា លោក ហ្សេលេនស្គីបាននិយាយថារូបលោកចង់ជួបលោក ពូទីន នៅឯកិច្ចប្រជុំកំពូល G20 ក្នុងទីក្រុង Miami សហរដ្ឋអាមេរិក នៅខែធ្នូខាងមុខ។ ប៉ុន្តែភ្លាមៗវិមានក្រឹមឡាំងបានចេញមុខច្រានចោល ហើយបញ្ជាក់ថាកិច្ចប្រជុំបែបនេះអាចប្រព្រឹត្តទៅបានលុះត្រាតែរៀបចំនៅលើទឹកដីរុស្ស៉ី៕

រូបថត: Reuters









